គ្រោះមហន្តរាយ ក្នុង​ឆ្នាំ​២០១៥ សម្លាប់​មនុស្ស​ជិត ៥​ពាន់​នាក់ និង​របួស ១២.៥៨០ នាក់​

ភ្នំពេញ: មនុស្ស​ចំនួន ១៧.៣៩១ នាក់ បាន​ស្លាប់ និង​រងរបួស ដោយ​គ្រោះមហន្តរាយ ក្នុង​ឆ្នាំ​២០១៥ កន្លងមកនេះ​។ ដោយ​ក្នុងចំណោម ១៧.៣៩១ នាក់​នោះ អ្នកស្លាប់ មាន​ចំនួន ៤.៨១១ នាក់ និង​របួស​ចំនួន ១២.៥៨០ នាក់​។​

​របាយការណ៍​បូកសរុប​ការងារ​ឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​បាន​ប្រជុំ​ផ្សព្វផ្សាយ កាលពី​រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា គ្រោះមហន្តរាយ កាលពី​ឆ្នាំ​២០១៥ កើតមាន​ចំនួន ១.៩៣៧ លើក​/១៣៧៥​លើក មនុស្ស​ស្លាប់​ចំនួន ៩៤៤/៧៨១​នាក់ និង​របួស ៣១៧/៨៩១​នាក់​។ ក្នុងនោះ ខ្យល់ព្យុះ ៤២៣/១៦៩ លើក​រន្ទះបាញ់ ១៩២/១៦២ លើក ជំនន់​ទឹកភ្លៀង ១៦/៤៧ លើក បាក់​ច្រាំងទន្លេ ៤​លើក អគ្គិភ័យ ៥០៧/៣៥៤ លើក បាក់​ដី បាក់​ប្លង់​សេ​សង្កត់​មនុស្ស ១៧/១៤ លើក លង់ទឹក ៥៣៩/៤៤១ លើក ខ្សែភ្លើង​ឆក់ ១៨២/១៣៥ លើក ផ្ទុះ​គ្រាប់​ចម្រុះ ៥១/៧៤ លើក ផ្ទះ​កាំជ្រួច ៦/១ លើក​។​

 ​គ្រោះមហន្តរាយ ដែល​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ច្រើន ដូចជា​៖ លង់ទឹក ខ្សែភ្លើង​ឆក់ រន្ទះបាញ់​។​

​នៅក្នុង​ឆ្នាំ​២០១៥ ខ្យល់​កន្ត្រាក់ បាន​កើតឡើង​ក្នុងភូមិ​សាស្ត្រ​មួយចំនួន​របស់​រាជធានី​ខេត្ត​ទាំង ២៤ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ផ្ទះ​ប្ឬ​ចា​ពលរដ្ឋ​ចំនួន ៩៣៤៨ ខ្នង សាលារៀន ២៥ កន្លែង រលំ​បង្គោល​ភ្លើង ៩៨ ដើម រលំ​ដើមឈើ ៤៨៣ ដើម ងាប់​គោ ក្របី ៣៥ ក្បាល ត្រី ១៧៦ តោន ស្រូវ អង្ករ ២៤១០ តោន​។ ខូចខាត​ដំណាំ​ចេក ២៥ ហិកតា និង​ផលដំណាំ​ផ្សេងៗ​ទៀត ៣១៦៥ ហិកតា​។​ល​។​

របាយការណ៍​លើកឡើងថា ករណី​ផ្សេងៗ​ កើតមាន​ចំនួន ២៧៩៦/១៤៦៨ លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១៣៣៦/៩៩៥ នាក់ របួស ៣៣០៩/១៧២៧ នាក់​។​

​របាយការណ៍ បាន​បញ្ជាក់ថា សរុប​រួម​គ្រប់​ករណី​ខាងលើ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៤៨១១/៣៧៦៥ នាក់ និង​របួស​ចំនួន ១២៥៨០/៩៩១៧ នាក់​៕​