ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

* អ្នកមាន​ម្នាក់ «​មាន​ទាំង​ប្រាក់ មាន​ទាំង​ឥទ្ធិពល​» ដែល​មាន​បញ្ហា​ជាមួយ​កញ្ញា​ឆើតឆាយ​ម្នាក់ ភ្ញាក់ផ្អើល​ពាសពេញ​ក្នុង​ពិភព​គុន កន្លង​មក​នោះ ស្រាប់តែ​ពេល​នេះ ស្ងាត់​សូន្យឈឹង​ដូច​ចោរលួច​សេះ បន្ទាប់​ពី​ចាប់ខ្លួន​អ្នកមាន​នោះ​ដាក់​ពន្ធនាគារ ។

* ពិតមែន​ស្ងាត់ឈឹង​មែន ប៉ុន្តែ​ពាក្យស្លោក​មួយ​ពោល​ថា «​ឃើញ​ទឹក​ស្ងប់ កុំ​ថា​ក្នុង​ទឹក​អត់​ត្រី​» ។ នៅ​ក្នុង​ទឹកដែល​ស្ងប់​នោះ មាន​ត្រី​តូច ត្រី​ធំ​ បោល​ប្រសាច​អត់​ហ៊ាន​ងើប​ឱ្យ​ទឹក​រញ្ជួយ​ឡើយ ។

* ប្រភព​ពី​ពន្ធនាគារ និង​ប្រភព​ពី​អ្នក​ជិតដិត​មួយ​បាន​បង្ហើប​ដោយ​លាក់លៀម​ថា កញ្ញា​ឆើតឆាយ​ដែល​ជា​អ្នក​រង​គ្រោះ​ដោយ​ផ្ទាល់​នោះ បាន​ទទួល​ប្រាក់​សំណង​ថ្លៃ​ទាត់​ធាក់​នោះ​បាន​មួយ​យួរ​ធ្ងន់​ដៃ​រួច​ហើយ និង​ទៅ​សំងំ​បើកហាង​រកស៊ី​យ៉ាង​រំភើយ​ទៀត​ផង អត់​ហ៊ាន​រំលឹក​ការ​ឈឺចាប់​ពី​អតីតកាល​ឡើយ ។

* រីឯ​អ្នកមាន​ប្រាក់ មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​ម្នាក់​នោះ ពិតមែន​មានឈ្មោះ​ថា «​ជាប់គុក​» ប៉ុន្តែ​មានឱកាស​នៅ​ក្នុង​មន្ទីរពេទ្យ «​ដេក ស្រួល ស៊ី​ស្រួល​» ច្រើន​ជាង​នៅ «​ក្នុង​គុក​» ។

* សម័យនេះ គ្មាន​អ្វី​ធំ​ជាង «​ទេវ​ប្រាក់​» ទេ ។ «​ឆើតឆាយ ក្លាហាន​» យក​ជើងទ្រ​មេឃ​ក៏​ដោយ គេច​មិន​រួច​ពី «​ទ្រ​ទេវ​ប្រាក់​» ឡើយ​... ហេ​!...​ហេ​!