​មន្ត្រី​សហជីព​​​ប្រាំរូប​​​​​​ត្រូវ​​​​​​​ចាប់​ខ្លួន ក្រោយ​ការ​​​​​​​ប៉ះទង្គិច​នៅ​រោងចក្រ

មន្ត្រីសហជីព​​ប្រាំនាក់​​​ត្រូវ​បាន​ចាប់​ខ្លួន​​​​នៅ​​ខេត្ត​កំពង់ស្ពឺ​​ កាលពី​ម្សិលមិញ ​ហើយ​​​ត្រូវ​បាន​ចោទ​ប្រកាន់​​​​​​​​​បណ្ដោះ​​​​​អាសន្ន​​​ចំនួន​​​បី​ករណី​​ បន្ទាប់ពី​​​ពួក​​​គេ​​​​​​បាន​​​​​ធ្វើ​ដំណើរ​ទៅ​ក្រុង​ច្បារមន​​ដើម្បី​គាំទ្រ​​កម្មករ​​ដែល​​​​កំពុង​​​ធ្វើ​កូដ​កម្ម​​​ទាម​​ទារ​លក្ខខណ្ឌ​​ការ​ងារ​​នៅ​​រោងចក្រ​កាត់​ដេរ​​​​មួយ​របស់​ចិនហុងកុង ​នេះ​បើ​យោង​តាម​​​ការ​លើក​ឡើង​​របស់​មន្ត្រី​មូលដ្ឋាន​ និង​ប្រធាន​សហជីព​មួយ​រូប។

​​លោក សំ សាក់ ​ស្នងការ​រង​ខេត្ត​កំពង់ស្ពឺ​​បាន​​​ឲ្យ​ដឹង​ថា មន្ត្រី​សហជីព​​​ទាំង​នេះ​​ដែល​មក​ពី​​សហព័ន្ធ​​​សហជីព​​ចលនាកម្មករ​ ​បានផ្ទុះ​​​​​​​​​​​អំពើ​​​​ហិង្សា​ជាមួយ​​​​​ក្រុម​​​តំណាង​​​សហជីព​​​ដែល​​​​​​​គាំទ្រ​រោងចក្រ​នៅ​ខាង​ក្រៅ​​រោងចក្រ​ Agile Sweater ​​វេលា​​​​ម៉ោង​​ជាង​​៧ព្រឹក​កាលពី​ម្សិល​មិញ បន្ទាប់ពី​​​ពួក​​​គេ​​​បាន​​​​ជំរុញ​​កម្មករ​​​ប្រមាណ​១០០​នាក់​​​កុំឲ្យ​​​​អើពើ​នឹង​ដីកា​តុលា​​ការ​បង្គាប់​ឲ្យ​ពួកគេ​បញ្ឈប់​​កូដកម្ម​ ដែល​បាន​ចាប់​ផ្ដើម​​តាំង​ពី​ថ្ងៃទី​២៥ ខែ​ធ្នូ​​​មក។

លោកបាន​​មាន​ប្រសាសន៍​​ទៀត​ថា ”​យើង​ចាប់​​​បាន​​​ពួកគេ​ពេល​​កំពុង​ប្រព្រឹត្ត​អំពើ​ហិង្សា​ បំផ្លាញ​ទ្រព្យ​សម្បត្តិ​​​ឯកជន ញុះញង់​​ក្រុម​​​នេះ​​​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ ហើយ​ពួកគេ​បាន​ហែក​​ដីកា​​​តុលាការ​​​នោះ​ចេញ​​​ពី​ជញ្ជាំង​ដែល​បង្ហាញ​​​​ថា ​​ពួកគេ​មិន​គោរព​​​តុលាការ​​​​​​។ កម្មករ​​​​​គ្រាន់​តែ​ការ​ពារ​រោងចក្រ​ប៉ុណ្ណោះ ​ប៉ុន្តែ​​​​ជន​​​ទាំង​នេះ​បាន​មក​​បង្ក​អនាធិបតេយ្យ”។

លោក​បាន​​បញ្ចេញ​ឈ្មោះ​​បុរស​ដែល​ត្រូវ​​​ចាប់​ខ្លួន​​​ទាំង​​​​​​នោះ​​​​​​ដូច​ជា ខាត់ ឡូត ​​អនុប្រធាន​​​​សហព័ន្ធ​​​សហជីព​​​ចលនា​កម្មករ​ និង​មន្ត្រី​បួន​រូប​ទៀត​មកពី​ការិយាល័យ​កណ្ដាល​របស់​សហជីព​នេះ​​​​នៅ​​​ក្នុង​រាជធានី​ភ្នំពេញ​​​ដូច​ជា ចំា សំណាង ព្រំ ប៊ុនធឿន ​ម៉ៅ ម៉ូយ និង អាន ថុនា។ លោក​បាន​​​បញ្ជាក់​​​​​​​​ថា ពួកគេ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​​​​​​​​​ហើយ ​និង​​​​​ត្រូវ​​ចោទ​ប្រកាន់​ជា​បណ្ដោះ​អាសន្ន​​​ពី​បទ​​​បង្ក​​​​​​​​​ហិង្សា​ដោយ​ចេតនា ញុះញង់​ឲ្យ​​​អ្នក​​​​​​ដទៃ​​​​ប្រព្រឹត្ត​បទល្មើស និង​មិន​គោរព​ដីកា​បង្គាប់​របស់​តុលាការ មុន​ពេល​​​​​​ត្រូវ​​​​បញ្ជូន​ខ្លួន​​ទៅ​ពន្ធនាគារ​រង់ចាំ​សវនាការ​ជំនុំ​​​ជម្រះ​​​។

​​លោក កែវ សុធា ព្រះរាជអាជ្ញា​​អម​សាលា​​ដំបូង​ខេត្ត​នេះ​បាន​បញ្ជាក់​ថា ​លោក​ពិត​ជា​បាន​ចោទ​ប្រកាន់​បុរស​ទាំង​នេះ​មែន ប៉ុន្តែ​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​​​បន្ថែម​ទៀត​​​​​​​​​​​ឡើយ​​​ជុំវិញ​​សំណុំ​រឿង​នេះ​​​។ ចំណែក​​ឯ​​​មន្ត្រី​តុលាការ​ផ្សេងៗ​ទៀត​​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​។

ខណៈ​​​​​​ពេល​​​កម្មករ​ដែល​ធ្វើ​កូដកម្ម​​ទាំង​​​​នោះ​​​កំពុង​​​ទាមទារ​​ឲ្យ​ដក​​​ប្រធាន​​​​​​រដ្ឋបាល​រោងចក្រ​ចេញ ឲ្យ​​​​​​មាន​​​​​​កិច្ច​សន្យា​ជាក់​លាក់ ការ​ដំឡើង​​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ធ្វើ​ដំណើរ​ចំនួន​​​១០ដុល្លារ ប្រាក់​សម្រាប់​អាហារ​ថ្ងៃ​ត្រង់​​​​​ចំនួន​​០,៥០​ដុល្លារ​​ និង​ប្រាក់​បន្ថែម​សម្រាប់​ថ្ងៃ​បុណ្យ​​​ឈប់​សម្រាក និង​​​​ការ​​​បន្ថែម​ម៉ោង​។

លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហ​ជីព​ចលនា​កម្មករ​ បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​​​​នៅ​ក្នុង​រាជធានី​​ភ្នំពេញ ដើម្បី​ថ្កោល​ទោស​​​ការ​​ចាប់​ខ្លួន​​​​នេះ និង​លោក សុខ រា៉វុធ ប្រធាន​​​សហជីព Trade Union Workers Federation Progress Democracy ​ដែល​​​គាំទ្រ​​​​​​​រោងចក្រ​​​នៅ​រោងចក្រ​ Agile Sweater ​និង​ជា​ទីប្រឹក្សា​​​នៃ​​​​គណៈ​​​គ្រប់គ្រង​របស់​​រោងចក្រ​នេះ​។

ពេល​ទាក់​ទង​​​​តាម​​​ក្រោយ​​​តាម​ទូរស័ព្ទ​​​​លោក ប៉ាវ ស៊ីណា បាន​លើក​ឡើង​ថា នៅ​​​​​ពេល​​​មន្ត្រី​សហជីព​របស់​លោក​កំពុង​ធ្វើ​ការ​តវ៉ា​ដោយ​សន្តិវិធី​ជាមួយ​​កម្មករ​ប្រហែល​៨០០​នាក់​នៅ​រោងចក្រ​នេះ ក៏​​​​​​ស្រាប់​​​​​​តែ​​​មាន​​​​​​មនុស្ស​​​​​​​​ហិង្សា​​​មួយ​​​ក្រុម​​​​​​ម​ក​​​​​​​​​វាយ​​​​​​ដំ​​​ពួកគេ​​​​​តែ​​ម្ដង បណ្ដាល​​​ឲ្យ​​​កម្មករ​​​​ប្រាំនាក់​​រង​របួស​ក្បាល​​​​​​ក្នុង​​​ហេតុ​​​ការណ៍​​​នោះ​​​។           ​​

លោក​​​​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “មន្ត្រី​របស់​​យើង​​​កំពុង​ប្រមូល​​ផ្ដុំ​គ្នា​​​ជាមួយ​កម្មករ​ ហើយ​ពួកគេ​​​បាន​​​​ស្រែក​ដាក់​យើង​ដោយ​និយាយ​​​​ថា ​​​​យើង​​រារាំង​​​​​ពួកគេ​​​មិន​ឲ្យ​ត្រឡប់​ទៅ​ធ្វើ​ការ​​វិញ​ ហើយ​​​ពេល​​​នោះ​​​​​​​​ពួកគេ​​​ក៏​​​​បាន​​​​ទាត់​ធាក់​ ​​​និង​​​​​​​​​ដាល់​​​​​​មន្ត្រី​​​របស់​ខ្ញុំ។ យើង​ដឹង​ថា លោក សុខ រា៉វុធ ជា​​​​​​​​​អ្នក​​​ដឹកនាំ​ក្រុម​នេះ​មក​​​វ៉ៃ​​​ពួក​​​​យើង ដូច្នេះ​ហេតុ​​​​​​អី​​​​​​បាន​​​ជា​​​នគរ​បាល​​​​​មក​​​ចោទ​ប្រកាន់​​​យើង​​ថា​​​​ជា​​​​​​អ្នក​​​ប្រើ​អំពើ​ហិង្សា”?។

លោក ប៉ាវ ស៊ីណា ​បាន​​​​​​បន្ត​​​ថា លោក​​​​​នឹង​​​អំពាវ​នាវ​ឲ្យ​សមាជិក​​របស់​​សហព័ន្ធ​សហជីព​ចលនា​​​កម្មករ​​​​​ធ្វើ​កូដ​​​កម្ម​​​ទូទាំង​ប្រទេស​ ប្រសិន​​​​បើ​​​​មន្ត្រី​​​​​​របស់​លោក​​​​មិន​​​​​​ត្រូវ​បាន​ដោះ​លែង​នៅ​សប្ដាហ៍​​​នេះ​។

លោក សុខ រ៉ាវុធ ​ដែល​​​អះ​​​អាង​ថា​តំណាង​​​ឲ្យ​៩០​ភាគរយ​​​នៃ​​​​កម្ម​​​ករ​​​​​​៩០០​នាក់​​​នៅ​​​រោង​ចក្រ​នេះ​​បដិសេធ​​​​​ថា លោក​​​​​មិន​ជាប់​​ពាក់​ព័ន្ធ​​​​​នឹង​​​​​​អំពើ​​​ហិង្សា​​​នេះ​​​ទេ។ ”យើង​​​​​​គ្រាន់​​តែ​​​អំពាវ​​​​​​នាវ​​​ឲ្យ​​​កម្មករ​ត្រឡប់​ទៅ​​ធ្វើ​ការ​វិញ​ប៉ុណ្ណោះ។​​យើង​​មិន​បាន​​​​ឲ្យ​​​កម្ម​​​ករ​​​ប្រើ​​​​​អំពើ​ហិង្សា​ទេ។ យើង​ទាំង​អស់​គ្នា​​សុទ្ធ​តែ​​​​ជា​​​មិត្ត​​​ភក្តិ​​​”។

សូម​​​​​​រំឭក​​​ថា រោងចក្រ Agile Sweater ត្រូវ​បាន​ព័ត៌មាន​ចុះ​ផ្សាយ​​កាលពី​ខែ​តុលា នៅ​​​ពេល​​​កម្មករ​​​ពីរ​នាក់​​​​​​របស់​​​ខ្លួន​​​​​​​ត្រូវ​​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​​​​​​ទាក់​​​ទិន​​​​​​​​​​​ការ​​​​​​​​​ព្យាយាម​​​​​​​​​របស់​​​​​​ពួកគេ​​​​ដើម្បី​​​​បង្កើត​សហជីព​ឯករាជ្យ​មួយ​នៅ​ក្នុង​រោង​ចក្រ​​នេះ​។ នៅ​ពេល​នោះ ​លោក សុខ រ៉ាវុធ បាន​អះ​អាង​ថា កម្មករ​​​​​ទាំង​​​នោះ​​​បាន​​​​​​​ពាក់​ម៉ាស់ ​នៅ​​​​​​​​​ពេល​​​វាយ​​មន្ត្រី​សហជីព​​ពីរ​រូប​​របស់​លោក និង​​​បង្ខំ​ឲ្យ​​​​កម្ម​​​ករ​​​ផ្សេង​ចុះចូល​​​ជា​​​មួយ​​​ពួកគេ​​​​។

កម្មករ​រាប់​រយ​​នាក់​បាន​​ធ្វើ​កូដកម្ម​ប្រឆាំង​ការ​ចាប់​ខ្លួន​​នោះ ​ហើយ​​មន្ត្រី​សហជីព​ទាំង​ពីរ​​រូប​​​​​​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​​វិញ​​​នៅ​​​ប្រហែល​៣សប្ដាហ៍​ក្រោយ​មក បន្ទាប់​ពី​រោង​​ចក្រ​​ និង​លោក សុខ រ៉ាវុធ ដក​ពាក្យ​បណ្ដឹង​​របស់​ខ្លួន​​ប្រឆាំង​ពួកគេ​​ជា​ថ្នូរ​នឹង​​ការ​ព្រម​ព្រៀង​​​របស់​កម្មករ​​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​៕ សុខុម​​​​​​​​​​​​​​​​

 

The post ​មន្ត្រី​សហជីព​​​ប្រាំរូប​​​​​​ត្រូវ​​​​​​​ចាប់​ខ្លួន ក្រោយ​ការ​​​​​​​ប៉ះទង្គិច​នៅ​រោងចក្រ appeared first on ខេមបូឌា ដេលី.