ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជ​ធានីភ្នំពេញ ​៖ រថយន្ត​យី​ឌុប​ដឹក​ទំនិញ​១​គ្រឿងបាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ពីក្រោយរថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ពេញទំហឹង​​ធ្វើ​ឲ្យ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​​ខ្ទាត​ទៅ​បុក​ក្មេង​ប្រុស​ម្នាក់​កំពុង​អង្គុយ​ស្ទូចត្រី​នៅ​មាត់​ប្រឡាយ បណ្ដាល​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​នោះ​របួស​​ធ្ងន់​ស្ទើរ​ស្លាប់ស្ទើរ​រស់​។

ចំណែក​អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង​បាន​រត់គេច​ខ្លួន​មិន​មាន​បំណង​ទទួលខុសត្រូវ​នោះ​ទេ ប៉ុន្តែអ្នក​បើករ​ថយ​ន្ត​យីឌុ​ប​ដែល​ជា​អ្នក​បង្ក​គ្រោះថ្នាក់​នោះ រត់​មិន​រួច​ក៏​ត្រូវ​ប៉ូលិស​តាម​ចាប់​បាននាំ​យក​ទៅ​​សាកសួរ និង កសាង​សំណុំរឿង​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រីឯ​ក្មេង​ប្រុស​រង​គ្រោះត្រូវ​បាន​ក្រុមគ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ និង​១០​នាទី​ល្ងាច​ ថ្ងៃ​ទី​១២  មករា ​២០១៦ នៅ​លើ​កំណាត់​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ត្រង់​ចំណុច​មុខ​រោងចក្រផលិត​ក្បឿង ស្ថិត​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ ប៊ូ ផេង អាយុ​១២​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ រង​របួស​ធ្ងន់លើ​ដងខ្លួន​ និង​ផ្ទៃមុខ ជា​ពិសេស​ភ្នែក​តែ​ម្ដង ។ ដោយឡែក​រថយន្ត​បង្ក​ម៉ាក FIGHTER  FUSO  ព​ណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​3A-2750 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ សុខ ផល អាយុ​៣០​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​បាណ​ន់ ឃុំ​ចង្អូរ​ស្វាយ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង​ ចំណែក​រថយន្ត​១​គ្រឿង​ទៀត ដែល​ត្រូវ​រថយន្ត​ធុន​ធំ​នោះ បុក​ពីក្រោយ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ​ព​ណ៌​ខៀវ ពាក់​ស្លាក​លេខ កណ្ដាល​2A-3343 អ្នកបើកបរ​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ឡើយព្រោះ​រត់គេច​ខ្លួន​បាត់​ស្រមោល៕
         ​