ករណី​កូន​នាយ​ឧ​ត្ត​ម​សេនីយ៍​ ចៅ ភិ​រុណ បាញ់រះ​នៅ​ក្លិប​កំសាន្ត មេន​ហាត​ធេ​ន ហូ​លី​ដេ មាន​រត់ការ​ដោះលែង​

ភ្នំពេញ: ខ្មាន់កាំភ្លើង ដែល​បាន​បាញ់​​រះ​ទៅលើ​ក្លិប​កំសាន្ត មេន​ហាត​ធេ​ន ហូ​លី​ដេ កាលពី​យប់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ បាន​បណ្តាលអោយ​មនុស្ស​រងរបួស ត្រូវបាន​គេ​ដឹងថា ជា​កូន​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ផ្កាយ​៤ ចៅ ភិ​រុណ​។

​ខ្មាន់កាំភ្លើង​នោះ មានឈ្មោះ ចៅ រង្សី អាយុ ៣១​ឆ្នាំ ត្រូវបាន​ប៉េអឹម​ខណ្ឌដូនពេញ ចាប់​ឃាត់ខ្លួន កាលពី​យប់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ នៅ​ក្លឹប​កំសាន្ត មេន​ហាត​ធេ​ន ហូ​លី​ដេ ស្ថិតនៅ​ផ្លូវ​លេខ​៦៥ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

ចំណែក​សន្តិសុខ​យាម​ការពារ​ក្លឹប​ចំនួន​ពីរ បាន​រងរបួស ដោយសារ​​ការបាញ់រះ​។​
 ជនដៃដល់​ក្នុងការ​បាញ់រះ ត្រូវបាន​ប៉េអឹម បញ្ជូនទៅ​តុលាការ កាលពី​រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ រហូតមកដល់​ព្រឹក​ថ្ងៃទី​១៣ ខែមករា​​នេះ តុលាការ​នៅ​មិនទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ​។​

​ប្រភព​បាន​បង្ហើប​អោយដឹងថា សំណុំ​រឿង​កូន​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ចៅ ភិ​រុណ បាញ់រះ បណ្តាលអោយ​មនុស្ស​ពីរ​នាក់​រងរបួស មាន​អ្នក​រត់ការ ដើម្បីអោយ​នៅក្រៅ​ឃុំ និង​សម្របសម្រួល​ជាមួយ​ជនរងគ្រោះ​៕​