បុគ្គលិក​2​ក្រុមហ៊ុន​តវ៉ា​មុខ​សាលាដំបូង​លេងសម្ដី​ខ្លាំង​ៗ សម្ដែង​នូវ​កំហឹង​រឿង​សាលាដំបូង​ចេញ​ដីការ​រក្សា​ការពារ

បុគ្គលិក​2​ក្រុមហ៊ុន​តវ៉ា​មុខ​សាលាដំបូង​លេងសម្ដី​ខ្លាំង​ៗ សម្ដែង​នូវ​កំហឹង​រឿង​សាលាដំបូង​ចេញ​ដីការ​រក្សា​ការពារ

ខេត្តសៀមរាប ៖  ក្រុម​បុគ្គលិក​សណ្ឋាគារ​វិច​តូ​រី​យ៉ា​អង្គរ និង​បុគ្គលិក​ក្រុមហ៊ុន​ស្នាមញញឹម​អង្គរ ប្រមាណ​ជាង​២០០​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ថ្ងៃ​ទី​១១ មក​រា ប្រដាប់​ដោយ​បដា​ច្រើន​ផ្ទាំង​មក​តវ៉ា​មុខ​សាលាដំបូង​ខេត្ដ ដើម្បី​ឱ្យ​ទម្លាក់​ចោល​នូវ​ដីកា​រក្សា​ការពារ ឱ្យ​ក្រុមហ៊ុន​សណ្ឋាគារ​វិច​តូ​រី​យ៉ា​អង្គរ និង​ក្រុមហ៊ុន​ស្នាមញញឹម​អង្គរ ដោយ​លើក​ឡើង​ថា ការ​សម្រេច​នេះ​ប៉ះពាល់​ដល់​ការ​តវ៉ា ដើម្បី​អត្ថប្រយោជន៍​កម្មករ ដែល​ត្រូវ​បាន​អ្នកគ្រប់គ្រង​ដេញ​ចេញ ដោយ​គ្មាន​មូលហេតុ​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​៦ មក​រា​សាលាដំបូង​ខេត្ដសៀមរាប បាន​ចេញ​ដីកា​រក្សា​ការពារ​ឱ្យ​ក្រុមហ៊ុន​ទាំង​ពីរ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ទទួលយក​អតីត​បុគ្គលិក​ចូល​ធ្វើការ​វិញ តាំងពី​ខែធ្នូ ឆ្នាំ​២០១៥ កន្លង​មក ។

ក្រុម​អ្នក​តវ៉ា​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​មុខ​សាលាដំបូង ហើយ​បាតុករ​បាន​ស្រែក​តាម​ឧបករណ៍​បំពង​សម្លេង ទាមទារ​ឱ្យ​ស្ថាប័ន​យុត្ដិធម៌​មួយ​នេះ លុប​ចោល​ដីកា​រក្សា​ការពារ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​របស់​ជនបរទេស​ទាំង​ពីរ​នោះ និង​ផ្ដល់​យុត្ដិធម៌​ដល់​ពួក​គេ​វិញ ។ ក្រុម​អ្នក​តវ៉ា បាន​ដាក់​បណ្ដាសា​ដល់​តុលាការ​ដោយ​ចោទ​ថា លំអៀង​ទៅ​លើ​អ្នកមាន​លុយ និង​អ្នកមាន​អំណាច ចំពោះ​ពួក​គេ​ជា​កម្មករ​រក​ព្រឹក​ខ្វះ​ល្ងាច មិន​ដែល​ឃើញ​ស្ថាប័ន​តុលាការ​មួយ​នេះ​ជួយ​រក​យុត្តិធម៌​ឱ្យ​ម្តងណា​ទេ ប្រសិនបើ​គ្មាន​លុយ​សូក ។

ក្រុម​អ្នក​តវ៉ា​បន្ត​ទៀត​ថា ពួក​ខ្ញុំ​នឹង​ដាក់​បណ្ដាសា បើសិន​តុលាការ​ខេត្ដសៀមរាប​នៅ​តែ​ទៅ​យក​លុយ​ពី​ថៅកែ​បារាំង និង​ថៅកែ​ចិន ខ្ញុំ​នឹង​ដាក់​បណ្ដាសា​ឱ្យ​វិនាស​សន្តិ រស់​ដោយ​វេទនា​បំផុត​ជាង​កម្មករ​ទៅ​ទៀត ។
ជុំវិញ​ករណី​ខាងលើ​នេះ អ្នកស្រី ចាន់ សុ​ជាតិ ប្រធាន​សហជីព និង​ជា​បុគ្គលិក​នៅ​សណ្ឋាគារ​វិច​តូ​រី​យ៉ា​អង្គរ​បាន​ប្រាប់​ថា ការ​ចេញ​ដីកា​រក្សា​ការពារ​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​បាតុកម្ម ខណៈ​ដែល​ពួក​គាត់​បាន​ធ្វើ​បាតុកម្ម​ជា​ច្រើន​ថ្ងៃ​នៅ​មុខ​សណ្ឋាគា​រវិ​តូ​រី​យ៉ា​អង្គរ និង​ក្រុមហ៊ុន​ស្នាមញញឹម​អង្គរ ដើម្បី​ទាមទារ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ទាំង​២​ទទួលយក​អតីត​បុគ្គលិក​ចូល​ធ្វើការ​វិញ ប៉ុន្ដែ​គ្មាន​ដំណោះស្រាយ​សោះ ។ អ្នកស្រី​បន្ដ​ថា ចំពោះ​ការ​ចេញ​ដីកា​របស់​តុលាការ វា​អត់​សម​ស្រប​ទៅ​តាម​ច្បាប់រដ្ឋធម្មនុញ្ញ​ស្ដី​ពី​ការងារ​នៅ​ស្រុក​ខ្មែរ អនុសញ្ញា និង​សេចក្ដី​ប្រកាស​ផ្សេង​ៗ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ត្រូវ​អនុវត្ដ​នៅ​កម្ពុជា ។  ពួក​យើង​សូម​ស្នើ​ឱ្យ​តុលាការ រំលាយ​ដីកា​រក្សា​ការពារ​នេះ​ចេញ ដើម្បី​ឱ្យ​ពួក​គាត់​មាន​សិទ្ធិ​នូវ​អ្វី​ដែល​ពួក​គាត់​គួរ​ធ្វើ​បាន ។

ករណី​នេះ​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជ  អាជ្ញា​នៃ​សាលាដំបូង​ខេត្ដសៀមរាប​បាន​មាន​ប្រសាសន៍​ថា ការ​ចេញ​ដីកា​សម្រេច​ការពារ​នេះ គឺជា​សិទ្ធិ​របស់​តុលាការ ប៉ុន្ដែ​លោក​ថា ក្រុម​អ្នក​តវ៉ា​ទាំងនោះ ត្រូវ​បំពេញ​នីតិវិធី​តាម​ច្បាប់ ដើម្បី​មាន​សិទ្ធិ​ប្ដឹង​ជំទាស់ ទៅ​លើ​ដីកា​សម្រេច​នេះ ។ លោក​បន្ត​ទៀត​ថា លោក​បាន​សម្របសម្រួល​ពួក​គាត់​ឱ្យ​បំពេញ​នីតិវិធី​តាម​តុលាការ​ទៅ ចៀសវាង​កុំ​យក​ការ​តវ៉ា​មក​គាប​សង្កាត់ ឬ​ក៏​ធ្វើ​យ៉ាងណា​នោះ​ទេ ព្រោះ​តុលាការ​បាន​បំពេញ​ទៅ​តាម​និ​តិ​វិធី​ច្បាប់ ។ បើ​ចង់ឱ្យ​ប្ដឹង​តវ៉ា ប្ដឹង​អី​ក៏​ប្តឹង​ទៅ អត់​ត្រូវ​មក​ស្រែក​ឡូឡា​អ​ញ្ចឹ​ង​ទេ បើ​ឡូឡា​អ​ញ្ចឹ​ង​បាន​ន័យ​ថា ពួក​គាត់​នាំ​គ្នា​គាបសង្កត់​តុលាការ​ហើយ ។

ចំណែក លោក ម៉​ម រិ​ទ្ធី ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជក​វិស័យ​ទេសចរណ៍​សេវា​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ការ​ចេញ​ដីកា​រក្សា​ការពារ​ឱ្យ​និ​យោ​ជិ​ក​នេះ​លោក​ថា រំលោភ​ទៅ​លើ​ច្បាប់​ការងារ​នៅ​កម្ពុជា និង​ច្បាប់​ធ្វើ​បាតុកម្ម ។ លោក​បន្ត​ថា ការ​ចេញ​ច្បាប់​ហាមឃាត់​តវ៉ា​នេះ ជា​ឱកាស​មួយ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ជិះជាន់​លើ​កម្លាំង​កម្មករ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ពួក​គេ​ផង​ដែរ ។ លោក​ជំរុញ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ដីការ​នោះ​វិញ ដើម្បី​ផ្ដល់​ភាព​យុត្ដិធម៌​ដល់​កម្មករ ។

លោក​បន្ថែម​ទៀត​ថា ដីកា​នេះ​ធ្វើ​ឱ្យ​បាត់បង់​សិទ្ធិ​សេរីភាព​ធ្វើ​កូដកម្ម ហើយ​ធ្វើ​ឱ្យ​ថៅកែ​មានឱកាស​រំលោភសិទ្ធិ និង​បញ្ឈប់​កម្មករ​បន្ដ​ទៀត ព្រោះ​ឃើញ​ថា កម្មករ​ជា​ទូទៅ​គឺ​មាន​តែ​សិទ្ធិ​សេរីភាព​ធ្វើ​កូដកម្ម​ហ្នឹងហើយ​ដែល​អាច​ជុំរុញ​ឱ្យ​និយោជក់​ហ្នឹង​អនុវត្ដ​ច្បាប់ ឬ​ក៏​ទទួល​ឱ្យ​ពួក​គាត់​ចូល​ធ្វើការ​វិញ ។ ប៉ុន្ដែ​បើ​អត់​មាន​កូដកម្ម​ទេ​គឺ​កន្លង​មក​គ្មាន​ន័យ​អី​ទេ គឺ​ថៅកែ​មានឱកាស​នឹង​ធ្វើ​វិធីសាស្ដ្រ​គ្រប់​បែប​យ៉ាង​រំលាយ​ឆន្ទៈ និង​រំលាយ​នូវ​ការងារ​របស់​កម្មករ ។

គួរ​រំលឹក​ថា ក្រុម​បុគ្គលិក​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​សណ្ឋាគារ​វិច​តូ​រី​យ៉ា​អង្គរ និង​ស្នាមញញឹម​អង្គរ ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ទទួលយក​កម្មករ​ចូល​ធ្វើការ​វិញ តាំងពី​ចុងឆ្នាំ​២០១៥​មក​ម្លេះ ប៉ុន្ដែ​ពេល​នេះ​ត្រូវ​បាន​តុលាការ​ខេត្ដសៀមរាប​ចេញ​ដីកា​រក្សា​ការពារ​ចំពោះ​វិវាទ​តវ៉ា​នេះ ៕