បុរស​ល្មោភកាម ចាប់រំលោភ​ប្អូនថ្លៃ​អាយុ​ ១៧ ​ឆ្នាំ​

​បុរស​កំហូច​ម្នាក់ មានកូន​រហូតដល់​ ៥ ​នាក់​ទៅហើយ នៅតែ​ល្មោភកាម ហើយ​បាន​ចាប់រំលោភ​ប្អូនថ្លៃ​ជីដូនមួយ​ខ្លួនឯង​អាយុ​ ១៧​ ឆ្នាំ ដែលមាន​សតិ​មិនល្អ​រហូត​បានសំរេច តែ​ត្រូវ​ម្តាយ​នារី​រងគ្រោះ​ប្តឹង​អោយ សមត្ថកិច្ច​ចាប់ខ្លួន ។​ ហេតុការណ៍​រំលោភ​នេះ​បាន​កើតឡើង​តាំងពី យប់ ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ទន្លេ​ក្រៅ ឃុំ​ជលសារ ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង រហូតដល់​ថ្ងៃទី​១០ ខែ​មករា ទើប​ម្តាយ​នារី​រងគ្រោះ​ប្តឹង​សមត្ថកិច្ច​។​

លោក ស្រី សុ​ដា នាយរង​ការិយាល័យ​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​កំរិតធ្ងន់​ខេត្ត បាន​អោយដឹងថា ជនល្មើស​មានឈ្មោះ ប៉ុន ឃៀង អាយុ ​៣៣​ ឆ្នាំ មាន​ប្រពន្ធ និង មានកូនរហូត ​៥ ​នាក់​រស់នៅ​ក្នុងភូមិ​ទន្លេ​ក្រៅ ឃុំ​ជលសារ ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​។​ចំណែក​នារី​រងគ្រោះ ឈ្មោះ ស រ ថ អាយុ​ ១៧​ ឆ្នាំ មាន​សតិ​មិនល្អ​និយាយ​តា​ឡាន់​មិន​ច្បាស់ ត្រូវជា​ប្អូនថ្លៃ​ជីដូនមួយ ​និង​គ្នា​ ។​ មុនពេល​កើតហេតុ នារី​រងគ្រោះ​បាន​ដើរ​មកពី​ផ្ទះ មក​ដេក​លើ​អង្រឹង​មើល​ទូរទស្សន៍​នៅក្រោម​ផ្ទះ​ម្តាយមីង ដែល​ត្រូវជា​ម្តាយ ក្មេក​របស់​​ជនល្មើស​។​

​នៅពេលនោះ ជនល្មើស​បាន​បបួល​នាង​ដើរទៅ​រោង​ឆ្អើរត្រី​នៅក្រោយ​ផ្ទះ ហើយក៏​បាន​ចាប់​នាង​ខ្ទប់មាត់ ហើយ​រំលោភ​រហូត​បានសំរេច​។ ពេល​បាត់​នាង​យូរ ម្តាយ​របស់​នាង​បាន​តាមរក ឃើញ​នាង​ដេក​យំ ក៏បាន​សួរនាំ​នាង ជាច្រើនលើក​ច្រើនសារ ទើប​នាង​ប្រាប់​ពី​រឿងហេតុ ដែល​បងថ្លៃ​ចាប់រំលោភ​។​

រហូតដល់​ថ្ងៃទី​១១ ខែមករា​ឆ្នាំ​២០១៦​នេះ ទើប សមត្ថកិច្ច​មូលដ្ឋាន នគរបាល​ស្រុក​ជល​គី​រី ចាប់ខ្លួន​ជនល្មើស​បាន ហើយ​បញ្ជូនទៅ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​​ធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្ត​៕​ សុថា​ត់​