លោក សុន ឆ័យ ស្នើ​ផ្ទាល់មាត់ ទៅកាន់​សម្តេច​តេ​ជោ សែន ឲ្យ​លុបចោល​ការវិនិយោគ​យក​លុយ​ផ្លូវជាតិ​លេខ​៤

ភ្នំពេញ: លោក សុន ឆ័យ សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​ផ្ទាល់មាត់ ទៅកាន់​សម្តេច​តេ​ជោ សែន នាយករដ្ឋមន្ត្រី ដែល​បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៣ ខែមករា​នេះ  សូម​ឲ្យ​លប់ចោល​កិច្ចសន្យា ជាមួយ​ក្រុមហ៊ុន អេ​ហ្សិត អិន​វេស​មេន AZ របស់លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហូ​វ ដែល​កំ​ពូ​ង​តែ​វិនិយោគ យកលុយ​ពី​អ្នកដំណើរ​តាម​ឡាន នៅ​ផ្លូវជាតិ​លេខ​៤​។

​ការស្នើ​សូម​ឲ្យ​លុបចោល​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​អេ​ហ្សិត​ដូច្នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា​នេះ​។ ប៉ុន្តែ​មិនទាន់មាន​ការឆ្លើយតប​ពីស​ម្តេច​តេ​ជោ ហ៊ុនសែន នៅឡើយ​ទេ​។​

​លោក សុន ឆ័យ បាន​លើកឡើងថា ការផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​អេ​ហ្សិត យកលុយ​ច្រើន​ឆ្នាំ​មកហើយ នៅ​ផ្លូវជាតិ​លេខ​៤ គឺ​អត់​មាន​តម្លាភាព ហើយ​អ្វី ដែល​ក្រុមហ៊ុន អេ​ហ្សិត បាន​សាងសង់ គឺ​តិចតួច​។ ដូច្នេះ​គួរ​លប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន អេ​ហ្សិត​។​

​សូម​រម្លឹកថា នៅ​ដើមឆ្នាំ​២០១៦​នេះ ក្រុមហ៊ុន AZ ទើបតែ​អនុវត្តតាម​ប្រសាសន៍​របស់​សម្តេច​ហ៊ុនសែន ក្នុង​ការមិន​យក​កម្រៃ​សេវា​ពី​ឡាន​គ្រួសារ​របស់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ ដែល​រស់នៅ​តាមផ្លូវ​ជាតិ​លេខ​៤​។ ជាការ​អនុវត្ត ក្រោយពី​សម្តេច​ហ៊ុនសែន បានសម្រេច​លុបចោល​កា​រ​យកលុយ​របស់​ក្រុមហ៊ុន Toll Way នៅ​ផ្លូវ​វេ​ង​ស្រេង កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៥៕​