ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

រាជធានី​ភ្នំពេញ ៖ តម្លៃ​ប្រេង​ឆៅ​បាន​បន្ត​ធ្លាក់​ចុះ​ថែម​ទៀត និង​ជា​ការ​ធ្លាក់​ថ្លៃ​មិន​ឈប់​ឈរ តែ​សម្រាប់​តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា មិន​ខ្វល់​ពី​ការ​ចុះថ្លៃ​បន្ត​ទៀត​នោះ​ទេ ដែល​បច្ចុប្បន្ន​តម្លៃ​ប្រេង​នៅ​ប្រទេស​ជិតខាង​មាន​ត្រឹមតែ​ជាង​២.០០០រៀល​ប៉ុណ្ណោះ​ក្នុង​១​លី​ត្រ ខណៈ​កម្ពុជា​ដែល​ពលរដ្ឋ​ក្រីក្រ​ជាងគេ ត្រូវ​ប្រឈម​មុខ​នឹង​តម្លៃ​ប្រេងឥន្ធនៈ​ជាង​៣០០០​រៀល ។

ប្រឈម​នឹង​បញ្ហា​នេះ មិន​ទាន់​មាន​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​គ្រប់គ្រង​តម្លៃ​ប្រេង​បែប​ណា​នៅឡើយ​ទេ ។ ប្រជាពលរដ្ឋ​និយាយ​ថា សកម្មភាព​នានា​អាច​រស់​រវើក ប្រសិនបើ​មាន​អនុសាសន៍​សម្តេច​តេ​ជោ និង​សង្ឃឹមថា​ បញ្ហា​បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​អាច​នឹង​កើត​មាន​នា​ពេល​ខាង​មុខ ។

នៅ​លើ​ទីផ្សារ​ប្រេង​អាស៊ី តម្លៃ​ប្រេង​ឆៅ LIGHT SWEET CRUDE (WTI) នា​ថ្ងៃ​ទី​១២ មក​រា បាន​ធ្លាក់​ចុះ​មក​នៅ​ក្រោម​៣១​ដុល្លារ ក្នុង​មួយ​ធុង ជា​តម្លៃ​យ៉ាង​ទាប​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​១២​ឆ្នាំ​មក​ហើយ ។ ប្រេង​ឆៅ WTI សម្រាប់​ផ្តល់​ក្នុង​ខែកុម្ភៈ​នា​ព្រឹក​ថ្ងៃ​ទី​១២ មក​រា ធ្លាក់​ចុះ​៤៥​សេន​ទៀត​ក្នុង​មួយ​ធុង មក​នៅ​ត្រឹម​៣០,៩៦​ដុល្លារ ។

ចំណែក​ប្រេង​ឆៅ BRENT យោង​ដល់​ប្រេង​ឆៅ​អឺរ៉ុប​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ខែកុម្ភៈ​ក៏​ធ្លាក់​ថ្លៃ​៤៧​សេន​មក​នៅ​ត្រឹម​៣១,០៨​ដុល្លារ​ដែរ ។ ប្រេង WTI ពុំ​ធ្លាប់​ធ្លាក់​ថ្លៃ​យ៉ាង​ទាប​បែប​នេះ​ឡើយ ចាប់តាំងពី​ខែធ្នូ ឆ្នាំ​២០០៣ រួច​ប្រេង BRENT ចាប់តាំងពី​ខែមេសា ឆ្នាំ​២០០៤​មក ។

តម្លៃ​ប្រេង​បាន​ធ្លាក់​១០%​ទៀត​កាលពី​ស​ប្តា​ហ៍​មុន ខណៈ​ពួក​អ្នក​វិនិយោគ​ព្រួយបារម្ភ​លើ​ការ​ផ្គត់ផ្គង់​ច្រើន​ជ្រុល និង​ការ​ចុះ​ខ្សោយ​នៃ​សេដ្ឋកិច្ច​ចិន​ជា​ប្រទេស​ប្រើ​ប្រេងកាត​ច្រើន​ទី​មួយ ។ ម្យ៉ាងទៀត តម្លៃ​ប្រេង​ទូទាត់​ជា​ប្រាក់​ដុល្លារ​រួច​ការ​ឡើងថ្លៃ​នៃ​ប្រាក់​ដុល្លារ​ធ្វើ​ឱ្យ​ពួក​អ្នក​វិនិយោគ​មាន​រូបិយប័ណ្ណ​មិនសូវ​ខ្លាំង ត្រូវ​ចំណាយ​ច្រើន បែប​នេះ​ញ៉ាំង​ឱ្យ​មានការ​កម្រិត​សេចក្តី​ត្រូវការ ។

ម្យ៉ាងវិញទៀត ពួក​អ្នក​វិនិយោគ​រង់ចាំ​ការ​មក​ដល់ទី​ផ្សារ​នៃ​ប្រេង​ឆៅ​អ៊ី​រ៉​ង់ ក្រោយ​ការ​លុប​ចោល​បណ្តា​ទណ្ឌកម្ម​ដែល​សម្រេច​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ចុះហត្ថលេខា​កាលពី​ឆ្នាំទៅ​មិ​ញ​ស្តី​ពី​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់ ។ បែប​នេះ​នឹង​បង្កើន​បរិមាណ​ប្រេង​១​លាន​ធុង​ទៀត​ក្នុង​មួយ​ថ្ងៃ​លើ​ទីផ្សារ​ដែល​មានការ​ផ្គត់ផ្គង់​យ៉ាង​ខ្ពស់​ស្រាប់ ៕