បំបែកសំណុំរឿង​ចោរប្លន់​សម្លាប់​យក​រថយន្ត

បំបែកសំណុំរឿង​ចោរប្លន់​សម្លាប់​យក​រថយន្ត

ខេត្តក្រចេះ ៖ ប្រុស​ស្រី​៥​នាក់​ដែល​ជាប់​សង្ស័យ​ក្នុង​ករណី​ប្លន់​សម្លាប់ អ្នក​បើករថយន្ត​តាក់ស៊ី​ប្លន់​យក​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ពី​ខេត្តព្រះវិហារ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ខេត្តក្រចេះ បើក​ប្រតិបត្តិការ​បង្ក្រាប​បាន និង​ប្រគល់​ទៅ​ឱ្យ​នគរបាល​ខេត្តព្រះវិហារ ដើម្បី​បន្ត​នីតិវិធី​។ជនសង្ស័យ​ប្រុស​ស្រី​៥​នាក់ ក្នុង​នោះ​មាន​ប្រុស​៤​នាក់ ត្រូវ​នគរបាល​ខេត្តក្រចេះ​ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ ភី ស្នងការ​រង​ទទួល​បន្ទុក​កណ្តាល​ព្រហ្មទណ្ឌ បង្ក្រាប​បាន​នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១១ មក​រា​នៅ​ភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខណៈ​ដែល​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវជាតិ​ក្នុង​គោលដៅ​ឆ្ពោះទៅ​កាន់​ខេត្តរតនគិរី ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បានឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជន​ទាំងនេះ​គឺ​បាន​ធ្វើ​ទ្បើ​ង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​នគរបាល​ខេត្តព្រះវិហារ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ប្លន់​សម្លាប់​យក​រថយន្ត​ពី​ជន​រង​គ្រោះ ជា​អ្នក​រត់​តាក់ស៊ី​នៅ​ខេត្តព្រះវិហារ ។ នគរបាល​ឱ្យ​ដឹង​ទៀត​ថា បុរស​ជា​អ្នក​បើក​តាក់ស៊ី​ម្នាក់ បាន​បាត់​ខ្លួន​តាំងពី​ខែធ្នូ​ឆ្នាំ​២០១៥ ជា​ការ​បាត់​ខ្លួន​រួម​ជាមួយនឹង​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​មួយ​គ្រឿង ដោយ​គ្មាន​មូលហេតុ ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​បាន​មក​ដាក់​ពាក្យបណ្តឹង​ដល់​នគរបាល​ខេត្តព្រះវិហារ ដើម្បី​សុំ​ការ​អន្តរាគមន៍ ។ រហូត​មក​ទល់​នឹង​ល្ងាច​ថ្ងៃ​ទី​៨ មក​រា សព​របស់​អ្នក​រត់​តាក់ស៊ី​ដែល​បាត់​ខ្លួន ត្រូវ​អ្នក​ដើរ​ព្រៃ​ប្រទះ​ឃើញ​ស្លាប់​ស្អុយរលួយ​ក្នុង​ព្រៃ​នៅ​ចំណុច​ត្រពាំង​ហ្ម​សែត ផ្លូវលំ​ចូល​ទៅ​ភូមិ​សំបូរ ឃុំ​សង្កែ​២ ស្រុក​ឆែប ខេត្តព្រះវិហារ ដែល​សព​ត្រូវ​ជន​ដៃដល់​សម្លាប់​ដោយ​យក​ខ្សែ​អង្រឹង​រឹត​ក ។ ករណី​នេះ​ក៏​ត្រូវ​បាន​នគរបាល​ជំនាញ​កំណត់​ថា ជា​អំពើ​ប្លន់​សម្លាប់​យក​រថយន្ត ។

នាយ​រង​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ខេត្ត លោក​វរសេនិយ៍​ឯក កង វ​ណ្ណី បានឱ្យ​ដឹង​ថា ក្រោយ​ពី​ចុះ​ស៊ើបអង្កេត​របស់​កម្លាំង​នគរបាល​ខេត្តព្រះវិហារ​លើ​ករណី​មួយ​នេះ ទើប​ឈាន​ដល់​ការ​កំណត់​មុខសញ្ញា​លើ​ជនសង្ស័យ ក៏​សម្រេច​ចាប់​ឃាត់​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​លឿង​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-0607 ដែល​មាន​ម្ចាស់​រថយន្ត​២​នាក់​ប្តី​ប្រពន្ធ ព្រមទាំង​អ្នក​រួម​ដំណើរ​៣​នាក់​ផ្សេង​ទៀត ដែល​កំពុង​បើកបរ ។

បើ​តាម​ការ​បញ្ជាក់​ពី​ជន​ប្រុស​ស្រី​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ជា​ម្ចាស់​រថយន្ត​មួយ​គ្រឿង​នេះ​បាន​ប្រាប់​ថា រថយន្ត​មួយ​គ្រឿង​នេះ ខ្លួន​បាន​ទិញ​បន្ត​ពី​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ។ ជន​ទាំង​៣​នាក់​ដែល​បាន​ឃាត់ខ្លួន​ជំហាន​ដំបូង គឺ​ពួក​គេ​បាន​ជិះ​រថយន្ត​នេះ​ពី​ខេត្តព្រៃវែង ក្នុង​ដំណើរ​ឆ្ពោះទៅ​ខេត្តរតនគិរី ។ ដោយសារ​តែ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្តី​ប្រពន្ធ ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ទៀត ។

ប៉ូលិស​បាន​បង្ហាញ​អត្តសញ្ញាណ​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៥​នាក់ ប្តី​ឈ្មោះ ប៊ុ​ន សា​រុន អាយុ​៤២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ រី​ន សុត អាយុ​៣៨​ឆ្នាំ ។ ទាំង​២​នាក់​ប្តី​ប្រពន្ធ​មាន​ទីលំនៅ​ឃុំ​រកា​កួយ ស្រុក​កងមាស ខេត្តកំពង់ចាម និង​ជនជាប់សង្ស័យ​៣​នាក់​ផ្សេង​ទៀត ១-​ឈ្មោះ កុំ ហឿ​ន អាយុ​៣៨​ឆ្នាំ ២-​ឈ្មោះ ក្រាល ឈិ​ន អាយុ​៤១​ឆ្នាំ និង​៣-​ឈ្មោះ រេ​ន ផល្លា អាយុ​៣១​ឆ្នាំ ។ ជន​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​តាំង​ស្វាយ ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង ។
យ៉ាងណា​ក៏​ដោយ ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ក្នុង​អំពើ​ប្លន់​សម្លាប់​យក​រថយន្ត​នេះ នគរបាល​ខេត្តក្រចេះ​មិន​ទាន់​បាន​សាកសួរ​នៅ​ទ្បើ​យ​ទេ ដោយ​ជន​ទាំងនេះ​រួម​ទាំង​វត្ថុ​តាង​មាន​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង ដែល​ចាប់​ឃាត់​ផង​ដែរ​នោះ ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តក្រចេះ​ប្រគល់​ឱ្យ​នគរបាល​ខេត្តព្រះវិហារ​ទាំង​យប់ នា​ថ្ងៃ​ទី​១១ មក​រា ដើម្បី​យក​ទៅ​បន្ត​នីតិវិធី ៕