កងរាជអាវុធ​ហត្ថ​ចាប់​ខ្លួន​បុរស​តួកគី​ ហើយ​ដោះ​លែង​វិញ​​បន្ទាប់​ពី​​ដេញ​កាប់​ជន​ជាតិ​តួកគី​ដូច​គ្នា

មន្ត្រី​ម្នាក់​បាន​និយាយ​ថា បុរស​ជន​ជាតិ​តួកគី​ម្នាក់​​ត្រូវ​បាន​ដោះលែង​ពី​ការឃុំខ្លួន​របស់​កង​រាជ​អាវុធ​ហត​្ថ​​ក្នុង​ក្រុង​ព្រះសីហនុ​កាលពី​ថ្ងៃ​ច័ន្ទ ​បន្ទាប់ពី​​ព្រម​ព្រៀង​ថាមិន​ធ្វើ​ការ​សង​សឹក​​​ជន​ជាតិ​តួកគី​ម្នាក់ទៀត​​ដែល​ជននេះ​​បាន​យក​​កាំបិត​ផ្គាក់​ដេញ​កាប់​​​បន្ទាប់​ពី​​ជម្លោះ​។

លោក ហាស់ សាមឿន ​នាយការ​ិ​យាល័យ​ព័ត៌មាន​និង​សន្តិសុខ​​​​នៃ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​​ព្រះ​សីហនុ​​ ​​បានមាន​ប្រសាសន៍​ថា ជន​ដៃ​ដល់​​ដែល​លោក​​ប្រាប់ថា ឈ្មោះ សាហាដ (Sahad) អាយុ​៣៤ឆ្នាំ មាន​កំហឹង​ ​កាលពី​រសៀល​ថ្ងៃ​ច័ន្ទ​ នៅពេល​ជននេះ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​​នៅ​សណ្ឋាគារ​ Eos Oceanfront នៅ​ឆ្នេរ​អូរឈើ​ទាល​​ដោយ​ជន​រងគ្រោះ​ឈ្មោះ​ មេម៉េដ (Mehmet) អាយុ​៤០ឆ្នាំ ដែល​ថ្មីៗ​នេះ​​ទទួល​បន្ទុក​ជា​អ្នកគ្រប់គ្រង។

​លោក សាមឿន បាន​ថ្លែង​ថា លោក​មិន​ចាំ​ឈ្មោះពេញ​របស់​បុរស​ទាំងពីរ​នាក់​នេះ​ទេ ហើយ​មិន​អាច​បញ្ជាក់​អត្តសញ្ញាណ​របស់​ពួកគេ​បានទេ ព្រោះ​​​លោក​មិន​​បាន​នៅ​ការិយា​​​ល័យ​របស់​លោក​​ទេ​។

លោក​បាន​និយាយ​ថា ”​អ្នក​ទាំង​ពីរ​នេះ​បាន​ទាស់​ពាក្យ​សម្តីគ្នា​​បន្ទាប់​ពី​ឈ្មោះ មេម៉េដ​ ​​បាន​បញ្ឈប់ សាហាដ​ ពីការ​ងារ​។ សាហាដ ខឹង​យ៉ាងខ្លាំង​ បន្ទាប់ពី​​ខ្លួន​​ត្រូវ​បាន​បណ្តេញ​ចេញ​ ហើយ​បាន​ទៅ​យក​កាំបិត​ផ្គាក់​​​ដេញ​កាប់​ មេម៉េដ តែម្តង”។

រូបភាព​វីដេអូ​​នៃការ​ប៉ះទង្គិច​នេះ​ដែល​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក មិន​បាន​បង្ហាញ​រូបភាព​ទំនាស់ពី​ដើម​ទី​ឡើយ ប៉ុន្តែ​​បង្ហាញ​ សាហាដ ​ដើរ​ទៅរក​ មេម៉េដ ជាមួយ​កាំបិត​ យារកាប់​ ប៉ុន្តែមិន​ត្រូវ​ក្បាល​ទេ។

មេម៉េដ បាន​រត់គេចរួច បន្ទាប់មក​ត្រឡប់​​មកវិញ ​​រួច​រត់​ឆ្លង​ផ្លូវ​ ទំនង​ជា​ចូល​ទៅ​ក្នុង​​បរិវេណ​សណ្ឋាគារ​មួយ​ទៀត​។ បន្ទាប់​មក ​បុរស​នេះរត់​ក្រឡឹង​ ហើយ​យារ​គ្រវី​ដាក់​ សាហាដ​​ ​ទំនង​ជា​កាំបិត​ផ្គាក់។

ពេលនោះ​គេ​ឃើញ​ សាហាដ​ គ្រវែង​កៅអី​ដាក់​ មេម៉េដ ​ដែល​ មេម៉េដ​ ចាប់​បាន​ ហើយ​យក​រង​កៅអី​ទី២ មុនពេលដើរ​​ចូល​ទៅ​ម្តងទៀត​ ដោយ​ប្រើ​កៅអី​នេះ​ជា​ខែ​ល​​ខណៈ សាហាដ គ្រវី​ដាក់​គាត់។

ឃ្លីប​វីដេអូនេះ​​បញ្ចប់ដោយ​​ សាហាដ ដក​​ថយ​ចូលទៅក្នុង​សណ្ឋាគារ​ Eos ខណៈ មេម៉េដ គ្រវី​កាំបិត​ផ្គាក់ ទំនង​ជាការ​គំរាម ឬ​ព្រមាន។

លោក សាមឿន ថ្លែង​ថា មន្ត្រីកង​រាជ​​អាវុធ​​​ហត្ថ​​ដែល​ឈរ​ជើង​នៅ​ជិត​​សណ្ឋាគារ​នោះ​ត្រូវ​​​បាន​​រាយការណ៍ពី​ជម្លោះ​នេះ ហើយ​​​បាន​មក​បំបែក​​បុរស​ទាំងពីរ​នាក់​​មុនពេល​ចាប់​​ខ្លួន​​ពួក​គេ​ ហើយ​ដឹក​ទៅ​កាន់​​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ក្នុង​មូលដ្ឋាន​ដើម្បី​ធ្វើការ​សាក​សួរ។

​លោក​​និយាយ​ថា ពួកគេ​ត្រូវ​បាន​ដោះ​លែង​​​វិញ​បន្ទាប់ពី​​ សាហាដ បាន​ចុះ​ហត្ថលេខា​​​ដោយ​​​សន្យាថា មិន​ធ្វើការ​សង​សឹក​ទៀត​ឡើយ ចំណែក​ មេម៉េដ បាន​ព្រមព្រៀង​ថា​នឹង​មិន​ដាក់​ពាក្យ​ប្តឹងទេ បើ​​​ សាហាដ​ មិន​រក​រឿង​ខ្លួន​នៅពេល​អនាគត។

លេខ​ទូរស័ព្ទ​ជាច្រើន​ប្រព័ន្ធ​នៅ​ក្នុង​បញ្ជី​របស់​សណ្ឋាគារ​ Eos មិន​អាច​ទាក់ទង​បាន​ទេ​ កាលពី​ម្សិលមិញ៕សារុន​

 

The post កងរាជអាវុធ​ហត្ថ​ចាប់​ខ្លួន​បុរស​តួកគី​ ហើយ​ដោះ​លែង​វិញ​​បន្ទាប់​ពី​​ដេញ​កាប់​ជន​ជាតិ​តួកគី​ដូច​គ្នា appeared first on ខេមបូឌា ដេលី.