សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖  អ្នកចម្រៀង​ថ្មី​លោក អ៊ា​ម វ​ន្នី កំពុង​តែ​មមាញឹក​ជាមួយ​អាជីព​សិល្បៈ ពិសេស​ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​២០១៦​នេះ​លោក​ត្រៀម​ចេញ​បទ​ចម្រៀង​អប់រំ​ពី​ច្បាប់​ចរាចរណ៍​។

ក្នុង​ជំនួប​ជាមួយ​អ្នក​យក​ព័ត៌មាន​ក្នុង​ពិធី​ខួបកំណើត​តារា​សម្តែង​ភេទ​ទី​៣ លោក​មី​ស្ទ័​រ​ឃ្វី​ន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​អ៊ា​ម វ​ន្នី ឱ្យ​ដឹង​ថា ចាប់តាំងពី​ចូលរួម​ប្រឡង​បញ្ចេញ​សមត្ថភាព​លើ​វេទិកា​លំដាប់​ពិភពលោក​ខេ​ម​បូ​ឌា​ន​អាយ​ដល មក​ធ្វើ​ឱ្យ​លោក​ដឹង​ថា សមត្ថភាព​របស់​ខ្លួន​ប៉ុនណា ហើយ​ពិតជា​មិន​អស់សង្ឃឹម​ទេ​ពេល​ដឹង​ថា​មាន​អ្នកគាំទ្រ ច្រើន ។ ការ​ប្រឡង​គឺ​ពិត​ណាស់​ចង់បាន​ឱកាស​ជាប់​ទៅ​មុខ និង​ចង់បាន​ចំណាត់ថ្នាក់​លេខ​១ ប៉ុន្តែ​អ្វី​ដែល​សំខាន់​លោក​វ​ន្នី​បាន​ពង្រឹង​ភាព​ក្លាហាន និង​ខំ​បញ្ចេញ​ស្នាដៃ​អស់ពី​ចិត្ត​កាយ ។ ទីបំផុត​ការ​ប្រឹងប្រែង​បាន​លទ្ធផល​គាប់ប្រសើរ បើ​ទោះ​មិន​ជាប់​ឆ្នើម តែ​ធ្វើ​ឱ្យ​មហាជន​ស្រឡាញ់​ចូល​ចិត្តបាន ។

អ៊ា​ម វ​ន្នី អរគុណ​ដល់​កម្មវិធី​ខេ​ម​បូ​ឌា​ន​អាយ​ដល រៀបចំ​ដោយ​ស្ថានីយ​ទូ​ទស្សន៍​ហង្ស​មាស ដែល​ចម្រាញ់​ឱ្យ​មាន​តារា ថ្មី​ៗ​រះ​ឡើង ដូច្នេះ​ហើយ​ទើប​ពេល​នេះ ម្នាក់​ៗ​មានមុខមាត់ ព្រម​ជាមួយ​ឱកាស​សម្តែង​គ្រប់​ទិស​ទី ជួយ​ឱ្យ​កម្រិតជីវភាព​ល្អ​ប្រសើរ​ឡើង ។

លោក​អ៊ា​ម វ​ន្នី មិន​មាន​បំណង​ប្រឡង​នា​ឱកាស​ក្រោយ​ទៀត​ទេ ដោយសារ​តែ​កន្លង​មក​មាន​អ្នកគាំទ្រ​រួច​ទៅ​ហើយ ។ អ៊ា​ម វ​ន្នី មិន​ចង់​ដណ្តើម​ជ័យ​លា​ភី​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ទៀត​ទេ ។

សម្រាប់​ឆ្នាំ​២០១៦​នេះ លោក​អ៊ា​ម វ​ន្នី ត្រៀម​និពន្ធ​បទ​ចម្រៀង​អប់រំ​ច្បាប់​ចរាចរណ៍​។ អត្ថន័យ​ចម្រៀង​បែប​កំប្លែង តែ​មាន​ទិស​ដៅ​អប់រំ​ពី​ចរាចរណ៍ ។ គោលបំណង​ចង់ឱ្យ​មនុស្ស​គោរព​ច្បាប់​ចរាចរណ៍ ដោយ​ការ​សម្តែង​បែប​ក្រមិចក្រមើម អប់រំ​យុវវ័យ​សម័យ​ថ្មី ។ លោក​វ​ន្នី​និយាយ​ថា «​ក្មេង​សម័យ​ឥឡូវ​ខ្លះ​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​ទើប​ចង់ឱ្យ​គាត់​ស្តាប់​ចម្រៀង​នោះ ហើយ​ចង់​និយាយ​ប្រាប់​អ្វី​ទៅ​គេ​វិញ ។ ជា​ការណ៍​ពិត​ទៅ​គ្រប់​ប្រភេទ​នៃ​បទ​ចម្រៀង គឺ​ខ្ញុំ​ត្រូវ​តែ​រៀបចំ​ធ្វើ​ទាំងអស់​មិន​ថា​បទ​បែប​សង្គម មនុស្សធម៌​ឡើយ » ។

ចំពោះ​រឿង​ចូល​ជា​សមាជិក​ផលិតកម្ម​ចម្រៀង គឺ​មាន​គេ​ទាក់ទង​ដែរ ហើយ​លោក​អ៊ា​ម វ​ន្នី​ថា លោក​សប្បាយចិត្ត​ដោយ​លក្ខខណ្ឌ​មិនជា​លំបាក​ទេ ឯ​ប្រាក់​កម្រៃ​ក៏​មិន​ចោល​ដែរ គ្រាន់តែ​ចង់បាន​ស្នាដៃ​ថ្មី ចម្រៀង​ថ្មី​ជា​របស់​កូន​ខ្មែរ ដែល​លោក​អាច​ធ្វើ​បាន​តាម​លទ្ធភាព​។ សម្រាប់​អ៊ា​ម វ​ន្នី ទស្សនវិស័យ​ក្នុង​ការ​ធ្វើ​បទ​ចម្រៀង គឺ​បើក​ចិត្ត​ឲ្យ​ទូលាយ​ទទួលយក​អ្នកមាន​សមត្ថភាព គឺ​រើស​យក​អ្នកមាន​សមត្ថភាព​មក​ធ្វើការ​ទាំងអស់​គ្នា ។ បើ​ផលិតកម្ម​គាត់​ចេះ​ល្បិច​យក​អ្នកមាន​សមត្ថភាព​នោះ​ពិតជា​ល្អ ។
ចំពោះ​ការងារ​សិល្បៈ​អ៊ា​ម វ​ន្នី មិន​ប្រកាន់​ទេ ទាំង​ភាពយន្ត​ក៏​ស្រឡាញ់​សុទ្ធតែ​ជា​សិល្បៈ​ដូច​គ្នា មិន​ចាំបាច់​តែ​ចម្រៀង​ឡើយ ។

លោក​អ៊ា​ម វ​ន្នី ជា​អ្នក​បាត់ដំបង​មាន​បងប្អូន​៦​នាក់​ប្រុស​ទាំងអស់​ក្នុង​នោះ​លោក​ជា​កូន​ទី​៤ ។ ក្នុង​ចំណោម​បងប្អូន​របស់​លោក​វ​ន្នី​គ្មាន​អ្នក​ណា​ជា​អ្នកសិល្បៈ​ទេ ឯ​ឪពុក​ម្តាយ​និង​សាច់ញាតិ​ក៏​មិន​មាន​អ្នក​ណា​ជា​អ្នកសិល្បៈ​ដែរ ។

ឆ្នាំ​នេះ​វ​ន្នី​មាន​វ័យ​២៩​ឆ្នាំ ។ ភ្ជាប់​ខ្លួន​ជាមួយ​សិល្បៈ​កន្លង​មក​អ៊ា​ម វ​ន្នី បាន​និ​ព​ន្ឋ​បទ​ចម្រៀង​ចំនួន​១៧​បទ​ហើយ ។ បទ​ដែល​ទស្សនិកជន​ទទួលស្គាល់ និង​ល្បី​មាន​បទ​«​ស្អប់​ស្នេហ៍​ដំបូង​» បទ «​ខ្ញុំ​ជា​អ្នក​ខេត្តបាត់ដំបង​» និង​បទ «​គុណ​បុ​ប្ជា​មហា​សន្តោស​» ៕