ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តប៉ៃលិន ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា នៅមុនបន្តិច មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​ រវាង​រថយន្តដឹកទំនិញ​របស់​ថៃ​ បុក​ជាមួយ​រថយន្ត​​ហ៊ីយ៉ាន់ដាយ​​ដឹក​ពោតយ៉ាងពេញទំហឹង​ បណ្តាលឱ្យ​មនុស្ស​៣​នាក់រងរបួស​ធ្ងន់-ស្រាល ហើយ​រថយន្ត​​​រងការ​ខូច​ខាត​ផ្នែក​ខាង​មុខ​ធ្ងន់ធ្ងរ និង​ធ្លាក់ពោតរាយពេញថ្នល់ផងដែរ មិនតែប៉ុណ្ណោះ ក៏បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង​ ។

​ហេតុការណ៍នេះ​កើត​ឡើង​កាលពីវេលាម៉ោង​០៩ និង​១៥នាទី​ព្រឹក​ថ្ងៃទី​១៣ មករា ២០១៦ ស្ថិតនៅចំណុច​ផ្លូវលេខ៥៧ ក្នុងភូមិ​សួរស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។

ប្រភពបន្តថា រថយន្តបង្កម៉ាកហ៊ីណូ ពណ៌ខៀវ ដោយអ្នកបើកបរ​ជាជនជាតិថៃ តែមិន​ស្គាល់ឈ្មោះទេ បានរងរបួសស្រាល ដោយ​ធ្វើ​ដំណើរ​​​ពី​លិចទៅកើត បញ្រ្ចាសជាមួយ​រថយន្ត​ដឹកពោត​ ពាក់ស្លាកលេខភ្នំពេញ 3B-9139 (រងការខូចផ្នែកខាងមុខធ្ងន់) ដោយ​មិន​ដឹងថា បណ្តាលមកពីមូលហេតុអ្វីដែរ​ ។ រីឯ​ជនរងគ្រោះ​ទាំង៣នាក់ ត្រូវបាន​ដឹកទៅសង្គ្រោះ​នៅមន្ទីរពេទ្យ​អស់ហើយ ដោយ​មិន​បាន​ស្គាល់អត្តសញ្ញាណនោះទេ​។