មនុស្ស​ជាង​៩០​នាក់​ស្លាប់ និង​របួស​ក​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

​រាជធានី​ភ្នំពេញ​៖យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១២ ខែមករា​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​១០​លើក បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​១១​នាក់​,របួសធ្ងន់​២១​នាក់ និង​របួសស្រាល៥៩​នាក់​។

​របាយ​ការ​ណ័​ដដែល​បន្តថា ក្នុង​គ្រោះថ្នាក់​ទាំ​១០​លើក​បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន​១០​គ្រឿង​, រថយន្ត​ធុន​តូច ៤​គ្រឿង​, រថយន្ត​ធុន​ធំ ១​គ្រឿង និង​យាន​ផ្សេងៗ ៣​គ្រឿង​។ របាយការណ៍​ខាងលើ​បញ្ជាក់ថា មូលហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​មកពី​បើកបរ​ល្បឿន​លឿន​ចំនួន ៤​លើក​, ប្រជែង​គ្រោះថ្នាក់ ៣​លើក​, ស្រវឹង ១​លើក​, មិន​គោរព​សិទ្ធិ ១​លើក និង​មិន​ប្រកាន់​ស្តាំ ១​លើក​។ ខេត្ត​ដែលមាន​គ្រោះថ្នាក់ និង​របួស​ច្រើន គឺ​ខេត្តកំពង់ស្ពឺ កើតឡើង ២​លើក​, ស្ទឹងត្រែង ២​លើក​, រាជធានី​ភ្នំពេញ ១​លើក​, កណ្តាល ១​លើក​, បាត់ដំបង ១​លើក​, សៀមរាប ១​លើក និង​ព្រះវិហារ ១​លើក​។​

​ដោយឡែក​ចំពោះ​លទ្ធផល​ត្រួតពិនិត្យ អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុង​ថ្ងៃទី​១២ ខែមករា សមត្ថកិច្ច​ចាប់បាន​យានយន្ត បើកបរ​ល្មើសច្បាប់​បាន​ចំនួន ៧៧.៩១៧​គ្រឿង (​ម៉ូតូ ៥៧​ភាគរយ​), ធ្វើការ​អប់រំ ៣៦.៣៣០​គ្រឿង ស្មើនឹង ៥២​ភាគរយ និង​ធ្វើការ​ផាកពិន័យ បាន​ចំនួន ៣២.៤២៦​គ្រឿង (​បង់ប្រាក់ ៧៧​ភាគរយ​)៕

មនុស្ស​ជាង​៩០​នាក់​ស្លាប់ និង​របួស​ក​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​