ដើម​ច្បោះ​ជ័រ​របស់​ជនជាតិដើម​ភាគតិច​នៅ​ស្រុក​កែវ​សីមា កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ដើម​ច្បោះ​ជ័រ​របស់​ជនជាតិដើម​ភាគតិច​ក្នុង​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ជាពិសេស​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ធំៗ​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ប្រធាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច អាចធ្វើ​សកម្មភាព​កាប់​ដើម​ច្បោះ​ជ័រ​ដែលជា​មុខរបរ​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​អារច្រៀក​ដឹកជញ្ជូន​យ៉ាង​ពេញបន្ទុក​។ ការបំផ្លាញ​ដើម​ច្បោះ​ជ័រ​របស់​ជនជាតិដើម​ភាគតិច​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ពួកគាត់​គួរ​ឲ្យ​ព្រួយបារម្ភ ព្រោះ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ឡើយ​។

សេចក្ដីរាយការណ៍​ពី​ជនជាតិដើម​ភាគតិច​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ដើម​ច្បោះ​ជ័រ​របស់​ពួកគាត់​ក្នុងព្រៃ​សហគមន៍​នានា​ដែល​ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ជាពិសេស​ដើម​ឈើទាល​កំពុង​រង​ការកាប់​រំលំ​ជា​បន្តបន្ទាប់​។ ឈ្មួញ​ធំៗ​មាន​លុយ មានអំណាច បាន​ប្រើប្រាស់​កម្មករ​និង​ម៉ាស៊ីន​អារឈើ​ឲ្យ​ចូលទៅ​ធ្វើ​សកម្មភាព​កាប់រំលំ និង​អារច្រៀក​ដើម​ច្បោះ​ជ័រ​របស់​ជនជាតិដើម​ភាគតិច​តាម​អំពើ​ចិត្ត​។ មួយរយៈ​ពេល​ចុង​ក្រោយនេះ ដើម​ច្បោះ​ជ័រ​ជាច្រើន​ដើម​នៅ​ចំណុច​ត្រពាំង​ដៃខ្លា​កំពុង​ប្រឈម​នឹង​ការកាប់​រំលំ​ជា​បន្តបន្ទាប់ ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច លោក សំ​រ៉ង ឌី​វិចិត្រ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

ថ្មីៗ​នេះ​ប្រជា​សហគមន៍​បានធ្វើ​ការឃាត់​រថយន្ត​បង្កុង​២​គ្រឿង​ដែល​ចូល​កាប់​ដើម​ច្បោះ​ជ័រ​នៅ​ចំណុច​ត្រពាំង​ដៃខ្លា​យកទៅ​ប្ដឹង​មន្ត្រី​ជំនាញ ប៉ុន្តែ​មន្ត្រី​ជំនាញ​ទាំង​រដ្ឋបាល​ព្រៃឈើ​និង​បរិស្ថាន មិន​ចាត់វិធានការ​តាម​ពាក្យបណ្ដឹង​របស់​ប្រជា​សហគមន៍​នោះទេ​។ សូម្បីតែ​មេឃុំ​ចុង​ផ្លាស់ លោក លាភ លឹម​គុណ ក៏បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​ករណី​ឈ្មួញ​ធំៗ​ប្រើប្រាស់​កម្មករ​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី និង​កាប់រំលំ​ដើម​ច្បោះ​ជ័រ​របស់​ជនជាតិដើម​ភាគតិច​នោះដែរ​។ មជ្ឈដ្ឋាន​នានា​រិះគន់ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា ក៏ដូចជា​លោក សំ​រ៉ង ឌី​វិចិត្រ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ​កាប់​ឈើ​ខុសច្បាប់ ទើប​បណ្ដោយ​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​សូម្បីតែ​ដើម​ច្បោះ​ជ័រ​ជា​មុខរបរ​ប្រចាំថ្ងៃ​របស់​បងប្អូន​ជនជាតិដើម​ភាគតិច​ក៏​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ដែរ​៕

WAT-12016 WAT-12014 WAT-12015 WAT-12013