សុខភាព &raquo សុខភាព

នៅ​ក្នុង​ការ​ពិសោធ​ដែល​មាន​រយៈពេល​ប្រហែលជា​៣​ខែ​ទៅ​លើ​អ្នកជំងឺ​៦៩៦៧​នាក់ ក្រុម​អ្នក​ស្រាវជ្រាវ​អា​មេ​រិ​កបាន​រក​ឃើញ​ថា បណ្តាជន​ដែល​លេបថ្នាំ​បញ្ចុះ​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ជាប់​ជា​ប្រចាំ​ប្រឈម​នឹង​បញ្ហា​សន្លាក់​ក៏​ដូច​ជា​ខ្សោយ​សាច់ដុំ​ដល់​ទៅ​២០​ភាគរយ​ធៀប​ទៅ​នឹង​ក្រុម​ដែល​មិន​បាន​លេប ។

ថ្លែង​នៅ​ក្នុង​របាយការណ៍​ពី​របកគំហើញ​របស់​ខ្លួន​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ JAMA Internal Medicine ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា ជា​ការ​សិក្សា​លើក​ដំបូង​ដែល​បាន​បង្ហាញ​ថា ការ​ប្រើប្រាស់​បណ្តា​ឱសថ​បញ្ចុះ​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ក​ឱ្យ​ឈឺសន្លាក់ ការ​របួស​ឈឺចាប់ និង​ខ្សោយ​សាច់ដុំ (Musculoskeletal Disorder)» ។ ការ​រក​ឃើញ​លើក​នេះ​អាច​នាំ​ឱ្យ​មានការ​បារម្ភ ពីព្រោះ​បច្ចុប្បន្ន​មាន​មនុស្ស​វ័យក្មេង​ជា​ច្រើន​កំពុង​ប្រើប្រាស់​ពពួក​ឱសថ​បញ្ចុះ​ខ្លាញ់​នេះ ។

រីឯ​វេជ្ជបណ្ឌិត Tim Chico មក​ពី​មន្ទីរពេទ្យ​សាកលវិទ្យាល័យ University of  Sheffield Teaching Hospital បាន​ថ្លែង​ថា ឱសថ​បញ្ចុះ​ខ្លាញ់​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ច្រើន​នៅ​ពេល​អ្នកជំងឺ​ប្រើប្រាស់​វា​ឱ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ទៅ​លើ​អ្នក​ដែល​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​គាំងបេះដូង ។

ដោយឡែក តាម​របាយការណ៍​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​តៃវ៉ាន់​បាន​បង្ហាញ​ថា បណ្តា​ថ្នាំ​បញ្ចុះ​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ជាប់​ពាក់ព័ន្ធ​នឹង​កំណើន​ហានិភ័យ​ពី​ជំងឺមហារីក​ក្រ​ពេញទី​រ៉ូ​អីុដ​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ជា​ស្ត្រី ។ តាម​ការ​សិក្សា​ដែល​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ Shiu-Dong Chung មក​ពី​មន្ទីរពេទ្យ Far Eastern Memorial ក្រុង​តៃប៉ិ​បានឱ្យ​ដឹង​ថា ជន​ដែល​លេបថ្នាំ​បញ្ចុះ​ខ្លាញ់​ជា​ទម្លាប់​៤០​ភាគរយ​ប្រឈម​នឹង​ការ​កើត​ជំងឺមហារីក​ក្រ​ពេញទី​រ៉ូ​អីុដ ដោយ​ក្នុង​នោះ​ស្ត្រី​ប្រឈម​ខ្លាំង​ជាង​បុរស ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ថ្លែង​ថា ការ​សិក្សា​តាម​បែប​អង្កេត​ជា​ច្រើន​ពី​មុន​មក​គឺ​សុទ្ធតែ​បាន​បង្ហាញ​នូវ​លទ្ធភាព​ដែល​ថា ការ​ប្រើប្រាស់​ពពួក​ថ្នាំ​បញ្ចុះ​ខ្លាញ់ អាច​បន្ថយ​ហានិភ័យ​ពី​ជំងឺមហារីក​គ្រប់​ប្រភេទ ។ យ៉ាងណា​ក្តី នេះ​ជា​ការ​សិក្សា​លើក​ដំបូង​ដែល​បាន​ពិនិត្យ​មើល​លើ​ផល​ប៉ះពាល់​នៃ​មហារីក​ទី​រ៉ូ​អុ​ី​ដ ។ ដោយឡែក​ចំពោះ​មូលហេតុ​ដែល​ថា ស្ត្រី​ប្រឈម​ខ្លាំង​ជាង​បុរស​គឺ​ដោយសារ​ភាព​ខុស​គ្នា​នៃ​អ័រម៉ូន​ភេទ​ទាំង​២ ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ស្នើ​ថា វា​អាច​នឹង​ទៅ​រួច​ដែល​ថា ស្ត្រី​គឺជា​ប្រធានបទ​ផ្តោត​សំខាន់​ដ្បិត​កម្រិត​អ័រម៉ូន Estrogen របស់​គេ​ខ្ពស់​ជាង​បុរស ។ យើង​សូម​ផ្តល់​ជា​អនុសាសន៍​ថា បណ្តា​ក្រុម​គ្រូពេទ្យ​គួរ​តាមដាន​ឱ្យ​បាន​ម៉ត់ចត់​ចំពោះ​អ្នកមាន​បញ្ហា​ទី​រ៉ូ​អុ​ី​ដដែល​កំពុង​ប្រើប្រាស់​ថ្នាំ​បញ្ចុះ​ខ្លាញ់ ។ ការ​ប្រើ​ជា​ប្រចាំ​ច្រើន​ខែ​អាច​នឹង​បណ្តាល​ឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ហួស​ពី​ការ​គិត ៕