មូលហេតុ​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​ Apple លុប​​រន្ធ​កាស​ពី​ iPhone 7


មូលហេតុ​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​ Apple លុប​​រន្ធ​កាស​ពី​ iPhone 7

មាន​ប្រភព​ព័ត៌មាន​មិន​តិច​​ទេ​បាន​លើក​ឡើង​ថា​ iPhone 7 នឹង​មិន​មាន​រន្ធ​កាស ហើយ​ស្រប​ពេល​គ្នា​នេះ​ដែរ​វិបសាយ​បរទេស​មួយ​បាន​លើក​ឡើង​ពី​ហេតុ​ផល​មួយ​ចំនួន​ដែល​​អាច​ធ្វើ​ឲ្យ​ Apple សម្រេច​ចិត្ត​ដូច​ដែល​ប្រភព​ជា​ច្រើន​បាន​ផ្សព្វផ្សាយ។

 

មូលហេតុ​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​ Apple លុប​​រន្ធ​កាស​ពី​ iPhone 7

 

វិបសាយ​ iDownloadBlog បាន​លើក​យក​ហេតុផល​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

 

@​បង្កើន​ផល​ចំណេញ៖

ការ​ដែល​មិន​ឲ្យ​ iPhone 7 មាន​រន្ធ​កាស​នោះ​អាច​ធ្វើ​ឲ្យ​ Apple ទទួល​បាន​ផល​ចំណេញ​យ៉ាង​ច្រើន។ ទី​មួយ​​គឺ​ផល​ចំណេញ​​ទទួល​បាន​ពី​កម្មវិធី​ MFi ដែល​ជា​កម្មវិធី​មួយ​ ផ្ដល់​ឲ្យ​ក្រុមហ៊ុន​ដទៃ​​នូវ​​គ្រឿង​បន្លាស់​ ត្រូវ​ការ​ដើម្បី​ផលិត​​​ខ្សែ​ត​ភ្ជាប់​កាស​ទំហំ​៣,៥​ម.ម​ ទៅ​នឹង​រន្ធ​ Lighting ​ដើម្បី​អាច​ប្រើ​ជា​មួយ​ iPhone, iPad ឬ​ iPod បាន ហើយ​​កម្មវិធី​​នេះ​មិន​មែន​ធ្វើ​ឡើង​ដោយ​ឥត​គិត​ថ្លៃ​នោះ​ទេ។ ឯ​ទី​ពីរ​វិញ​​គឺ​ក្រុមហ៊ុន​អាច​រក​ផល​ចំណេញ​បាន​ពី​ការ​លក់​កាស​ឥត​ខ្សែ​ម៉ាក​ Beats ដែល​ខ្លួន​មាន​ស្រាប់។

 

@ដើម្បី​ធ្វើ​ឲ្យ​ទូរសព្ទ​ជំនាន់​ថ្មី​មាន​ទម្ងន់​ស្រាល ​និង​ស្ដើង៖
ការ​ដក​រន្ធ​កាស​ទំហំ​ ៣,៥​ម.ម​ ចេញ​អាច​ឲ្យ​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ដែល​មាន​ទម្ងន់​ស្រាល​ និង​មាន​កម្រាស់​ស្ដើង​បាន។

 

@អាច​មាន​ចន្លោះ​សម្រាប់​បន្ថែម​ទំហំ​ថ្ម៖

 

មូលហេតុ​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​ Apple លុប​​រន្ធ​កាស​ពី​ iPhone 7

 

បើ​រន្ធ​កាស​ ៣,៥​ម.ម​ ត្រូវ​បាន​ដក​ចេញ​ពិត​មែន​នោះ​នឹង​មាន​សល់​ចន្លោះ​ទំនេរ​ជា​មិន​ខាន ហើយ​អ្វី​ដែល​អាច​ទៅ​រួច​នោះ​គឺ​ក្រុមហ៊ុន​ Apple នឹង​​ធ្វើ​ការ​បន្ថែម​ទំហំ​ថ្ម​ទូរសព្ទ​តាម​រយៈ​ចន្លោះ​ដែល​ទំនេរ​នេះ។

 

@​ប្រព័ន្ធ​ឥត​ខ្សែ​គឺ​ជា​អនាគត៖
ការ​វិវឌ្ឍ​នៃ​បច្ចេកវិទ្យា​បាន​ធ្វើ​ឲ្យ​ឧបករណ៍​អេឡិចត្រូនិក​ជា​ច្រើន​ចាប់​ផ្ដើម​មាន​ភាព​ម្ចាស់​ការ​លើ​ខ្លួន​ឯង​បាន​ ដែល​មាន​ន័យ​ថា​មិន​មាន​ប្រើ​ប្រាស់​ខ្សែ​ដើម្បី​ត​ភ្ជាប់​ពី​ឧបករណ៍​មួយ​ទៅ​ឧបករណ៍​មួយ​ទៀត​នោះ​ទេ។ ហេតុ​នេះ​ទើប​អាច​បណ្ដាល​ឲ្យ​ Apple បំភ្លេច​ចោល​នូវ​រន្ធ​កាស​ទំហំ​ ៣,៥​ម.ម​ ដែល​អាច​នឹង​ហួស​សម័យ​នា​ពេល​ខាង​មុខ។

 

គួរ​រំលឹក​សា​ជា​ថ្មី​ថា​​ទាក់​ទង​ទូរសព្ទ​ iPhone 7 ដែល​​នឹង​មិន​មាន​រន្ធ​កាស​នេះ​មិន​ទាន់​មាន​ព័ត៌មាន​ណា​អាច​បញ្ជាក់​​បាន​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​មាន​ប្រភព​ជា​ច្រើន​បន្ត​អះអាង​ថា​ព័ត៌មាន​នេះ​គឺ​ជា​ការ​ពិត៕
ចុច​អាន៖ Apple ត្រៀម​ជា​ស្រេច​នូវ​កាស​ឥត​ខ្សែ​សម្រាប់ iPhone 7 ដែល​គ្មាន​រន្ធ​ដោត​កាស

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​​​​​​​​​​​​​​​​​​​​​ iDownloadBlog