កិច្ចពិភាក្សា ស្ដីពីការ ហាមឃាត់ មិនឲ្យធ្វើ តេស្តនុយក្លេអ៊ែរ ទំនងជាធ្វើ ឡើងក្នុងខែមេសា

វីយែន៖ គណៈកម្មការរៀបចំ របស់អង្គការសន្ធិសញ្ញា នុយក្លេអ៊ែរ គ្រោងនឹងកោះប្រជុំ ដើម្បីជួបពិភាក្សាថ្នាក់ រដ្ឋមន្ត្រី ក្នុងខែមេសា ឆាប់ៗខាងមុខនេះ ក្នុងគ្រាមានក្តីព្រួយបារម្ភជាខ្លាំង ចំពោះការរីកសាយនៃអាវុធនុយក្លេអ៊ែរ បន្ទាប់ពីមានការសាកល្បងអាវុធនេះ ពីសំណាក់ប្រទេស កូរ៉េខាងជើងកាលពីសប្តាហ៍មុននេះ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នេះបន្ដទៀតថា គម្រោងជួបពិភាក្សាក្នុងខែមេសា នេះជាការរំឮកខួប ២០ឆ្នាំចាប់តាំងពីថ្ងៃចុះសន្ធិសញ្ញានេះមក។ សិក្ខាកាមចូលរួមត្រូវបានគេរំពឹងថា នឹងធ្វើការអំពាវនាវឲ្យមានសន្ធិសញ្ញាសន្ដិភាពសម្រាប់យោធា ហើយនឹងពិភាក្សាលើកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការ ដើម្បីគ្រប់គ្រងសកម្មភាពធ្វើតេស្តអាវុធនុយក្លេអ៊ែរទូទាំងសកលលោក។

ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានក្យូដូ ឯកអគ្គរដ្ឋទូតរ៉ូម៉ានី បានបញ្ជាក់ពីក្ដីសង្ឃឹមរបស់លោកថា រដ្ឋមន្រ្តីការបរទេសជប៉ុនលោក ហ្វូមីអូ គីស៊ីដា អ្នកតំណាងក្រុងហ៊ីរ៉ូស៊ីម៉ា ដែលទីក្រុងនេះត្រូវបានវាយប្រហារដោយគ្រាប់បែកអាតូមអាមេរិក ក្នុងឆ្នាំ១៩៤៥ នឹងចូលរួមក្នុងកិច្ចប្រជុំនេះដែរ។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ពិភពលោកហាក់សម្ដែងការព្រួមបារម្ភយ៉ាងខ្លាំង ចំពោះការធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប៉ុន្ដែជាការឆ្លើយតបរបស់កូរ៉េខាងជើងថា ខ្លួនចង់ស្វែងរកសន្ធិសញ្ញាសន្ដិភាពជាមួយប្រទេសមហាអំណាចដូចជា អាមេរិក ចិន ជប៉ុន និងកូរ៉េខាងត្បូងជាដើម តែបើគ្មានការចុះសន្ធិសញ្ញានេះទេ ខ្លួននឹងបន្ដធ្វើតេស្តនុយក្លេអ៊ែរបន្ថែមទៀត៕

កិច្ចពិភាក្សា ស្ដីពីការ ហាមឃាត់ មិនឲ្យធ្វើ តេស្តនុយក្លេអ៊ែរ ទំនងជាធ្វើ ឡើងក្នុងខែមេសា