អ្នក​តវ៉ា​​​នៅក្រុមហ៊ុន​កាពីតូល​​ប៉ះទង្គិច​​ជាមួយ​​អ្នក​រត់​រ៉ឺម៉ក​​កង់បី

អតីត​បុគ្គលិក​​​ក្រុមហ៊ុន​ទេសចរណ៍​កាពី​តូល​​ដែលធ្វើការ​តវ៉ា​​ បាន​ប៉ះទង្គិច​ជាមួយ​​អ្នក​រត់​រ៉ឺម៉ក​កង់​បី​​នៅខាងក្រៅ​ការិយាល័យ​កណ្តាល​របស់​​ក្រុមហ៊ុន​ស្ថិត​ក្នុង​ខណ្ឌ​៧មករា រាជ​ធានី​ភ្នំពេញ​​កាល​ពី​ម្សិលមិញ​​ខណៈ​ក្រុម​អ្នក​តវ៉ា​​បាន​ព្យាយាមរារាំង​អ្នក​ដំណើរ​​មិន​ឱ្យ​ប្រើ​ប្រាស់​សេវា​​ជុំវិញអ្វី​ដែល​ពួកគេ​​លើកឡើង​ថា ជាការ​បណ្តេញ​ពួកគេ​ចេញ​ដោយ​ខុស​ច្បាប់។

អ្នក​បើកបរ​រថយន្ត​ឱ្យ​​ក្រុម​ហ៊ុន​ទេស​ចរណ៍​កាពីតូល​ប្រាំនាក់​​ត្រូវ​បាន​បណ្តេញ​ចេញ​កាល​ពី​ខែ​កក្កដា បណ្តាល​ឱ្យ​បុគ្គលិក​​រួមការងារ​របស់​ខ្លួន​ជាច្រើននាក់​​​បន្ត​ធ្វើកូដ​កម្ម​​​ ជាការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ទាមទារ​ឲ្យ​ទទួល​​យក​ពួក​គេចូល​​ធ្វើការ​វិញ។ កាលពី​ខែ​វិច្ឆិកា ​អ្នកបើក​បរ​រថយន្ត​ជាង​​៣៥នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពេល​មាន​ការ​ព្យាយាម​បង្កើត​សហជីព។​កាលពី​ខែ​មុន ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​​បាន​សម្រេច​ថា អ្នក​បើក​បរ​រថយន្ត​បីនាក់​ក្នុង​ចំណោម​៤០នាក់​សម​នឹង​ទទួលបាន​ការងារ​របស់​ខ្លួន​វិញ។

លោក អ៊ាន គឹមហ៊ុន អគ្គលេខាធិការ​នៃ​សហព័ន្ធសហជីព​កម្មករ​វិស័យ​ដឹក​ជញ្ជូន​កម្ពុជា​​​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា អ្នក​រត់​រ៉ឺម៉ក​កង់​បី​ប្រហែល​​៥០នាក់​​ដែល​មាន​ទំនាក់​ទំនង​​ជាមួយ​សមាគម​អ្នក​រត់​រ៉ឺម៉ក​កង់បី​ បាន​ព្យាយាម​​រារាំង​ក្រុម​អ្នកតវ៉ា​​ខណៈ​ពួកគាត់​​​មកដល់​ការិយាល័យ​កណ្តាល​ក្រុម​ហ៊ុន​ទេសចរណ៍​​កាពីតូល​កាលពី​ព្រឹក​ម្សិល​មិញ​ដើម្បី​និយាយ​ជាមួយ​អ្នក​ដំណើរ។

លោកបាន​​​មាន​ប្រសាសន៍​​ថា “នៅពេល​ព្រឹក ​យើង​បាន​ធ្វើការ​តវ៉ា​ដូច​ធម្មតា ហើយ​នៅម៉ោង​ប្រហែល​​៨ព្រឹក យើង​បាន​ដើរ​ឆ្លង​​​ផ្លូវ​​​​ទៅ​​ចំណត​រថយន្ត​ដើម្បី​ប្រាប់​អំពី​រឿង​រ៉ាវ​​របស់​​យើង​ ប៉ុន្តែ​អ្នក​រត់​រ៉ឺម៉ក​កង់បី​ប្រហែល​​៥០​នាក់​​បាន​មក​រារាំង​យើង​​កណ្តាល​​​ផ្លូវ​តែម្តង”។

លោក​និយាយថា “​នៅពេល​យើង​ព្យាយាម​​​ចូលទៅក្នុង​ [អគារ​] ក្រុមហ៊ុន ក្រុម​អ្នក​រត់​រ៉ឺម៉ក​​​កង់បីបាន​រុញ​ច្រាន ហើយ​អ្នក​ខ្លះ​បាន​វាយ​យើង​ចំផ្ទៃមុខ​ និង​ដង​ខ្លួន​​មុនពេល​​នគរ​បាល​ខណ្ឌ​មក​បំបែក”។

ការ​ប៉ះទង្គិច​ស្រដៀង​គ្នានេះ​​រវាង​​អ្នក​បើក​​​​​បរ​​​​រថយន្ត​ក្រុមហ៊ុន​កាពីតូល​ និង​ក្រុម​អ្នក​រត់​រ៉ឺម៉ក​​​​​​​កង់បី​​​នេះ​បាន​កើត​ឡើង​នៅ​ខាងក្រៅ​ការិយា​​ល័យកណ្តាល​​ក្រុម​​​ហ៊ុន​​កាល​​ពី​ខែ​កក្កដា ខណៈ​ការ​តវ៉ា​ដំបូង​ពាក់​ព័ន្ធ​​​ការ​បញ្ឈប់​​ពីការ​ងារ​​។

លោក គឹមហ៊ុន បាន​ចោទ​​សមាគម​អ្នក​រត់​រ៉ឺម៉ក​កង់​បី​​ថា​បានទទួល​លុយ​ពីក្រុមហ៊ុន​ដើម្បី​ការ​ពារ​កន្លែង​នេះ។ ”​ពួកគេ​ត្រូវ​ក្រុម​ហ៊ុន​​​ជួល​​​​ឱ្យ​មក​រារាំង​ពួកយើង។ យើង​តែ​ង​​ឃើញ​​​ពួក​គេ​នៅ​ជាមួយ​គ្នា”។

ទោះ​យ៉ាងណា អ្នក​រត់​រ៉ឺម៉ក​កង់​បី​ម្នាក់​ដែល​​​​បាន​ចូលរួម​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នានោះ​ ហើយ​បាន​ប្រាប់តែឈ្មោះ ថា សុភក្ត្រ បាន​បដិសេធ​​​​ការ​ចោទ​ប្រកាន់​នេះ។ គាត់​បាន​និយាយ​ថា ពួកគាត់​មាន​កំហឹង​ ពីព្រោះ​​ក្រុម​អ្នក​តវ៉ា​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រក​ស៊ីរបស់​ពួកគាត់។

គាត់​បាននិយាយ​ថា “​ខ្ញុំមិន​បាន​ទទួល​លុយ​​​​​ពី​ក្រុមហ៊ុន​កាពីតូល​​​​ឱ្យ​មក​រារាំង​ពួក​គេ​ទេ។ ខ្ញុំ​ប្រឹង​រក​លុយ​រាល់ថ្ងៃពី​អ្នក​ដំណើរ​​នៅពេល​ពួកគាត់​ចុះពី​រថយន្ត​ក្រុង​នៅទីនេះ​”៕សារុន

 

The post អ្នក​តវ៉ា​​​នៅក្រុមហ៊ុន​កាពីតូល​​ប៉ះទង្គិច​​ជាមួយ​​អ្នក​រត់​រ៉ឺម៉ក​​កង់បី appeared first on ខេមបូឌា ដេលី.