វី ស្រីខួច កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​សង្វៀន​​ក្នុង​​ទ្រុង​ក្រោយ​ផ្ដួល​បារាំង​​ទឹក​ទី២

វី ស្រីខួច កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​សង្វៀន​​ក្នុង​​ទ្រុង​ក្រោយ​ផ្ដួល​បារាំង​​ទឹក​ទី២

កីឡា​ការិនី​ជើង​ខ្លាំង​កម្ពុជា វី ស្រីខួច បាន​បង្ហាញ​ពី​ទំនុក​ចិត្ត​ក្នុង​ការ​ប្រកួត​លើ​សង្វៀន​ដាក់​ទ្រុង​នៅ​ក្រៅ​ប្រទេស បន្ទាប់​ពី​យក​ឈ្នះ​កីឡា​ការិនី​​បារាំង​កាត់​ថៃ Aiyada Verpoest ដោយ​ប្រើ​កណ្ដាប់​ដៃ​ត្រឹម​ទឹក​ទី​២ កម្ម​វិធី Full Metal Dojo នៅ​ខេត្ត​ភូកេត​កាល​ពី​ថ្ងៃ​ទី១០។

 

វី ស្រីខួច កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​សង្វៀន​​ក្នុង​​ទ្រុង​ក្រោយ​ផ្ដួល​បារាំង​​ទឹក​ទី២ស្រី​ខួច វាយ​កីឡាការិនីបារាំង​កាត់​ថៃ

 

បទ​ពិសោធន៍​ប្រកួត​ប្រដាល់​គុន​ចម្រុះ​លើក​ទី២ របស់​កីឡា​ការិនី វី ស្រី​ខួច បាន​ផ្ដួល​ជើង​ខ្លាំង​បារាំង​កាត់​ថៃ Aiyada Verpoest ត្រឹម​ទឹក​ទី២ ដោយ​ប្រើ​កណ្ដាប់​ដៃ​នៅ​ប្រទេស​ថៃ។ ក្រោយ​ជ័យ​ជម្នះ​នេះ ស្រីខួច បាន​និយាយ​ថា៖ «ខ្ញុំ​ដូច​ជា​អត់​ភ័យ​ខ្លាច​​អី​ទៀត​ទេ​ពេល​ប្រកួត​ MMA នៅ​ក្រៅ​ប្រទេស ព្រោះ​អី​ធ្លាប់​មាន​ប្រវត្តិ​ឈ្នះ​អ៊ីចឹង និង​ធ្លាប់​ប្រកួត​សេរី​ជាមួយ​បរទេស​ច្រើន​ដែរ។ ថ្ងៃ​ក្រោយ​ចង់​ចេញ​ទៅ​ប្រកួត​ទៀត ដើម្បី​ឲ្យ​គេ​ស្គាល់​អ្នក​ប្រដាល់​ស្រី​នៅ​​ខ្មែរ​កាន់​តែ​ច្រើន»។

 

កីឡា​ការិនី​ជំនាញ​ប្រើ​កណ្ដាប់​ដៃ​រូប​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា អ្នក​ប្រដាល់​ស្រី​ជនជាតិ​បារាំង​កាត់​ថៃ​ដែល​ខ្លួន​ជួប​ប្រកួត​ជាមួយ​នោះ មិន​មែន​អន់​ឡើយ។ គេ​មាន​កម្លាំង​ខ្លាំង ជា​ពិសេស​ការ​ចាប់​កាច់ ដែល​ធ្វើ​ឲ្យ​ខ្លួន​មិន​អាច​រើ​រួច បាន​​ត្រឹម​ទប់​មិន​ឲ្យ​ដួល​នៅ​ក្រោម​​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​កណ្ដាប់​ដៃ​ខ្លាំង​ជាង​ទើប​អាច​ធ្វើ​ឲ្យ​គេ​ចាញ់​ត្រឹម​ទឹក​ទី២។ ​

 

ស្រីខួច អាច​មាន​ឱកាស​ចូល​រួម​កម្ម​វិធី​ប្រដាល់​ក្នុង​ទ្រុង​​ធំ​ជាង​នេះ បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត​ជាមួយ​បរទេស​លើក​ដំបូង​របស់​ខ្លួន ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​លម្អិត​នៅ​ឡើយ​ទេ។ «គេ​គ្រាន់​តែ​ប្រាប់​ថា វ៉ៃ​ឈ្នះ​អ៊ីចឹង អាច​ប្រកួត​ធំ​ជាង​នេះ​ទៀត ប៉ុន្តែ​មិន​ទាន់​ច្បាស់​ទេ​បង»។ កីឡា​ការិនី​ប្រដាល់​សាកល​ជម្រើស​ជាតិ បញ្ជាក់​ប្រាប់ Sabay៕

 

វី ស្រីខួច កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​សង្វៀន​​ក្នុង​​ទ្រុង​ក្រោយ​ផ្ដួល​បារាំង​​ទឹក​ទី២


អត្ថបទ៖ គង់ វិសាល
រូបភាព៖ Full Metal Dojo