របស់​សាមញ្ញ​ៗ ៣ យ៉ាង​មិន​គួរ​ទុក​ចោល​នៅ​ក្នុង​រថយន្ត

របស់​សាមញ្ញ​ៗ ៣ យ៉ាង​មិន​គួរ​ទុក​ចោល​នៅ​ក្នុង​រថយន្ត

ជា​ធម្មតា​មាន​របស់​របរ​ជា​ច្រើន​ដែល​ប្រិយមិត្ត​និយម​ទុក​ក្នុង​រថយន្ត​ចោល​ដោយ​មិន​បាន​ចាប់​អារម្មណ៍​លើ​សុវត្ថិភាព​ឬ​គុណភាព​របស់​ទាំង​នោះ​ទេ ដែល​របស់​សាមញ្ញ​នោះ​គ្មាន​អ្វី​ក្រៅ​ពី ដប​ទឹក​បរិសុទ្ធ ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស៍ និង​ម្ហូប​អាហារ​ខ្ចប់​នោះ​ទេ។
អីចឹង! តើ​របស់​ទាំង​ ៣ យ៉ាង​នេះ​គ្មាន​សុវត្ថិភាព​កម្រិត​ណា​ពេល​ទុក​ចោល​ក្នុង​រថយន្ត?

 

របស់​សាមញ្ញ​ៗ ៣ យ៉ាង​មិន​គួរ​ទុក​ចោល​នៅ​ក្នុង​រថយន្ត

 

១) ដប​ទឹក​បរិសុទ្ធ

 

លោក គង់ សុ​ជា ប្រធាន​ផ្នែក​សេវាកម្ម​ជួសជុល​រថយន្ត​របស់​ក្រុមហ៊ុន​តូយ៉ូតា​បាន​ពន្យល់​ប្រាប់​ពី​មូលហេតុ​ដែល​មិន​គួរ​ទុក​ចោល​ដប​ទឹក​បរិសុទ្ធ​ក្នុង​រថយន្ត ព្រោះ​ទឹក​ដែល​ទុក​ចោល​យូរ​ក្នុង​រថយន្ត​​ងាយ​រង​កម្ដៅ ដោយ​វា​បាន​​ទៅ​បំបែក​សារធាតុ​គីមី​នៅ​ក្នុង​ទឹក​​អាច​​បង្ក​​ជា​​បញ្ហា​និង​នាំ​ផល​ ប៉ះពាល់​នៅ​ពេល​ទទួល​ទាន ដូច្នេះ​​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​និង​កុំ​ផឹក​ទឹក​ដប​ដែល​ទុក​ចោល​នៅ​ក្នុង​រថយន្ត។

 

យ៉ាងណា​លោក​មិន​បដិសេធ​ថា អ្នក​បើកបរ​មិន​គួរ​ដាក់​ទឹក​តាម​ឡាន​ដើម្បី​ងាយស្រួល​ក្នុង​ការ​ទទួល​ទាន​ អាស្រ័យ​តាម​កាលៈទេសៈ​និង​តម្រូវការ​ជាក់ស្ដែង​។ ប៉ុន្តែ​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​​នាំ​ផល​ប៉ះពាល់​តិចតួច​បំផុត​ពី​ការ​ទទួល​ទាន​ទឹក​ទាំង​​នោះ​។

 

២) ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស៍

 

លោក ឡេង អេងហ៊ាង អ្នក​គ្រប់គ្រង​ផ្នែក​លក់​របស់​ក្រុមហ៊ុន Mazda បាន​ប្រាប់​ពី​កម្រិត​សុវត្ថិភាព​របស់​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស៍​ពេល​ទុក​ចោល​ក្នុង​រថយន្ត​ថា ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស៍​ងាយ​រង​សីតុណ្ហភាព​ក្នុង​រថយន្ត​ណាស់ ព្រោះ​កាលណា​យើង​បិទ​កញ្ចក់​ជិត កម្ដៅ​ក្នុង​រថយន្ត​ចាប់​ផ្ដើម​កើន​ឡើង ដែល​នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ភេសជ្ជៈ​ខូច​គុណភាព ដោយ​សារ​សារធាតុ​ម៉ុង​តុលបាន​បំបែក​ ។ ជាក់​ស្ដែង តាម​បទពិសោធន៍​លោក​បាន​ឲ្យ​ដំបូន្មាន​ថា យើង​មិន​គួរ​ដាក់​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស៍​ចោល​នៅ​ក្នុង​រថយន្ត​យូរ​នោះ​ទេ ប៉ុន្តែ​អ្នក​បើក​បរ​នៅ​តែ​អាច​ដាក់​តាម​រថយន្ត​បាន​ក្នុង​រយះ​ពេល​ខ្លី។

 

៣) ម្ហូប​អាហារ​ខ្ចប់

 

វេជ្ជបណ្ឌិត កុយ វណ្ណី ជំនាញ​ផ្នែក​ទឹកនោមផ្អែម និង ក្រពេញ​អ័រម៉ូន​បាន​ប្រាប់​ថា ម្ហូប​អាហារ​ខ្ចប់​ងាយ​ខូច​គុណភាព​ណាស់​ពេល​ដាក់​ទុក​ចោល​ក្នុង​រថយន្ត ព្រោះ​សារធាតុ​គីមី​ដែល​បញ្ចេញ​ដោយ​ថង់ ឬ​សម្ភារៈ​ខ្ចប់​នោះ​បាន​បំបែក​ខ្លួន​ពេល​ត្រូវ​កម្ដៅ និង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ។ លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​បន្ថែម​ថា យើង​មិន​គួរ​ខ្ចប់​អាហារ​ហើយ​ទុក​ចោល​យូរ​ពេក​នោះ​ទេ ដើម្បី​ជៀស​វាង​ការ​មាន​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​ក្រោយ។

ចុះ​ប្រិយមិត្ត​ធ្លាប់​ដាក់​របស់​ទាំង​៣​នេះ​ចោល​ក្នុង​រថយន្ត​ទេ?

 

បន្តអាន៖  ពិនិត្យ​ឡាន​តាម​វិធី​សាមញ្ញ​ដើម្បី​ធានា​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ

អត្ថបទ៖ រក្សា