ឆ្នាំ២០១៥ ភ្ញៀវទេសចរទៅទស្សនា កម្សាន្តនៅភ្នំសន្ទុកជិត ៥ម៉ឺននាក់

ភ្នំពេញ៖ យ៉ាងហោចណាស់ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជិត ៥ម៉ឺននាក់ បានទៅទស្សនាកម្សាន្ត នៅរម្មណីយដ្ឋានភ្នំសន្ទុក ឋិតក្នុងខេត្តកំពង់ធំ កាលពីឆ្នាំ២០១៥កន្លងទៅនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានដក់ស្រងសម្តី លោក សេង អាន ប្រធានមន្ទីរទេសចរណ៏ ខេត្តកំពង់ធំថា នៅឆ្នាំ២០១៥ រមណីយដ្ឋានភ្នំសន្ទុកទទួលភ្ញៀវទេសចរមកទស្សនាកម្សាន្តចំនួន៤៧៧៤១នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ៤៦៥៧៥នាក់និងភ្ញៀវអន្តរជាតិចំនួន១១៦៦នាក់។

លោក បានបន្តថា នៅលើរម្មណីយដ្ឋានភ្នំ មានព្រះវិហារ និងព្រះពុទ្ធរូបជាច្រើនអង្គ ដែលឆ្លាក់ជាប់នឹងផ្ទាំងថ្មធំៗ រាប់ទាំងព្រះពុទ្ធបរិនិពាន្តបីព្រះអង្គ ក្នុងមួយអង្គៗប្រវែង ជាង១០ ម៉ែត្រអាចឱ្យភ្ញៀវមកទស្សនាក៏ដូចជាអ្នក ស្រុកគោរពបូជានៅពេលមានពិធីបុណ្យឬ នៅពេលមក ទស្សនាកម្សាន្តម្ដងៗ។

ប្រធានមន្ទីរទេសចរណខេត្តកំពង់ធំរូបនេះ បានបន្ថែមថា រមណីយដ្ឋាននេះមានភ្នំនៅក្បែរៗគ្នាចំនួន០៤ស្ថិត នៅក្នុងតំបន់ ភ្នំសន្ទុកនោះ គឺភ្នំពែនជុំ ភ្នំស្រះខ្ចៅ ភ្នំចំប៉ា និងភ្នំសន្ទុកនេះឯង ដែលសម្បូរទៅដោយដើមឈើតូចធំ ជាច្រើនព្រមទាំងមានផ្ទាំងថ្មធំៗ បង្កើតបានជាទេសភាពស្រស់ត្រកាលនិងខ្យល់អាកាសល្អបរិសុទ្ធត្រជាក់គួជាទី មនោរម្យសម្រាប់ភ្ញៀវទេសចរមកទស្សនាកម្សាន្ត។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៥ខេត្តកំពង់ធំ ទទួលភ្ញៀវទេសចរមកទស្សនាកម្សាន្ត និងសិក្សា ស្រាវជ្រាវនៅតាម រមណីយដ្ឋាននានាសរុបចំនួន ២១៨.៩៣៦នាក់ មានការកើនឡើងជាងឆ្នាំ២០១៤ចំនួនជាង២០០០នាក់ ក្នុងនោះភ្ញៀវជាតិចំនួន២០១.១៣៧នាក់កើនឡើង ៦២,៧២ភាគរយ និងភ្ញៀវអន្តរជាតិចំនួន ១៧.៧៩៩នាក់ មានការកើនឡើង ២៣,៣៩ភាគរយ៕

ឆ្នាំ២០១៥ ភ្ញៀវទេសចរទៅទស្សនា កម្សាន្តនៅភ្នំសន្ទុកជិត ៥ម៉ឺននាក់