បឹង​កេត បញ្ជាក់​គ្មាន​​កីឡាករ​ចាកចេញ​ទៀត​ទេ មាន​តែ​ចូល​ថែម

បឹង​កេត បញ្ជាក់​គ្មាន​​កីឡាករ​ចាកចេញ​ទៀត​ទេ មាន​តែ​ចូល​ថែម

លោក បែ មករា ​អ្នក​ចាត់ការ​ទូទៅ​ក្រុម​បឹង​កេត​អង្គរ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា សមាជិក​ក្រុម​ទាំង​អស់​នឹង​មិន​មាន​ការ​ប្រែប្រួល ចាកចេញ​ទៅ​ណា​ទៀត​ទេ ពោល​គឺ​មាន​តែ សុខ ផេង ​ម្នាក់​គត់​ដែល​អស់​កុងត្រា​ជាមួយ​ក្លឹប​ហើយ​ទៅ​ចូល​រួម​ជាមួយ​ណាហ្គាវើល។

 

បឹង​កេត បញ្ជាក់​គ្មាន​​កីឡាករ​ចាកចេញ​ទៀត​ទេ មាន​តែ​ចូល​ថែមលោក បែ មករា

 

ខ្សែ​ប្រយុទ្ធ ​សុខ ផេង ​បាន​ចូលរួម​ជាមួយក្រុម​​ ណាហ្គាវើល ​ក្នុង​រដូវ​កាល​២០១៦​នេះ​ បន្ទាប់​ពី​ចំណាយ​ពេល​៣​រដូវ​កាល​ជាមួយ ​ក្រុម​បឹងកេត​អង្គរ។ ក្រោយ​ការ​ចាកចេញ​របស់​កីឡាករ​រូបនេះ​ដែរ លោក បែ មករា ​បាន​បង្ហាញ​គោលដៅ​ត្រៀម​រដូវ​កាល​ថ្មី​ថា​៖ “២០១៦​ជា​រដូវ​កាល​ស្វិតស្វាញ​ ត្រូវ​ប្រឹង​តាំង​ពី​ប្រកួត​ដំបូង​ទៅ។ យើង​អត់​មាន​នរណា​ចាកចេញ​ទៀត​ទេ ក្រៅ​ពី ផេង ។ សមាជិក​សំខាន់​ៗ​ក្នុង​ក្រុម​ទាំង​អស់​នឹង​រក្សា​ដដែល ​ហើយ​យើង​ក៏​កំពុង​ទាក់ទង​ទិញ​យក​កីឡាករ​ក្នុង​ និង​ក្រៅ​ស្រុក​បន្ថែម​ផង​ដែរ”។

 

តាម​រយៈ​ការ​បញ្ជាក់​នេះ សូម្បី​តែ​ខ្សែ​បម្រើ​ប្រយុទ្ធ​មុត​ស្រួច ចាន់ វឌ្ឍនាកា ក៏​មិន​​អាច​ទៅ​ណា​បាន​ដែរ​សម្រាប់​រដូវ​កាល​២០១៦​នេះ​ ខណៈ​កាល​ពី​ចុង​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ម្ចាស់​ស្បែក​ជើង​មាស​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា ក្លឹប​នៅ​ជប៉ុន​ចង់​បាន។

 

គិត​ត្រឹម​បច្ចុប្បន្ន​នេះ បឹង​កេត បាន​ចុះ​កុងត្រា​រយៈ​ពេល​១​ឆ្នាំ​ជាមួយ​កីឡាករ​ម្នាក់​របស់​ក្លឹប​ស៊ីម៉ាក់​ឈ្មោះ​ថា សេង កុសែន​ ហើយ​ក៏​កំពុង​មើល​ជើង​កីឡាករ​បៀលប្រាយ​មួយ​ចំនួន​ទៀត​ផង​ដែរ​ដើម្បី​មក​ពង្រឹង​ក្រុម​។ ខណៈ​ដែល​កីឡាករ​បរទេស​វិញ លោក បែ មករា កំពុង​មើល​នៅ​លីគ​តាម​ប្រទេស​​ក្បែរ​ខាង​កម្ពុជា​នេះ៕

 

អត្ថបទ៖ មុន្នី រម្យ