ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​វៀតណាម ៖ ឧបនាយករដ្ឋមន្ត្រី​លោក Hoang Trung Hai បាន​ស្នើ​សុំ​ឲ្យ​ឧស្សាហកម្ម​អាកាសចរណ៍​វៀតណាម​ធ្វើការ​កែប្រែ​នូវ​ព្រ​លាន​យន្តហោះ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ដើម្បី​បោះ​ជំហាន​ចូល​ក្នុង​ចំណោម​កំពូល​ប្រទេស​ទាំង​៤ នៃ​សមាជិក​អាស៊ាន ។

ថ្លែង​ក្នុង​ពិធី​វាយតម្លៃ​លើ​ការ​អភិវឌ្ឍ​វិស័យ​អាកាសចរណ៍​ជាតិ ក្នុង​រយៈពេល​៦០​ឆ្នាំ​កន្លង​មកនេះ ដែល​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ហាណូយ លោក​ឧបនាយករដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ៖ « ឧស្សាហកម្ម​អាកាសចរណ៍​បាន​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​លើក​ស្ទួយ​ដល់​ការ​សាងសង់ និង​អភិវឌ្ឍន៍​ជាតិ » ។

លោក​ក៏​បាន​កោតសរសើរ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នកគ្រប់គ្រង​វិស័យ​អាកាសចរណ៍​ទាំងមូល​ផង​ដែរ ក្នុង​ការ​នូវ​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ​ក្នុង​ការ​ហោះហើរ ជា​ពិសេស ការ​បង្ការ​គ្រោះថ្នាក់ និង​បញ្ហា​ធ្ងន់ធ្ងរ ដែល​មាន​សារសំខាន់​សម្រាប់​វិស័យ​អាកាសចរណ៍ និង​ជាតិ ។

ក្នុង​នោះ​ដែរ លោក Hoang Trung Hai ក៏​បាន​ស្នើ​សុំ​ឲ្យ​ខាង​អាកាសចរណ៍​ពិនិត្យ​ឡើង​វិញ និង​កែតម្រូវ​លើ​ផែនការ​របស់​ខ្លួន​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ច្បាប់​ដឹក​ជញ្ជូន និង​ប្រព័ន្ធ​គោលនយោបាយ បង្កើន​រៀបចំ​រចនាសម្ព័ន្ធ និង​ប្រមូល​ថវិកា​បន្ថែម​ដើម្បី​លើក​ស្ទួយ​លើ​ការ​អភិវឌ្ឍ​ក្នុង​ពេល​អនាគត ។

លោក​បញ្ជាក់​ថា ៖ « ដើម្បី​បង្កើន​ការ​ហោះហើរ​ថ្មី និង​ទំនើប ផ្នែក​អាកាសចរណ៍​គួរតែ​កាត់​បន្ថយ​តម្លៃ​លក់​សំបុត្រ​យន្តហោះ ពង្រឹងគុណភាព សុវត្ថិភាព ដើម្បី​ប្រកួត ប្រជែង​សេវា​ទាំង​ក្នុងស្រុក និង​អន្តរជាតិ ។ ឧស្សាហកម្ម​អាកាសចរណ៍​ស៊ី​វិល​វៀតណាម ត្រូវ​តែ​ធានា​នូវ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​នូវ​កម្លាំង​បម្រុង​សម្រាប់​ការពារ​ជាតិ និង​ការពារ​អធិបតេយ្យ​ជាតិ » ។

អគ្គនាយក​គ្រប់គ្រង​ទូទៅ​នៃ​អាជ្ញាធរ​នៃ​អាកាសចរណ៍​ស៊ី​វិល​វៀតណាម លោក Lai Xuan Thanh ថ្លែង​ថា ៖ « ឧស្សាហកម្ម​អាកាសចរណ៍​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នៅ​ឆ្នាំ​ថ្មី​ៗ​នេះ ដែល​បាន​ដឹក​ភ្ញៀវ​ចំនួន​៤០,១​លាន​នាក់ ស្មើនឹង​១៣,៧% និង​ទំនិញ​ចំនួន​៧៤១.០០០​តោន ស្មើនឹង​១០% នៅ​ឆ្នាំ​២០១៥ » ។

ក្រុមហ៊ុន​អាកាសចរណ៍​របស់​វៀតណាម មាន​ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines, ក្រុមហ៊ុន​អាកាសចរណ៍ Jestar Pacific, ក្រុមហ៊ុន​អាកាសចរណ៍ VASCO និង​ក្រុមហ៊ុន​អាកាសចរណ៍ VietJet Air ដែល​មាន​យន្តហោះ​ប្រតិបត្តិការ​ចំនួន​១២៥​គ្រឿង ក្នុង​នោះ​ការ​ហោះហើរ​ក្នុងស្រុក​មាន​ចំនួន​៤៨​គោលដៅ និង​ការ​ហោះហើរ​អន្តរជាតិ​មាន​៥២​គោលដៅ ។

គួរ​បញ្ជាក់​ដែរ​ថា អាកាសចរណ៍​វៀតណាម​បាន​ចូលរួម​ចំណែក​ក្នុង​ទីផ្សា​ចំនួន​៤៧,៦% សម្រាប់​អ្នកដំណើរ​អន្តរជាតិ និង​១១,៦%​ទៀត​សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ ។ ចំណែក​ទឹកប្រាក់​សរុប​ចំនួន​២,៤​ពាន់​លាន​ដុល្លារ​ដែល​បាន​មក​ពី​វិស័យ​អាកាសចរណ៍​នេះ នឹង​ត្រូវ​យក​មក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ព្រ​លាន​យន្តហោះ​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​ទៀត ស្មើនឹង​៣៨,៥% នៃ​ទុន​វិនិយោគ​ទាំងអស់ ។

លោក Lai Xuan Thanh ឲ្យ​ដឹង​ទៀត​ថា ៖ « ការ​ផ្លាស់​ប្តូរ​កែប្រែ​នេះ នឹង​ជួយ​បំពេញ​នូវ​តម្រូវការ​អភិវឌ្ឍន៍​ទីផ្សារ​ដឹក​ជញ្ជូន​អាកាសចរណ៍​ក្នុងស្រុក និង​អន្តរជាតិ ដើម្បី​ធានា​ឱ្យ​បាន​នូវ​សុវត្ថិភាព សន្តិសុខ​ជាតិ និង​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​សម្រាប់​លើក​ស្ទួយ​ឧស្សាហកម្ម​អាកាសចរណ៍​របស់​វៀតណាម​នៅ​លើ​ឆាក​អន្តរជាតិ » ។

ទាក់ទង​នឹង​ការ​ធ្វើ​សមាហរណកម្ម​ឧស្សាហកម្ម​នេះ ក៏​មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងទ្វេភាគី ស្តី​ពី​ការ​ដឹក​ជញ្ជូន​ចំនួន​៦៧ និង​ពហុភាគី​ចំនួន​៦ ខណៈ​ដែល​មានការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ទីផ្សារ​អាកាសចរណ៍​អាស៊ាន ៕