ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជ​ធានី​ភ្នំពេញ ​៖ ជនសង្ស័យ​​២​នាក់​​​ជិះ​ម៉ូតូមួយ​គ្រឿង​​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​អ្នកលក់​មីឆាបាន​សម្រេច​ហើយព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​តែ​ត្រូវ​​​បុរសរត់​ម៉ូតូ​ឌុប​​ម្នាក់​ឃើញ​ហេតុការណ៍​​ក៏​ជិះ​ម៉ូតូដេញ​​តាម​ធ្វើ​ឱ្យ​ជនសង្ស័យ​ភ័យស្លន់ស្លោ​​​ផ្តួល​ម៉ូតូ​​ទុក​ចោរ​រត់​យក​​រួចខ្លួន​ទៅ​បាត់​ស្រមោល​កាលពី​វេលា​ម៉ោង​១​រំលង​អ​ធ្រា​ត្រឈាន​ចូល​ថ្ងៃ​ទី​១៣ ​មករា ​នៅ​ខាងកើត​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ​តាម​បណ្តោយ​មហាវិថីព្រះមុនី​រ៉េ​ត ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​ ។

នារី​​​​ម្ចាស់​ទូរស័ព្ទ ​​ឈ្មោះ អ៊ា​ល ម៉ា​ឡា ​អាយុ​១៧ឆ្នាំ ​​ជា​អ្នកលក់​មីឆា បាន​និយាយ​ថា មុន​ពេល​កើតហេតុ ​នាង​​ឃើញ​​យុវជន​​២​នាក់​​​ជិះ​ម៉ូតូ​​ម៉ាកស៊ី​រុស ពាក់​ស្លាក​លេខអង្គ​ភាព​សារព័ត៌មាន​វិ​រៈ​ជ័យ 0030-K ​មួយ​គ្រឿង ​​ជិះ​មក​ឈប់​ម៉ូតូ​រួច​ស្រែក​ទិញ​មីឆា​និង​បាយ​ឆា ហើយ​ពួក​គាត់​​ក៏​ក្រោក​ឡើង​ទៅ​ឆា​មី​​ឱ្យ​​​ ​​ស្រាប់តែ​ជនសង្ស័យ​២​នាក់​នោះ​ឃើញ​ទូរស័ព្ទ​មួយ​គ្រឿង​ម៉ាក SAMSUNG NOTE ​សាកថ្ម​ជាប់​នឹង​រទេះមីឆា ជនសង្ស័យ​ទាំង​២នាក់​នេះ​​​ឆ្លៀតឱ​កាសធ្វើ​សកម្មភាព​ឆក់យ​កបាន​សម្រេច​ រួច​​​​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន ​ខណៈនោះ​​មាន​បុរស​រត់​ម៉ូតូឌុប​ម្នាក់ឃើញ​​ក៏​ជិះ​ម៉ូតូដេញ​តាម​ពីក្រោយ​​ធ្វើ​ឱ្យ​ជនសង្ស័យ​ភ័យ​ក៏​​​ផ្តួល​ម៉ូតូ​ និង​បោះ​ទូរស័ព្ទ​​ចោល ហើយ​ក៏​រត់គេច​ខ្លួន​ទៅ​បាត់​ដោយ​បន្សល់ទុក​​ម៉ូតូ​មួយ​គ្រឿង​នៅ​កន្លែង​កើតហេតុ ។ 

ក្រោយ​ពេល​កើតហេតុ កម្លាំង​កង​​រាជ​អាវុធហត្ថ​ខណ្ឌទួលគោក​ ​​ចុះ​មក​ដល់​ចំណុច​កើតហេតុ និង​យក​ម៉ូតូ​ជនសង្ស័យ​ទៅ​រក្សា​ទុក​នៅ​​មូល​ដ្ឋាន​​ខណ្ឌទួលគោក ​ដើម្បី​​ស្រាវ​ជ្រាវ ​និង​ទទួល​ពាក្យបណ្តឹង​ពី​​នារី​ម្ចាស់​ទូរស័ព្ទផង​ដែរ  ៕ ​