សុខភាព &raquo សុខភាព

របកគំហើញ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ Iowa State University សហរដ្ឋអាមេរិក​បាន​បង្ហាញ​ថា ការ​រត់​ត្រឹមតែ​៧​នាទី​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ បើ​ទោះជា​ក្នុង​ល្បឿន​យឺត​ក្តី​ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​ស្លាប់​ពី​ជំងឺ​បេះដូង​បាន​ប្រមាណ​ជា​ជិត​៥០​ភាគរយ ។

ការ​ពិនិត្យ​តាមដាន​លើ​មនុស្ស​ធំ​៥​ម៉ឺន​៥​ពាន់​នាក់​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​រយៈពេល​១៥​ឆ្នាំ​បាន​រក​ឃើញ​ថា អ្នក​ហាត់ប្រាណ​ដោយ​រត់​គឺ​អាច​កាត់​បន្ថយ​ហានិភ័យ​ពី​ការ​ស្លាប់​ដោយ​បុព្វហេតុ​ផ្សេង​ៗ​បាន​៣០​ភាគរយ​ធៀប​ទៅ​នឹង​អ្នក​ដែល​មិន​រត់ ។ ចំណែក​ហានិភ័យ​នៃ​ការ​ស្លាប់​ពី​ជំងឺ​បេះដូង​ឬ​ដាច់​សរសៃឈាម​ខួរក្បាល អាច​កាត់​បន្ថយ​បាន​៤៥​ភាគរយ ។ ដូចនេះ ការ​រត់​តិច​ជាង​ឬ​១​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍​ក៏​អាច​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​សុខភាព​ស្មើនឹង​ការ​រត់​ច្រើន​ជាង​៣​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍​ដែរ ។

វេជ្ជបណ្ឌិត Duck-Chul Lee អ្នកដឹកនាំ​ការ​សិក្សា​បាន​ថ្លែង​ថា ចាប់តាំងពី​ពេល​ដែល​ថា ពេលវេលា​គឺជា​ឧបសគ្គ​មួយ​ដ៏​ធំ​បំផុត​រារាំង​ការ​ចូលរួម​របស់​បុគ្គល​ក្នុង​សកម្មភាព​រាង​កាយ​នោះ​លទ្ធផល​នៃ​ការ​សិក្សា​នេះ​ប្រហែលជា​អាច​ជួយ​ជំរុញ​ការ​លើកទឹកចិត្ត​ដល់​បណ្តាជន​ទូទៅ​កាន់តែ​ច្រើន​ថែម​ទៀត​ងាក​មក​ចាប់​យក​ការ​ហាត់ប្រាណ​ដោយ​រត់ និង​បន្ត​រត់​ដើម្បី​សម្រេច​បាន​គោលដៅ​សុខភាព ។ វេជ្ជបណ្ឌិត​រូប​នេះ​បាន​បន្ត​ថា រត់​អាច​ជា​លំ​ហាត់ប្រាណ​ល្អ​ប្រសើរ​ជាង​លំ​ហាត់ប្រាណ​ដែល​ប្រើ​កម្លាំង​មធ្យម​មួយ​ចំនួន​។ នេះ​ពីព្រោះ វា​បង្កើត​នូវ​អត្ថប្រយោជន៍​ដល់​សុខភាព​ប្រហាក់ប្រហែល​គ្នា​នឹង​ការ​ហាត់ប្រាណ​ប្រើ​កម្លាំង​មធ្យម​រយៈពេល​ពី​១៥​ទៅ​២០​នាទី​ក្នុង​មួយ​ថ្ងៃ ។

បញ្ចេញ​ទស្សនៈ​យល់​ឃើញ​របស់​ខ្លួន​ចំពោះ​លទ្ធផល​នៃ​ការ​សិក្សា​លើក​នេះ Christopher Allen គិលានុបដ្ឋាក​ជាន់ខ្ពស់​ផ្នែក​បេះដូង​មក​ពី​មូលនិធិ​ជំងឺ​បេះដូង​អង់គ្លេស​បាន​បញ្ជាក់​ថា ការពារ​ខ្លួន​យើង​ទប់ទល់​នឹង​បណ្តា​លក្ខខណ្ឌ​ផ្លាស់​ប្តូរជីវិត​តួយ៉ាង​ដូច​ជា គាំងបេះដូង​ឬ​ដាច់​សរសៃឈាម​ខួរក្បាល​គួរ​ជា​បញ្ហា​អាទិភាព​ចម្បង​សម្រាប់​មនុស្ស​គ្រប់​គ្នា ។ ប៉ុន្តែ​ការ​ពិត​គឺ​មិនមែន​គ្រប់​ៗ​គ្នា​ចាត់ចែង​ដើម្បី​ទទួល​បាន​ផល​ពី​ការ​ហាត់ប្រាណ​១៥០​នាទី​ក្នុង​មួ​យស​ប្តា​ហ៍​នោះ​ទេ ។ អ្វី​ដែល​ការ​សិក្សា​លើក​នេះ​បាន​បង្ហាញ​គឺថា នៅ​ពេល​ដែល​និយាយ​ពី​ការ​រក្សា​រាង​កាយ​ឱ្យ​មាន​សកម្មភាព​គ្រប់​ជំហាន​គឺ​សំដៅ​ទៅ​លើ​ការ​រក្សា​សុខភាព​បេះដូង ។ ការ​បំបែក​ពេលវេលា​ហាត់ប្រាណ​ត្រឹម​១០​នាទី​ម្តង​គឺ​រឹតតែ​ធ្វើ​ឱ្យ​គេ​ឆាប់​សម្រេច​បាន​នូវ​គោលដៅ​សុខភាព ៕