បុរស​ចំណាស់​​​​​ម្នាក់​ត្រូវ​បាន​​តុលាការ​ដោះលែង​​វិញ​នៅ​​​​​ក្នុង​​​​សំណុំរឿង​បៀតបៀន​​​​ផ្លូវ​ភេទ​​ក្មេង​​​ស្រី

បុរស​​​អាយុ​​​៧៩​​​ឆ្នាំ​​​ម្នាក់​​​ដែល​​​ជាប់​​​ចោទ​​​ពី​​​បទ​​​បៀតបៀន​​​ជាច្រើន​​​ដង​​​លើ​​​ក្មេង​​​​ជិត​​​ខាង​​​​អាយុ​​​១៤​​​ឆ្នាំ​ដែល​​​មិន​​​គ្រប់​​​សតិ​​​​ ត្រូវ​​​បាន​​​នគរ​​បាល​​​ដោះលែង​​​ពី​​​ប៉ុស្តិ៍​​​​​នៅ​​​ខេត្ត​​​តាកែវ​​​កាល​​ពី​​​​ម្សិលមិញ ដោយ​​​មន្ត្រី​​​ម្នាក់​​​ចាត់ទុក​​​ការ​​​បៀត​បៀន​​​​​ដែល​​​គេ​​​ចោទ​​​នេះ​​​ថា​​​ជា​​​”ករណី​​​តូច​តាច”។

លោក សួន ផុន ស្នងការ​រង​នគរបាល​ខេត្ត​​​តាកែវ​​​​និយាយ​​​ថា ភោគ គង់ ជា​​​កសិករ​​​លែង​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​ហើយ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាលពី​​​ល្ងាច​​​ថ្ងៃ​​​សុក្រ ត្រឹម​​​តែ​​​ប៉ុន្មាន​​​ម៉ោង​​​ក្រោយពី​​​ចាប់​​​រំលោភ​​​ក្មេង​​​ស្រី​​​នោះ​ ប៉ុន្តែ ​​តុលាការ​​​ខេត្ត​​​តាកែវ​​​បាន​​​សម្រេច​​​ដោះ​លែង​​​​​គាត់​​​កាលពី​​​ម្សិលមិញ បន្ទាប់ពី​​​​​​ចោទ​​​គាត់​​​ពី​​​​បទ​​​ប្រព្រឹត្ត​​​អំពើ​​​ អាសគ្រាម​​​លើ​​​អនីតិជន។ ”តុលាការ​​​ដោះ​លែង​​​​​​ជន​សង្ស័យ ព្រោះ​​​វា​​​ជា​​​ករណី​​​តូចតាច​​​ណាស់”។ ជនសង្ស័យ​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​ស៊ើប​​​​​​អង្កេត​​​របស់​​​តុលាការ​​​នៅ​​​ឡើយ។

យោង​​​តាម លោក សុខ សុជា អធិការ​​​រង​​​ស្រុក​បាន​​​ឲ្យ​​​ដឹង​​​ថា លោក គង់ រង​​​ការ​​​ចោទ​​​ប្រកាន់​​ថា​​​ បាន​​​បៀតបៀន​​​​​​ក្មេង​​​ស្រី​​​នោះ​​​ជាច្រើន​​​​​​​លើក ហើយ​​​​លើ​កចុង​ក្រោយ​​នេះ គឺ​​​នៅ​​​ព្រឹក​​​​​ថ្ងៃ​​​សុក្រ ​​​ពេល​​​នាង​​​កំពុង​​​លេង​​​ជិត​​​ផ្ទះ​​​​​របស់​​​គាត់​​​ក្នុង​​​ឃុំ​​​អូរសារ៉ាយ​​ ស្រុក​​​ត្រាំកក់។

លោកនិយាយ​​​ថា ក្មេង​​​ស្រី​​​នោះ​​​រស់នៅ​​​ជាមួយ​​​ម្តាយ​​​ចុង​​​របស់​​​នាង ហើយ​​​ជា​​​រឿយៗ​​​តែងតែ​​​លេង​​​នៅ​​​ក្បែរ​​​ផ្ទះ​​​របស់​​​លោក​ គង់។ ក្រោយពី​​​ការ​​​ចាប់​​​ខ្លួន​​​ជន​​​នេះ​​​កាលពី​​​ថ្ងៃ​​​សុក្រ ​​នាង​​​​ប្រាប់​​​ប៉ូលិស​​​ថា នាង​​​កំពុង​​​លេង​​​នៅ​​​ខាង​​​ក្រៅ​​​ផ្ទះ​​​របស់​​​គាត់​​​នៅ​​​ម៉ោង​​​ប្រហែល​​​១១​​​ថ្ងៃ ​នៅ​​​ពេល​​​នោះ​​​គាត់​​​បាន​​​ត្រឡប់​​​ពី​​​វត្ត​​​មក​​​ផ្ទះ​​​វិញ ហើយ​​​បាន​​ល្បួង​​​នាង​​​ឲ្យ​​​ចូល​​​ខាង​​​ក្នុង​​​ផ្ទះ ​ដោយ​​​ឲ្យ​​​នំ​​​នាង​​​ហូប​​​និង​​​លុយ​​បន្តិច​​​បន្តួច។

លោក​បន្ត​​​​ថា “ក្មេង​​​មាន​​​សតិ​​​មិន​​​គ្រប់​​​នេះ​​​មិន​​​បាន​​​តាម​​​គាត់​​​ឡើង​​​លើ​​​ផ្ទះ​​​ទេ។ ពេល​​​នោះ​​​ជនសង្ស័យ​​​ដឹក​​​ដៃ​​​នាង​​​និង​​​នាំ​​​នាង​​​ឡើង​​​លើ​​​ផ្ទះ” មុន​​​ពេល​​​បៀត​បៀន​​​នាង។ទោះជា​​​យ៉ាង​​​នេះ​​​ក្តី នាង​​​មិន​​​បាន​​​ប្រាប់​​​គ្រួសារ​​​របស់​​​នាង​​​អំពី​​​ហេតុ​ការណ៍​​​នេះ​​​ឡើយ តែ​​​នាង​​​បាន​​​​​ប្រាប់​​​ក្មេង​​​ផ្សេង​​​ទៀត​​​ក្នុង​​​ភូមិ។

លោក​​​បាន​​​និយាយ​​​ថា ”ម្តាយ​​​ចុង​​​បាន​​​ឮ​​​ពី​​​ក្មេងៗ​​​ផ្សេងទៀត​​​ថា បុរស​​​ចំណាស់​​​ម្នាក់​​​បាន​​​បៀតបៀន​​​កូន​​​ស្រី​​​របស់គាត់។ គាត់​​​បាន​​​សួរ​​​កូន​​​ស្រី…ពេល​​​នោះ​​​នាង​​​បាន​​​បញ្ជាក់​​​ថា ​លោក ​​​គង់ បាន​​​ចាប់​​​រំលោភ​​នាង។ យើង​​​បាន​​​ចាប់​​​ជន​សង្ស័យ​​​រូប​​​នេះ បន្ទាប់ពី​​​ម្តាយ​​​ចុង​​​បាន​​​ប្តឹង​​​ទៅ​​​ប៉ូលិស​​​អំពី​​​ការ​​​រំលោភ​​​នេះ”។ ក្រោយ​​​មក​ជន​​​​​រងគ្រោះ​​បាន​​​ប្រាប់​​​អ្នក​​​ស៊ើប​​​អង្កេត​​​ថា ​នាង​​​ក៏​​​ត្រូវ​​​បាន​​​បៀតបៀន​​​ផ្លូវ​​​ភេទ​​​ជា​​​ច្រើន​​​ដង​​​ក្នុង​​​​​​ពេល​​​កន្លង​​​មក​​​ដែរ ប៉ុន្តែ​​​នាង​​​មិន​​​អាច​​​​​​ប្រាប់​​​ពេល​​​វេលា​​​ជាក់លាក់​​​បាន​​​ទេ។ លោក ​គង់ ​បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​យ៉ាង​​​ដាច់​​​ខាត ​និង​​​បាន​​​ប្រាប់​​​ប៉ូលិស​​​ថា គាត់​​​បាន​​​ប្រទះ​​​ឃើញ​​​ក្មេង​​​នេះ​​​នៅ​​​​​ក្នុង​​​ផ្ទះ​​​របស់​​​គាត់​​​កំពុង​​​រក​​​ទឹក​​​ផឹក​​​កាលពី​​​ថ្ងៃ​​​សុក្រ ហើយ​​​បាន​​​ឲ្យ​​​នាង​​​ចេញ​​​វិញ​​​គ្មាន​​​បាន​​​ប៉ះពាល់​​​អ្វី​​​ឡើយ៕ និត

The post បុរស​ចំណាស់​​​​​ម្នាក់​ត្រូវ​បាន​​តុលាការ​ដោះលែង​​វិញ​នៅ​​​​​ក្នុង​​​​សំណុំរឿង​បៀតបៀន​​​​ផ្លូវ​ភេទ​​ក្មេង​​​ស្រី appeared first on ខេមបូឌា ដេលី.