បង្ក្រាប​ជនបរទេស​រស់នៅ​ខុសច្បាប់​លើទឹក​ដី​ខ្មែរ​មិនចេះ​អស់​

​នៅ​ចុងឆ្នាំ​២០១៥ និង​ដើមឆ្នាំ​២០១៦​នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់​ទៅលើ​ជនបរទេស​រស់នៅ​និង​ធ្វើ​ការងារ​លើទឹក​ដី​ខ្មែរ​ដោយ​ខុសច្បាប់ ហើយ​ចាប់បញ្ជូន​ត្រឡប់​ទៅ​ស្រុក​វិញ ក្នុងនោះ​ជាង​៩០​ភាគរយ​ជា​ជនជាតិ​យួន​។ បើទោះបី​ការចាប់ខ្លួន​ជនបរទេស​រស់នៅ​លើទឹក​ដី​ខ្មែរ​ខុសច្បាប់​បញ្ជូន​ត្រឡប់​ទៅ​ស្រុក​វិញ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​ជាក់ស្តែង​ជនបរទេស​រស់នៅ​និង​ធ្វើការ​ខុសច្បាប់​លើទឹក​ដី​ខ្មែរ នៅតែមាន​ចំនួន​ច្រើន​និង​បន្ត​ហូរ​ចូល​ឥតឈប់ឈរ​។ ដោយហេតុថា សមត្ថកិច្ច​តាម​ច្រកព្រំដែន​នៅតែមាន​ភាព​ធូររលុង​ក្នុងការ​អនុញ្ញាត​ឲ្យ​ជនបរទេស ជាពិសេស​ជនជាតិ​យួន​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​ខ្មែរ​យ៉ាងច្រើន​ដដែល​។

កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ សមត្ថកិច្ច​នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន​ជនបរទេស​ចំនួន​៧៣​នាក់ មាន​១០​សញ្ជាតិ​ដែល​រស់នៅ​ខុសច្បាប់​លើទឹក​ដី​ខ្មែរ ហើយ​ត្រៀម​បណ្ដេញ​ចេញពី​ស្រុក​ខ្មែរ​។ ប្រភពពី​សមត្ថកិច្ច​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​នោះបាន​ឲ្យ​ដឹងថា ក្នុងចំណោម​ជនបរទេស​ទាំង​៧៣​នាក់​រួមមាន ជនជាតិ​យួន​៥៣​នាក់ ជនជាតិ​នី​ហ្សេ​រី​យ៉ា​៧​នាក់ ជនជាតិ​អង់គ្លេស​២​នាក់ ជនជាតិ​កូរ៉េ​១​នាក់ ជនជាតិ​ហូ​ឡង់​២​នាក់ ជនជាតិ​សេ​រ៉ា​ឡេ​អូន​១​នាក់ ជនជាតិ​អាល្លឺម៉ង់​២​នាក់ ជនជាតិ​ប៉ា​គី​ស្ថាន​១​នាក់ ជនជាតិ​ឥណ្ឌា​១​នាក់ និង​ជនជាតិ​កាណាដា​១​នាក់​។ បច្ចុប្បន្ននេះ​ជនបរទេស​ទាំង​៧៣​នាក់​(​ស្រី​១៦​នាក់​)​កំពុង​ឃាត់ខ្លួន​នៅ​កន្លែង​ត្រៀម​បណ្ដេញចេញ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្តន៍​ច្បាប់​និង​ធ្វើការ​បណ្ដេញ​ចេញពី​ស្រុក​ខ្មែរ​។

​មជ្ឈដ្ឋាន​នានា​បាន​កត់សម្គាល់ថា ក្នុងចំណោម​ជនបរទេស​ទាំងអស់​ដែល​ចូលមក​រស់នៅ​និង​ធ្វើ​ការងារ​ខុសច្បាប់​ច្រើនជាងគេ គឺ​ជនជាតិ​យួន បើទោះបី​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បង្ក្រាប​យ៉ាងណា​ក៏​មិនចេះ​អស់​ដែរ​។ ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​មួយចំនួន​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​នគរបាល​អ​គ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ចាត់វិធានការ​ត្រួតពិនិត្យ​នៅតាម​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​យួន​នៅក្នុង​ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ធំ និង​ព្រះវិហារ​ផងដែរ ព្រោះ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា កម្មករ​យួន​បម្រើ​ការងារ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​យួន បាន​ឆ្លងដែន​ចូល​ទឹកដី​ខ្មែរ​ខុសច្បាប់​។ ជាងនេះទៅទៀត​នៅ​តំបន់​ផ្សារ​ចាស់ ផ្សារកណ្ដាល និង​ច្បារអំពៅ​ជាដើម គឺជា​ទីតាំង​ដែល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ គួរ​ធ្វើការ​ស្រាវជ្រាវ​និង​ចាត់វិធានការ​លើ​ជនជាតិ​យួន​ដែល​ចូលមក​រស់នៅ​ខុសច្បាប់​លើទឹក​ដី​ខ្មែរ​ផងដែរ​៕

khada0358