អេ ភូថង ​ប្រាប់​របៀប​សម្រក​ទម្ងន់​កីឡាករ​ប្រដាល់​ដែល​មាន​ប្រសិទ្ធភាព​

អេ ភូថង ​ប្រាប់​របៀប​សម្រក​ទម្ងន់​កីឡាករ​ប្រដាល់​ដែល​មាន​ប្រសិទ្ធភាព​

​​អតីត​អ្នក​ប្រដាល់​​ល្បី​ឈ្មោះ​ប្រចាំ​នៅ​កម្ពុជា​​លោក អេ ភូថង ​ថា​កីឡាករ​ប្រដាល់​​មាន​របៀប​សម្រក​ទម្ងន់​​ប្រហាក់​ប្រហែល​គ្នា​​ ប៉ុន្តែ​កីឡាករ​ទាំង​អស់​​ត្រូវ​ដឹង​ថា​ ​ការ​សម្រក​របៀប​ណា​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព។

 

អេ ភូថង ​ប្រាប់​របៀប​សម្រក​ទម្ងន់​កីឡាករ​ប្រដាល់​ដែល​មាន​ប្រសិទ្ធភាព​លោក អេ ភូថង

 

លោក អេ ភូថង បាន​ឲ្យ​ដឹង​ថា ​កីឡាករ​ប្រដាល់​ម្នាក់​អាច​សម្រក​ទម្ងន់​បាន​ប្រមាណ​ពី ៣​ទៅ ៤​គីឡូក្រាម​ក្នុង​មួយ​សប្ដាហ៍។ ​ទន្ទឹម​នឹង​នោះ​ពួក​គេ​ត្រូវ​អនុវត្តន៍​​​តាម​របៀប​ដូច​ជា បន្ថយ​បាយ​ពាក់​កណ្ដាល​ក្នុង​​មួយ​​ថ្ងៃ ​ពាក់​អាវភ្លៀង ​ឬអាវ​សម្រក​ទម្ងន់​រត់​​កណ្ដាល​ថ្ងៃ​ត្រង់ ក្រៅ​នោះ​​ហ្វឹកហាត់​​​តាម​ទម្លាប់​ធម្មតា​​ ​និង​ដេក​ឲ្យ​បាន​គ្រប់​គ្រាន់។

 

អតីត​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​រូប​នេះ​​បញ្ជាក់​ថា ​​ការ​​ទទួល​ទាន​អាហារ​ត្រូវ​កាត់​បន្ថយ​បរិមាណ​ ប៉ុន្តែ​​​បរិភោគ​​អាហារ​ណា​ដែល​មាន​សារជាតិ​​ប៉ូវ​ ដើម្បី​​​​កុំ​ឲ្យ​កម្លាំង​បាត់​បង់​នៅ​ពេល​ប្រកួត​លើ​សង្វៀន​ក្រោយ​​ពេល​សម្រក​ទម្ងន់​​។ តាម​ធម្មតា​កីឡាករ​អាច​សម្រក​​មួយ​គីឡូក្រាម ​សម្រាប់​ថ្ងៃ​ទី១ ​ដោយ​អនុវត្តន៍​តាម​របៀប​ខាង​លើ បន្ទាប់​មក​​រក្សា​​ទម្ងន់​នោះ​ឲ្យ​នៅ​ថេរ​​​រយៈ​ពេល ១​ថ្ងៃ​សិន​ ​​​ដល់​ថ្ងៃ​ទី ៣​​ចាប់​ផ្ដើម​បន្ថយ​ទៀត​ ​ធ្វើ​បែប​នេះ​រហូត​ដល់​ចំនួន​គីឡូ​ដែល​​ពួក​គេ​ចង់​បាន៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​