កម្មកររោងចក្រកាត់ដេរ​ចំនួន​​ប្រាំ​នាក់​​បាត់​បង់ជីវិត​ បន្ទាប់​ពី​​រថ​យន្ត​​​​​​ក្រឡាប់​នៅ​ខេត្ត​កំពង់ស្ពឺ​

កម្មករ​រោងចក្រ​កាន់​ដេរ​ប្រាំនាក់​បាន​ស្លាប់​​នៅ​ក្នុង​​ខេត្ត​កំពង់ស្ពឺ​កាលពី​ព្រឹក​ម្សិលមិញ ​ពេល​​​រថយន្ត​គ្មាន​ដំបូល​ដែល​ពួកគាត់​​​​ជិះ​ទៅធ្វើ​ការ​​​បាន​ក្រឡាប់​​ ខណៈ​ព្យាយាម​​បើក​ជែង​​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​។ ​

ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ចាប់​​​អារម្មណ៍​សាជាថ្មី​​ចំពោះ​​ការ​ធ្វើ​ដំណើរ​​​​​​ល្បីថា​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ ដែល​កម្មករ​រោងចក្រ​​​ប្រឈម​ស្ទើរ​​រៀងរាល់​ថ្ងៃ។

​លោក ម៉ា សាវ៉ាត អភិបាល​ស្រុក​គងពិសី ​បាន​លើក​ឡើង​ថា ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​​កើត​ឡើង​នៅ​ម៉ោង​ប្រហែល​៦និង​៣០​នាទី​ព្រឹក​​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤១ នៅពេល​អ្នក​បើក​បរ​​ដែល​​​បើក​ចូល​គន្លង​របស់​គេ​​ដើម្បីជែង​រថយន្ត​ទី២​​ដែល​ក៏ដឹក​​សុទ្ធ​តែ​កម្មករ​រោងចក្រ​ដែរ​នោះ​ បានព្យាយាម​បើក​ចូល​មក​គន្លង​ផ្លូវ​របស់​ខ្លួន​វិញ​​ដើម្បី​គេច​ពី​រថយន្ត​​មក​ពី​ខាង​មុខ​​​។

លោក​បាន​​​មាន​ប្រសាសន៍​ថា “​យោង​តាម​​​សាក្សី​​​ រថយន្ត​ទាំងពីរ​គ្រឿង​នេះ​ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ស្រប​គ្នា​ ហើយ​​រថយន្ត​មួយ​គ្រឿង​​​បាន​ព្យាយាម​បើក​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត ប៉ុន្តែ​​​ពេល​ឃើញ​រថយន្ត​មួយ​គ្រឿង​មកពី​មុខ​​ក្នុង​ទិសដៅ​ផ្ទុយ​គ្នា​​ ក៏​បើក​ងាក​​​ចូល​មក​ខាង​ស្ដាំ​វិញ​​ ស្រាប់​តែ​​ប៉ះ​រថយន្ត​​ដែល​ខ្លួន​ជែង​​​​​​ហើយ​ក៏​ក្រឡាប់​តែ​ម្ដង”។

​លោក​ ម៉ា សាវ៉ាត បាន​លើក​ឡើង​​ទៀត​ថា ​”​កម្មករ​បី​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​​ រីឯ​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​តាម​ផ្លូវ​​​​ពេល​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្នុង​មូលដ្ឋាន​”។

លោក មាស សាមឿន ស្នងការ​រង​ខេត្ត​នេះ​​​​​​បាន​​ឲ្យ​ដឹង​ថា កម្មករ​រោងចក្រ​ទី៥​​បាន​ស្លាប់​​បន្ទាប់ពី​ទៅ​ដល់​មន្ទីរ​ពេទ្យ​កាល់ម៉ែត ហើយ​ថា ​ជន​រងគ្រោះ​ទាំង​ប្រាំនាក់​នេះ​សុទ្ធ​តែ​​ជា​ស្ត្រី​​មាន​​អាយុ​ចន្លោះ​​​ពី​២០ដល់​៣៩​ឆ្នាំ​។​កម្មករ​រោង​ចក្រ​​សរុប​ចំនួន​៦៧​នាក់​ដែល​ជិះ​រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ​សុទ្ធ​​តែ​រង​របួស​ ក្នុង​នោះ​​​​១៥​នាក់​​រង​របួស​ធ្ងន់​។

លោក​​​បន្ថែម​ថា ”​វា​ជា​កំហុស​​​​​របស់​អ្នក​បើក​​​​បរ​​ដែល​ព្យាយាម​បើក​ជែង​រថយន្ត​មួយ​គ្រឿង​​​​ទៀត ព្រោះ​គាត់​​ធ្វេស​ប្រហែស​។ នគរ​បាល​​កំពុង​​​​តាម​ស្វែង​​​រក​អ្នក​បើក​បរ​រូប​នេះ​ដែល​រត់គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​ហើយ​”។

​​​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​​ក្រសួង​ការ​ងារ​លើក​ឡើង​ថា ​ជន​រងគ្រោះ​ទាំង​ប្រាំនាក់​នេះ​សុទ្ធតែ​​​ធ្វើ​ការ​​នៅ​រោងចក្រ​ Now Corp ក្នុង​​​ខេត្ត​កណ្ដាល​ ដែល​ស្ថិត​នៅ​ជាប់​ខេត្ត​កំពង់ស្ពឺ ​​ហើយ​ថា អ្នក​រងរបួស​មាន​ចំនួន​៦៨​នាក់។

​​កម្មការិនី​​ម្នាក់​ឈ្មោះ វ៉ា សុផា បាន​និយាយ​​​ថា គាត់​​ជិះ​រថយន្ត​​ដែល​​មិន​បាន​ក្រឡាប់​​ហើយ​​រង​របួស​ស្រាល​​ដោយ​សារ​បុក​​ត្រូវ​ទ្រូង​អំឡុង​​​​​​​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​។ គាត់​និយាយ​ទៀត​​​ថា មាន​កម្មករ​ជាង​​១០០​នាក់​ជិះ​​រថយន្ត​​​ពីរ​គ្រឿង​នេះ​ ហើយបានបញ្ជាក់ពីហេតុការ​ណ៍​ដែលបាន​កើតឡើង​ ​។

កម្មការិនី​រូប​នេះ​លើក​ឡើង​ថា “​អ្នក​បើក​បរ​​ម្នាក់​ទៀត​​បង្ក​បញ្ហា​​។ គាត់​ព្យាយាម​បើក​ជែង​​​រថយន្ត​របស់​ខ្ញុំ ប៉ុន្តែ​​ជែង​មិន​ផុត​ ព្រោះ​មាន​រថយន្ត​​ធុនធំ​មួយ​គ្រឿង​​​​មក​ពី​ខាង​​មុខ​ក្នុង​​​ទិស​ដៅ​បញ្ច្រាស​គ្នា​។ បន្ទាប់​មក​គាត់​បាន​​ងាក​​​​មក​ខាង​ស្ដាំ​​ហើយ​ប៉ះ​រថយន្ត​របស់​ខ្ញុំ ដោយ​ធ្វើ​ឲ្យ​ពួក​យើង​​ទង្គិច​ស្មាគ្នា​”។

អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ​មិន​​អាច​ទាក់​ទង​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​ឡើយ។ ​បេឡា​​​ជាតិ​របប​សន្តិសុខ​សង្គម គ្រប់គ្រង​ដោយ​ក្រសួង​នេះ​​​ជា​អ្នក​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​សង​សំណង​ដល់​កម្មករ​រង​របួស​ និង​ក្រុម​គ្រួសារ​កម្មករ​​ដែល​បាត់​បង់​ជីវិត​​នៅ​ក្នុង​​គ្រោះ​ថ្នាក់​​​ពាក់​ព័ន្ធ​នឹង​ការ​​​​បំពេញ​ការ​ងារ ប្រសិន​បើ​និយោជិត​របស់​ពួកគាត់​បង់​ប្រាក់​​ចូល​គម្រោង​នេះ​។

រថយន្ត​គ្មាន​ដំបូល​គ្មាន​កៅអី​ដែល​ដឹក​កម្មករ​រោងចក្រ​ប្រហែល​៧០០.០០០​នាក់​ទៅ​​​និង​​ត្រឡប់​ពី​រោងចក្រ​​មក​វិញ​ជា​រៀង​រាល់​ថ្ងៃ​ល្បី​ថា​មានគ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ ហើយ​ពុំ​សូវ​មានការ​គ្រប់គ្រង​ឲ្យបាន​ត្រឹម​ត្រូវ​ឡើយ​។

​លោក លុយ ឈីន អនុប្រធាន​​នាយក​ដ្ឋាន​​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​លើក​ឡើង​ថា ​ប្រហែល​បី​នាក់​ក្នុង​ចំណោម​មនុស្ស​បួន​នាក់​ដែល​បើក​បរ​រថយន្ត​បែប​នេះ​គ្មាន​​​​​ប័ណ្ណ​បើក​បរ​ទេ​។

ពេល​សួរ​ថា​តើ​អ្នក​​បើកបរ​​ដឹក​អ្នក​ដំណើរ​​​​​ច្រើន​​ពេក​ឬយ៉ាង​ណា​​ លោក​បាន​លើក​ឡើង​ថា ពួកគេ​គួរ​តែ​ដឹកកម្មករ​​ក្នុង​ចំនួន​មួយ​ដ៏​សម​រម្យ។ ហើយ​ពេល​សួរ​ថា តើ​ត្រូវ​ដឹក​ក្នុង​ចំនួន​​​ប៉ុន្មាន​ទើប​សម​រម្យនោះ លោក​បាន​​និយាយ​សំដៅ​ទៅ​លើ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មីដែល​​​ចូល​ជាធរមាន​នៅ​ក្នុង​ខែ​នេះ​ ប៉ុន្តែ​កំពុង​​ត្រូវ​​បាន​ពិនិត្យ​ឡើង​វិញ​សម្រាប់​លទ្ធភាព​នៃ​ការ​ធ្វើ​វិសោធនកម្ម​។

ច្បាប់​នេះ​ចែង​ថា រថយន្ត​ដឹក​អ្នក​ដំណើរ​មិន​គួរ​ដឹក​មនុស្ស​ច្រើន​ជាង​ចំនួន​កៅអី​ដែល​មានឡើយ​ ពោលគឺត្រូវធ្វើ​​​​​”តាម​ការ​កំណត់​របស់​​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​។

លោកស្រី ម៉ែន ចាន់​សុកុល អនុប្រធាន​នាយកដ្ឋាន​​ដឹកជញ្ជូន​ផ្លូវ​គោក​នៃ​ក្រសួង​នេះ​ និង​ជា​សមាជិក​​គណៈកម្មាធិការជាតិ​​សុវត្ថិ​ភាព​ចរាចរណ៍​​ផ្លូវ​គោក​បាន​លើក​ឡើង​ថា លោកស្រី​មិន​ដឹង​ថា​តើ​រថយន្ត​បែប​នេះ​តម្រូវ​​​​ឲ្យ​មាន​កៅអី​ចំនួន​ប៉ុន្មាន​ ឬ​ថា​តើ​​​​មាន​ការ​កំណត់​​ហើយ​​ឬ​យ៉ាង​ណា​នោះ​ឡើយ​។

លោកស្រី​​​បាន​មានប្រសាសន៍​ថា ”​ខ្ញុំ​មិន​ច្បាស់​ទេ​អំពី​បញ្ហា​នេះ ហេតុដូច្នេះ​ខ្ញុំ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ឡើយ” ហើយ​បន្ទាប់​មក​​​លោកស្រី​ក៏​​ដាក់​ទូរស័ព្ទ​ចុះ​ទៅ​៕ ស៊ុយឈាង (រាយការណ៍​បន្ថែម​ដោយ​ Zsombor Peter)​​​​​​​

 

The post កម្មកររោងចក្រកាត់ដេរ​ចំនួន​​ប្រាំ​នាក់​​បាត់​បង់ជីវិត​ បន្ទាប់​ពី​​រថ​យន្ត​​​​​​ក្រឡាប់​នៅ​ខេត្ត​កំពង់ស្ពឺ​ appeared first on ខេមបូឌា ដេលី.