ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជ​ធានីភ្នំពេញ ៖ ​បុរស​ម្នាក់​បន្លំ​ស្លៀកពាក់ឯកសណ្ឋាន​ជា​មន្ត្រី​កងរាជអាវុធហត្ថ​​ពាក់ស័ក្តិ២ ត្រូវ​ន​គរ​បាល​ប៉ុ​ស្តិ៍​​រដ្ឋ​បាល​​ផ្សារ​ដើម​គរ ​​ចាប់​​ឃាត់ខ្លួន​ភ្លាម​ៗប្រគល់​ឱ្យ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី១២ ខែមករា ឆ្នាំ២០១៦ នៅ​ចំណុច​ផ្សារ​នាគ​មាស ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក  ។

​មន្ត្រី​សមត្ថកិច្ច​បានឱ្យ​​ដឹង​ថា ​ជនសង្ស័យ​​ឈ្មោះ ហ៊ុន រិ​ទ្ធ ​អាយុ៣៥​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។ មុន​ពេល​ឃាត់​​​ខ្លួន​ជន​សង្ស័យ​រូប​នេះ ខណៈ​ដែល​សមត្ថកិច្ច​​​ជិះ​ម៉ូតូ​ល្បាត​​ក្នុង​​មូល​​ដ្ឋាន​​ឃើញ​មាន​មនុស្ស​មួយ​ក្រុមជិះ​ម៉ូតូ​​ច្រើន​គ្រឿង​​​​ស្រែក​​ដេញ​វាយ​គ្នា​ពេញ​ផ្លូវ ហើយ​ក៏​​មាន​បុរស​ម្នាក់​​ស្លៀកពាក់ឯកសណ្ឋាន​ជា​មន្ត្រី​កងរាជអាវុធហត្ថ ​ជិះ​ម៉ូតូ​ជ្រុល​ទៅ​ប៉ះ​ជាមួយ​រថយន្តឡិច​ស៊ី​ស​៥៧០​មួយ​គ្រឿង ពណ៌​ស គ្មាន​ស្លាក​លេខ ​បើក​ស្រប​ទិស​គ្នា​​បណ្តាល​ឱ្យ​​ដួល​ម៉ូតូ​ ដោយ​ឃើញ​បែប​នេះ​​​សមត្ថកិច្ច​ល្បាតក៏​ចុះ​សួរនាំ​​បុរស​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ជា​មន្ត្រី​កងរាជអាវុធហត្ថ​​​​នោះ​ថាមាន​រឿង​អ្វី? ​​បុរស​​ពាក់​ឯកសណ្ឋាន​​ប៉េអឹម​នោះ​​​ឆ្លើយ​​​ថា​ ​គាត់​ជា​មន្ត្រី​​ប៉េអឹមខណ្ឌទួលគោក ​​សូម​​សមត្ថកិច្ច​ជួយ​គាត់​​ផង ​។

​​សមត្ថកិច្ច​មានការ​សង្ស័យ​ព្រោះ​មិន​ដែល​​ស្គាល់មុខ​​ក៏​នាំ​​​មក​សួរនាំ​​នៅ​​ប៉ុ​ស្តិ៍​ផ្សារ​ដើម​គរ ​និង​​​​ទាក់​ទង​ទៅ​ខាងមន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​ ​។​ ក្រោយ​កម្លាំងកង​​រាជ​អាវុធហត្ថ​ខណ្ឌ​ទួល​គោក ចុះ​មក​ត្រួតពិនិត្យ​​ ​បុរស​ម្នាក់​នេះ​​មិនមែន​ជា​មន្ត្រី​​កង​រាជ​អាវុធហត្ថ​​​ខណ្ឌ​ទួល​គោក​ឡើយ ។ ​

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​​​ជនសង្ស័យ​រូប​នេះ​​បាន​ឆ្លើយ​សារ​ភាព​ថា ​គេ​មិនមែន​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ទេ គឺ​គ្រាន់តែ​ក្លែងបន្លំ​ឯកសណ្ឋាន​ជា​មន្ត្រី​កងរាជអាវុធហត្ថ​​ដើម្បី​ដើរ​គំរាម​គេឯង​យក​លុយ​ប៉ុណ្ណោះ ​ហើយ​ក៏​​ត្រូវ​​​​កង​រាជ​អាវុធហត្ថ​ខណ្ឌទួលគោក​ឃាត់ខ្លួន ​រួម​នឹង​​ម៉ូតូ​ហុងដា​ឌ្រីម ធុន​​សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​ មួយ​គ្រឿង យក​ទៅ​មូល​ដ្ឋាន​​កង​រាជ​អាវុធហត្ថ​​ខណ្ឌទួលគោក​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕