បញ្ជូនខ្លួន ជនសង្ស័យ ២នាក់ ឡើងតុលាការ ពាក់ព័ន្ធករណី វាយប្លន់ ជនបរទេស

កំពត៖ ជនសង្ស័យ ២នាក់ ចូលវាយប្លន់ជនជាតិបរទេស ត្រូវកម្លាំងនគរបាល នៃការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត បញ្ជូនខ្លួនឡើងតុលាការ នៅព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ ដើម្បីចាត់ការតាមច្បាប់។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ ដេត ខេមរិនឌី ហៅឆក ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត និង ជនសង្ស័យទី២-ឈ្មោះ ហ៊ាង ឆៃយ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ រីឯជនរងគ្រោះ ឈ្មោះ ចូ អានីម៉ាស់ សិលសលួស ភេទប្រុស អាយុ ៦៥ឆ្នាំ ស្នាក់នៅផ្ទះជួល ស្តិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងនិងខេត្តកំពត។

មន្ត្រីដដែល បន្តថា កាលពីវេលាម៉ោង ១២៖១៥នាទី រំលងអាធ្រាត្រ ថ្ងៃទី១០ ឈានចូល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ជនសង្ស័យឈ្មោះ ដេត ខេមរិនឌី ហៅឆក បានយកអាវយឺត ទៅគ្របលើអំពូលភ្លើង នៅក្លោងទ្វាររបងផ្ទះ បន្ទាប់មកយកដង្កាប់ កាត់លួសរបងសំណាញ់ពីចំហៀងផ្ទះ រួចដើរលបៗ ចូលសំដៅទៅក្នុងផ្ទះ ហើយធ្វើសកម្មភាព ដោយយកដំបង កូនក្រឡឹងធ្វើអំពីឈើ វាយសំពងទៅលើក្បាល ជនរងគ្រោះពីក្រោយ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈជនរងគ្រោះ កំពុងតែអង្គុយ មើលទូរទស្សន៍ ម្នាក់ឯងនៅក្នុងផ្ទះ បន្ទាប់មកជនរងគ្រោះ បានឈឺ ហើយស្រែករត់ទៅ បន្ទប់ចង្ក្រានខាងក្រោយ ពេលនោះជនសង្ស័យ ឈ្មោះដេត ខេមរិនឌី ហៅឆក ស្មានតែជនរងគ្រោះ រត់ទៅយកកាំបិត ក៏ភ័យ ហើយរត់ចេញ មកក្រៅ គេចខ្លួនបាត់តែម្តង ដោយពុំបាន យករបស់អ្វីពីជនរងគ្រោះឡើយ។

មន្រ្តីនគរបាលបានបន្តទៀតថា លុះដល់ម៉ោង ០៧៖៤០នាទី ព្រឹក ថ្ងៃទី១១ ខែមករា កម្លាំងនគរបាលក្រុងកំពត ចុះស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញា ជនដៃដល់ ឈ្មោះ ដេត ខេមរិនឌី ហៅឆក នេះ នៅផ្ទះ រួចហើយនាំខ្លួនមកសាកសួរ នៅឯអធិការក្រុងកំពត ហើយបន្ទាប់មក នៅម៉ោង ០១៖៣០នាទី រសៀល នៃថ្ងៃដដែល កម្លាំងនគរបាលក្រុង បន្តស្រាវជ្រាវ ក៏រកឃើញបក្ខពួកម្នាក់ទៀត ហើយកោះហៅមកសាកសួរ នៅឯអធិការដ្ឋាន នគរបាលក្រុង រួចឈានទៅឃាត់ខ្លួនតែម្តង។ ក្រោយពីធ្វើការសួរនាំ ក្នុងរយៈពេល ប៉ុន្មានម៉ោងរួចមក ក៏បញ្ជូនជនសង្ស័យទាំង ២នាក់ នេះបន្ត ទៅឲ្យការិយាល័យជំនាញខេត្ត ជាអ្នកបំពេញសំណុំរឿងចាត់ការបន្ត តាមនីតិវិធីច្បាប់។

មន្ត្រីនគរបាលរូបនេះ ឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ដេត ខេមរិនឌី ហៅ (ឆក) នេះ ជាមុខសញ្ញាចោរលួចយ៉ាងសកម្ម កន្លងមក ហើយតែងតែដើរ ធ្វើសកម្មភាពម្នាក់ឯង។ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត បានបញ្ជាក់ឲ្យដឹងថាៈ នេះជាករណីអំពើប្លន់ ដោយជនសង្ស័យ
ចូលប៉ុនប៉ង វាយសម្លាប់ ទៅលើជនរងគ្រោះ ដើម្បីប្លន់យកទ្រព្យសម្បត្តិ៕

បញ្ជូនខ្លួន ជនសង្ស័យ ២នាក់ ឡើងតុលាការ ពាក់ព័ន្ធករណី វាយប្លន់ ជនបរទេស