ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកណ្តាល ៖ មន្ត្រី​ប៉ូលិស​ចរាចរណ៍​ខេត្តកណ្តាល​ម្នាក់ បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​កំពុង​ឈរ​ធ្វើការ​នៅ​គោលដៅ​ដើម្បី​ត្រួតពិនិត្យ​ជាតិ​អាល់កុល និង​មួក​សុវត្ថិភាព​នោះ ក៏​ត្រូវ​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​កម្មករ​បុក​ទាំង​កំរោល ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៥ និង​០៥​នាទី​ល្ងាច​ថ្ងៃ​ទី ១២ មក​រា ២០១៥ ស្ថិត​នៅ​កំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៥១-៥២ ក្នុងភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ហ៊ីង សុផល អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​ពៅ សង្កាត់​ដម​មាន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល (​រង​របួស​ជើង និង​ក្បាល​ធ្ងន់​) ត្រូវ​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ភ្លាម​ៗ ។ ចំណែក​ភាគី​ខាង​ម៉ូតូ​រ៉ឺ​ម៉ក​ឈ្មោះ​ឆាយ លី​ពិសិដ្ឋ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អំពិលទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។