ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ « ក្រុមហ៊ុន​ធានា​រ៉ាប់រង​ក្នុងស្រុក​កំពុង​តែ​សង្ឃឹមថា នឹង​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ទិញ​សេវា​ធានា​រ៉ាប់រង​តាម​អន​ឡាញ​របស់​ខ្លួន​តាម​រយៈ​បណ្តាញ​កុំព្យូទ័រ និង​ឧបករណ៍​ចល័ត​នៅ​ដើមឆ្នាំ​នេះ » ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​មន្ត្រីជាន់ខ្ពស់​នៅ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​នេះ​បាន​ប្រាប់​កាសែត​មី​យ៉ា​ន់​ម៉ា​ថែម​ស៍ ។

អគ្គនាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ធានា​រ៉ាប់រង IKBZ លោក Nay Myo Aung បាន​មាន​ប្រសាសន៍​ថា ៖ « ក្រុមហ៊ុន​របស់​លោក​មាន​ផែនការ​ផ្តល់​សេវា​ធានា​រ៉ាប់រង​អន​ឡាញ​នៅ​ក្នុង​ខែមករា​នេះ គឺ​អតិថិជន​អាច​ចុះ​ឈ្មោះ​បាន​តាម​រយៈ​ទូរស័ព្ទ​ចល័ត ដែល​នឹង​អនុវត្ត​នៅ​ពីរ​ទៅ​បី​ខែ​ខាង​មុខ​ទៀត » ។

លោក​ជឿជាក់​ថា ៖ « ក្រុមហ៊ុន IKBZ នឹង​ក្លាយជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ដំបូង​គេ​បំផុត ដែល​ផ្តល់​សេវាកម្ម​តាម​អន​ឡាញ ជា​ជាង​ការ​ផ្តល់​តាម​រយៈ​តាម​ខ្សែបណ្តាញ​សាខា ។ ក្នុង​នោះ​ដែរ ក្រុមហ៊ុន​មាន​សាខា​ធំ​១ និង​មាន​១៤​សាខា​ទៀត​ដែល​មាន​ទីតាំង​ផ្សេង​ៗ​គ្នា  » ។

លោក Nay Myo Aung បន្ត​ទៀត​ថា​៖ « ក្រុមហ៊ុន​ក៏​បាន​ផ្តល់​គោលការណ៍​ធានា​រ៉ាប់រង ១១​ប្រភេទ​ផ្សេង​ៗ​គ្នា​រួម​មាន ធានា​រ៉ាប់រង​លើ​អាយុជីវិត ធានា​រ៉ាប់រង​លើ​អគ្គិភ័យ ធានា​រ៉ាប់រង​លើ​គ្រោះថ្នាក់​ចរាចរណ៍ ជាដើម ។ ជាមួយ​គ្នា​នេះ​ដែរ ប្រភេទ​ធានា​រ៉ាប់រង​លើ​អគ្គិភ័យ គឺ​ទទួល​បាន​ប្រជាប្រិយភាព​ច្រើន​ជាងគេ » ។

ចំណែក​ការ​ធានា​រ៉ាប់រង​សុខភាព ដែល​គ្រប់គ្រង​លើ​ថ្លៃ​ព្យាបាល​ជាមួយនឹង​ការ​ទូទាត់​សរុប​ក្នុង​ករណី​ស្លាប់​ដោយ​ចៃដន្យ គឺជា​គោលការណ៍​ថ្មី​បំផុត​របស់​ក្រុមហ៊ុន ។
ទោះជា​យ៉ាងណា ឧស្សា​- ហ​កម្ម​សេវា​ធានា​រ៉ាប់រង​សុខភាព​មានការ​លំបាក​មួយ ដោយសារ​តែ​ខ្វះខាត​នូវ​តារាង​គណនា​ច្បាស់លាស់​ដើម្បី​វាស់​ស្ទង់​ពី​ហានិភ័យ ។ ចំណែក​កត្តា​លំបាក​មួយទៀត គឺ​ការ​ខ្វះខាត​ការ​វិនិយោគ​សម្រាប់​ឲ្យ​ក្រុមហ៊ុន​សម្លឹង​មើល​ចំណូល​រយៈពេល​វែង​លើ​ទ្រព្យសកម្ម ។

លោក Nay Myo Aung បន្ថែម​ថា ៖ « ពួក​យើង​មិន​អាច​បោះទុន​វិនិយោគ​ច្រើន​ពេក​ទេ ព្រោះតែ​ការ​ខ្វះខាត​នូវ​មូលធន​ទីផ្សារ ។ កិច្ចប្រជុំ​លើក​ទី​មួយ​បាន​ចេញផ្សាយ​ជា​សាធារណៈ​លើក​ដំបូង​លើ​ផ្សារ​ហ៊ុន​ទីក្រុង​យ៉ាង​ហ្គោ​ន​នៅ​ចុងឆ្នាំ​នេះ គួរតែ​ផ្តល់​នូវ​ប្រភព​ថ្មី​នៃ​ការ​វិនិយោគ​ដ៏​មាន​សក្តានុពល ហើយ​យើង​នឹង​វិនិយោគ​លើ​ភាគហ៊ុន​នា​ពេល​អនាគត » ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​ធានា​រ៉ាប់រង​ឯកជន ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដំណើរការ​នៅ​លើ​ទីផ្សារ​ចាប់តាំងពី​ឆ្នាំ​២០១៣​មក ខណៈ​ដែល​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ផ្តាច់មុខ​របស់​មី​យ៉ា​ន់​ម៉ា ត្រូវ​បាន​បិទ ។ បច្ចុប្បន្ន​នេះ មី​យ៉ា​ន់​ម៉ា​មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ចំនួន​១១ រួម​បញ្ចូល​ទាំង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មី​យ៉ា​ន់​ម៉ា​ផង​ដែរ ៕