ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប​ ៖ ប្រជាពលរដ្ឋ​ចំនួន៦​គ្រួសារដែល​បាន​ស្ម័គ្រចិត្ត​ចាប់ឆ្នោត​ទៅ​រស់នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ​បាន​មក​ទទួល​ថវិកា​ចំនួន​២១​លាន​រៀល ក្នុង​មួយ​គ្រួសារពី​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​សាងសង់​ផ្ទះថ្ម នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក កាល​ពី​ថ្ងៃ​ទី​១២ ​មករា ​២០១៦​​ ។

ពិធី​ប្រគល់-​ទទួល​ថវិកាពី​អាជ្ញាធរជាតិ​អប្សរា បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​អាជ្ញាធរជាតិ​អប្សរា ក្រោម​អធិបតីភាពលោក ម៉ី ម៉ា​រ៉ា​ឌី ទីប្រឹក្សា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ និង​ជា​ប្រធាន​គម្រោង​អភិវឌ្ឍន៍​ភូមិធម្មជាតិ​រុន​តា​ឯក និង​លោក ភ័ន ផល្លា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​ជា​អនុប្រធាន​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក ដោយ​មានការ​ចូលរួម​ពី​មេធាវី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ប្រជាពលរដ្ឋ​ទាំង៦​គ្រួសារ​ផង​ដែរ​។

បន្ទាប់​ពី​ធ្វើការ​ប្រគល់​ថវិកា​​រួច​មក លោក ភ័ន ផល្លា បាន​បញ្ជាក់​ថា ការ​ផ្តល់​ជូន​សាច់ប្រាក់​នេះ គឺ​ដើម្បី​ឱ្យ​ពួក​គាត់​យក​ទៅ​សាងសង់​ផ្ទះតាម​គំរូ​ដែល​ក្រុម​ជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​គូស​ជូន​ពួក​គាត់ ដោយ​ឱ្យ​ពួក​គាត់​ទិញ​សម្ភារ និង​ជួល​ជាង​ធ្វើ​ដោយ​ខ្លួនឯង​។

លោក​បន្ថែម​ថា ចាប់ពី​ថ្ងៃ​ទី​១ ​នៃ​ការ​ទទួល​បាន​ថវិកា​នេះ យ៉ាង​យូរ​បំផុត​១​ខែ ប្រជាពលរដ្ឋ​ម្ចាស់​ដី ត្រូវ​ចូល​ទៅ​កាប់​ឆ្ការព្រៃ ដី ស្រែ និង​សាងសង់​ផ្ទះ​ជា​កំណត់​។ លោក​បញ្ជាក់​ទៀត​ថា អាជ្ញាធរជាតិ​អប្សរា មិន​ផ្តល់​សាច់ប្រាក់​ទាំងស្រុង​នោះ​ទេ តែ​នឹង​បើក​ជូន​ពួក​គាត់​តាម​តម្រូវការរហូត​ដល់​ពួក​គាត់​សាង់សង់​ផ្ទះ​រួច ដើម្បី​ការពារហានិភ័យកើតឡើង​ណាមួយដែល​ពួក​គាត់​យក​ទៅ​ប្រើប្រាស់​ខុស​ពី​អ្វីដែល​ស្នើ​សុំ ដូច​ជា​ករណី​សងបំណុល ឬ​ធ្វើ​អ្វី​ផ្សេង​ៗ​៕
        ​