ចាន់ វឌ្ឍនាកា មិន​ទាន់​ចាប់​អារម្មណ៍​លើ​ការ​ថត​កុន​ដូច ​ប្រាក់ មុន្នីឧត្តម

​​ខ្សែ​ប្រយុទ្ធ​ដ៏​មាន​ទេព​កោសល្យ​របស់​ក្លិប​បឹង​កេតអង្គរ ចាន់ វឌ្ឍនាកា ​ហាក់​មិន​ទាន់​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ការថត​ខ្សែ​ភាព​យន្ត(កុន) ដូច​ខ្សែ​ប្រយុទ្ធ​របស់​ក្លិបស្វាយ​រៀង ប្រាក់ មុន្នីឧត្តម ដែល​បាន​ប្រឡោក​ទាំង​ការ​ថត​កុន និង​ថតស្ពន​ពាណិជ្ជកម្ម​នោះ​ទេ។

kh-002ចាន់ វឌ្ឍនាកា ត្រូវ​បាន​អ្នក​កាសែត​ចោទ​សួរ​ពី​រឿង​ថត​កុន​នេះ បន្ទាប់​ពី​រូប​គេ​​បាន​ចុះ​កុងត្រា​ធ្វើ​ជា​ទូតសុច្ឆន្ទៈ​​១​ឆ្នាំ​ពេញ​​ជាមួយ​ក្រុម​ហ៊ុន​ទូរសព្ទ South East Asia Telecom(SEATEL) កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​ការ​ចុះ​កុង​ត្រា​នេះ វឌ្ឍនាកា បាន​ទទួល​​ប្រាក់​ឈ្នួល​​ជាង​២៥០០០​ដុល្លារ ហើយ​រូប​គេ និង​លោក បែ មករា អ្នក​ចាត់​ការ​ទូ​ទៅ​ក្រុម​បឹង​កេត ក៏​​ទទួល​​ទូរសព្ទថ្មី​សន្លាង​ម៉ាក 4G Samsung S6 Edge ម្នាក់​១​គ្រឿង ដើម្បី​ទទួល​បាន​នូវបទ​ពិសោធ​ថ្មីពី​សេវា​បណ្តាញ 4G VoLTE ១០០​ភាគ​រយ​ពេញ១​ឆ្នាំ ផង​ដែរ។
ដោយ​ភ្ជាប់​ជាមួយនឹងភាពល្បី​ល្បាញ​លើ​​​ការ​ថត​កុន​របស់​កីឡាករ ប្រាក់ មុន្នីឧត្តម អ្នក​កាសែត​បាន​សួរ​ទៅ ចាន់ វឌ្ឍនាកា ថា ក្នុង​នាម​ជា​​ជា​កីឡាករ​ល្បី​មួយ​រូប​ តើ ចាន់ វឌ្ឍនាកា ឯង​មាន​គម្រោង​ចង់​ថត​កុនឲ្យ​​កាន់​តែ​ល្បី​ឈ្មោះ​ដូច ប្រាក់ មុន្នីឧត្តម ​ឬទេ? ជាមួយ​សំនួរ​នេះ ចាន់ វឌ្ឍនាកា បាន​ឆ្លើយ​តម​ដោយ​គ្មាន​ស្ទាក់​ស្ទើរ​ថា៖​«​ដោយ​សារ​ខ្ញុំ​គ្មាន​ពេលវេលា​ច្រើន ដូច្នេះ​នៅ​ពេល​នេះ​ខ្ញុំ​ផ្តោតតែ​​លើ​ការ​លេង​បាល់​មួយ​មុខ​ទេ»។

kh-001
ម្ចាស់​ស្បែក​ជើង​មាស​ទាំង​ក្រប​ខ័ណ្ឌ​មិត្ត​ខេម​បូឌាន​លីក ឆ្នាំ​២០១៥ និង​ពាន​រង្វាន់​សម្តេច​ហ៊ុន​សែន និង​ជា​កីឡាករ​ល្អ​ប្រចាំ​ព្រឹត្តិការណ៍ Toyota Mekong Club Championship 2015 ចាន់ វឌ្ឍនាកា បាន​បញ្ជាក់​​ថា៖​«ខ្ញុំ​នឹង​ខិតខំ​ព្យាយាមពង្រឹង​បច្ចេក​ទេស​លេងឲ្យ​បាន​ខ្លាំង​​ជាង​ឆ្នាំ​ចាស់ ដើម្បី​ទទួល​បាន​ជោគ​ជ័យ​បន្ថែម​ទៀត»៕