មនុស្សជាង ៩០នាក់ ស្លាប់ និងរបួស ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី ១២ មករា

 ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្ស ចំនួនជាង ៩០នាក់ បានស្លាប់បាត់បង់ជីវិត និងរងរបួសធ្ងន់ ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ។

យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ក្នុងថ្ងៃទី១២ ខែមករា កើតឡើងចំនួន ១០លើក បណ្តាលឲ្យស្លាប់មនុស្ស ១១នាក់, របួសធ្ងន់ ២១នាក់ និងរបួសស្រាល ៥៩នាក់។ បណ្តាលឲ្យខូចខាតម៉ូតូចំនួន ១០គ្រឿង, រថយន្តធុនតូច ៤គ្រឿង, រថយន្តធុនធំ ១គ្រឿង និងយានផ្សេងៗ ៣គ្រឿង។

មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ គឺមកពីបើកបរល្បឿនលឿនចំនួន ៤លើក, ប្រជែងគ្រោះថ្នាក់ ៣លើក, ស្រវឹង ១លើក, មិនគោរពសិទ្ធិ ១លើក និងមិនប្រកាន់ស្តាំ ១លើក។ ខេត្តដែលមានគ្រោះថ្នាក់ និងរបួសច្រើន គឺខេត្តកំពង់ស្ពឺ កើតឡើង ២លើក, ស្ទឹងត្រែង ២លើក, រាជធានីភ្នំពេញ ១លើក, កណ្តាល ១លើក, បាត់ដំបង ១លើក, សៀមរាប ១លើក និងព្រះវិហារ ១លើក។

លទ្ធផលត្រួតពិនិត្យ អនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងថ្ងៃទី១២ ខែមករា សមត្ថកិច្ចចាប់បានយានយន្ត បើកបរល្មើសច្បាប់បានចំនួន ៧៧.៩១៧គ្រឿង (ម៉ូតូ ៥៧ភាគរយ), ធ្វើការអប់រំ ៣៦.៣៣០គ្រឿង ស្មើនឹង ៥២ភាគរយ និងធ្វើការផាកពិន័យ បានចំនួន ៣២.៤២៦គ្រឿង (បង់ប្រាក់ ៧៧ភាគរយ)។

សូមបញ្ជាក់ថា កាលពីម៉ោង ០៦៖៤៥នាទី ព្រឹកថ្ងៃទី១២ ខែមករា នេះ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅខេត្តកំពង់ស្ពឺ បានបណ្តាលឲ្យកម្មកររោងចក្រចំនួន ៥នាក់ ស្លាប់បាត់បង់ជីវិត និង៦៨នាក់ បានរងរបួសធ្ងន់-ស្រាល៕