ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​វៀតណាម ៖ វៀតណាម​ត្រូវការ​យុទ្ធសាស្ត្រ ថ្មី​ដើម្បី​រក្សា​ស្ថិរភាព​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន ។ ទន្ទឹម​នឹង​នេះ របាយការណ៍​ធនាគារពិភពលោក ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​សហការ​ជាមួយ​អ្នក​នាំ​ចេញ នាំ​ចូល​ឯកជន និង​បណ្តា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដើម្បី​កែ​លម្អ​លើ​ផ្នែក​ដឹក​ជញ្ជូន​ផង​ដែរ ។

យោង​តាម​របាយការណ៍​ដែល​មាន​ចំណងជើង​ថា «​ការ​ចូលរួម​លើ​ផែនការ និង​គោលនយោបាយ​ដឹក​ជញ្ជូន​លើ​វិស័យ​ឯកជន​» ឲ្យ​ដឹង​ថា ផែនការ​និង​គោលនយោបាយ​នៃ​ការ​ចូលរួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្នែក​សេវា​ដឹក​ជញ្ជូន​ដោយ​ភ្នាក់ងារ​រដ្ឋាភិបាល អាច​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​លើ​ការ​ប្រកួតប្រជែង​ពាណិជ្ជកម្ម ។

តាម​របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា បទ​ពិសោធន៍​អន្តរជាតិ​បង្ហាញ​ថា ភាគី​ពាក់ព័ន្ធ​វិស័យ​ឯកជន អ្នក​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន និង​គោលនយោបាយ​សាធារណៈ គឺ​មាន​គោលបំណង​ក្នុង​ការ​ជួយ​សម្រួល​ដល់​វិស័យ​ពាណិជ្ជកម្ម និង​កាត់​បន្ថយ​ការ​ចំណាយ​លើ​សេវា​ដឹក​ជញ្ជូន ដែល​ដាស់តឿន​ដល់​វិស័យ​សាធារណៈ​ក្នុង​កា​រស​ម្រ​ច​ចិត្ត​លើ​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​ដឹក​ជញ្ជូន ។ 

ទោះជា​យ៉ាងណា សម្រាប់​ភាគី​ពាក់ព័ន្ធ​វិស័យ​ឯកជន​វិញ​នៅ​តែ​មិន​ទាន់​យល់​ច្បាស់​ពី​ផែនការ និង​គោលនយោបាយ​លើ​សេវា​ដឹក​ជញ្ជូន​នៅឡើយ​ទេ ។

« ភាព​ជាក់លាក់ តម្លាភាព និង​ការ​ស្ទាបស្ទង់​ក្នុង​ការ​ចូលរួម​ដោយ​ភាគី​ពាក់ព័ន្ធ​លើ​វិស័យ​ឯកជន​ទៅ​ក្នុង​ខ្សែ​សង្វា​ក់​នាំ​ចេញ​-​នាំ​ចូល និង សង្វា​ក់​ការ​ផ្គត់ផ្គង់​ក្នុងស្រុក ភ្នាក់ងារ​ជាតិ​ដូច​ជា ក្រសួង​ដឹក​ជញ្ជូន​អាច​ជួយ​ដល់​ប្រព័ន្ធ​សេវា​ដឹក​ជញ្ជូន​វៀតណាម ដើម្បី​ចូលខ្លួន​ក្នុង​កា​រវិ​វត្ត​ថ្មី នៃ​ការ​ចូលរួម​ប្រកួតប្រជែង​លើ​វិស័យ​ដឹក​ជញ្ជូន ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម » ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក Luis C. Blancas អ្នកឯកទេស​ជាន់ខ្ពស់​ផ្នែក​ដឹក​ជញ្ជូន​នៅ​ធនាគារពិភពលោក និង​ជា​អ្នកនិពន្ធ​របាយការណ៍ ។

បើ​យោង​តាម​ស​ន្ទ​ស្សន៍​ប្រតិបត្តិការ​ដឹក​ជញ្ជូន​នៃ​ធនាគារពិភពលោក​ឲ្យ​ដឹង​ថា ប្រទេស ម៉ា​ឡេ​ស៊ី ថៃ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស ដែល​ជា​ប្រទេស​ដែល​មានការ​ដឹក​ជញ្ជូន​លំដាប់​កំពូល ថែម​ទាំង​មានបទពិសោធន៍​ជ្រៅជ្រះ​ក្នុង​ការ​ទាក់ទាញ​ភាគី​ពាក់ព័ន្ធ​ផ្នែក​ឯកជន​ឲ្យ​ចូលរួម​ក្នុង​ផែនការ និង​គោលនយោបាយ​គាំទ្រ ព្រមទាំង​ជំរុញ​ឲ្យ​ទទួល​បានការ​ដឹក​ជញ្ជូន​ខ្ពស់​ដល់​វិស័យ​សាធារណៈ ។ ដូច្នេះ ប្រទេស​វៀតណាម​គួរតែ​យក​ពិសោធន៍​ទាំងនេះ​មក​សិក្សា ដើម្បី​ចៀសវាង​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​ដឹក​ជញ្ជូន ។
គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពីមុន​ភាគី​ពាក់ព័ន្ធ​នឹង​ផ្នែក​ដឹក​ជញ្ជូន​ឯកជន​នៅ​វៀតណាម បាន​សហការ​ជាមួយ​ភា្ន​ក់​ងារ​រដ្ឋាភិបាល​ដើម្បី​ជួយ​សម្រួល​ដល់​វិស័យ​ពាណិជ្ជកម្ម ជា​ជាង​ទិដ្ឋភាព​រយៈពេល​វែង​ដូច​ជា គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​រៀបចំ​គោលនយោបាយ​ដើម្បី​លើក​ស្ទួយ​ដល់​វិស័យ​ដឹក​ជញ្ជូន​ឲ្យ​បាន​ល្អ​ប្រសើរ និង​មានការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ ព្រមទាំង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​បង្ក​ឲ្យ​មាន​អាកាសធាតុ​ប្រែប្រួល ។

របាយការណ៍​ធនាគារពិភពលោក​នេះ នឹង​ជួយ​បង្កើន​ទំនាក់ទំនង​រវាង​វិស័យ​ឯកជន និង​សាធារណៈ ដើម្បី​សហការ​គ្នា​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍន៍​លើ​វិស័យ​ដឹក​ជញ្ជូន​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​នៅ​ក្នុង​តំបន់ ។

របាយការណ៍​ក៏​បាន​ស្នើ​ឲ្យ​វៀតណាម​បង្កើត​កិច្ច​សហប្រតិបត្តិការ​ស្របច្បាប់​រវាង​វិស័យ​ឯកជន​-​សាធារណៈ និង​សាធារណៈ​-​សាធារណៈ ក្នុង​ភាព​ជា​ដៃគូ​ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការ​ដឹក​ជញ្ជូន​របស់​វៀតណាម​ឲ្យ​កាន់តែ​ខ្លាំង ។ ជំហាន​ដ៏​សំខាន់​បន្ទាប់​ទៀត​រួម​មាន ការ​គ្រប់គ្រង​នៃ​ការ​រំពឹង​ទុក​របស់​វិស័យ​ឯកជន​ដើម្បី​ធានា​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ទូ​ទាំង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ និង​ធ្វើការ​អង្កេត​លើ​បទដ្ឋាន​កិច្ចប្រជុំ​អាជីវកម្ម​ទាក់ទង​នឹង​ពេលវេលា​លើ​ការ​ទទួលខុសត្រូវ និង​ការ​ទទួលខុសត្រូវ​ជាក់លាក់​ដើម្បី​បន្ត​ទៅ​ជំហាន​បន្ទាប់​ទៀត ។

ចំពោះ​ការ​ស្ទង់​មតិ​របស់​ភាគី​ពាក់ព័ន្ធ​នៃ​ផ្នែក​ឯកជន​ដឹក​ជញ្ជូន​មាន​មូលដ្ឋាន​នៅ​វៀតណាម ដែល​របាយការណ៍​នេះ​បាន​បញ្ជាក់​ពី​តម្រូវការ​ខុស​គ្នា​សម្រាប់​ការ​ចូលរួម​យ៉ាង​សកម្ម​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​លើ​ការ​រៀបចំ​ផែនការ និង​ការ​បង្កើត​គោលនយោបាយ​ដឹក​ជញ្ជូន ។ អ្នកនាំពាក្យ​បាន​សម្តែង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​លើ​កិច្ច​សហប្រតិ​បត្តិការ ការ​ពិភាក្សា​ដែល​ស្រប​នឹង​ការ​ស្នើ​របស់​អន្តរជាតិ ៕