ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​យក​ឯកសណ្ឋាន​ប៉េអឹម​ស្លៀកពាក់​ដើរ​គំរាម​ប្រជាពលរដ្ឋ​

រាជធានី​ភ្នំពេញ​៖​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដើម​គរ​បាន​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​យក​ឯកសណ្ឋាន​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ពាក់​ស័ក្តិ​២​មក​ស្លៀកពាក់​ដើរ​សម្លុត​គំរាម​ប្រជាពលរដ្ឋ​។​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​យប់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្សារ​នាគ​មាស ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។ ជនសង្ស័យ​ឈ្មោះ ហ៊ុន រិ​ទ្ធ អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

​     សមត្ថកិច្ច​ប្រាប់ថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ ខណៈដែល​សមត្ថកិច្ច​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន​ឃើញ​មាន​មនុស្ស​មួយក្រុម ជិះ​ម៉ូតូ​ច្រើន​គ្រឿង​ស្រែក​ដេញ​វាយ​គ្នា​ពេញ​ផ្លូវ ហើយក៏​មាន​បុរស​ម្នាក់​ស្លៀកពាក់​ឯកសណ្ឋាន​ជាម​ន្ត្រី​កងរាជអាវុធហត្ថ ជិះ​ម៉ូតូ​ជ្រុល​ទៅ​ប៉ះ​ជាមួយ​រថយន្ត​ឡិច​ស៊ី​ស​៥៧០​មួយគ្រឿង ពណ៌​ស គ្មាន​ស្លាក​លេខ បើក​ស្រប​ទិស​គ្នា​បណ្តាលឱ្យ​ដួល​ម៉ូតូ ដោយ​ឃើញបែបនេះ​សមត្ថកិច្ច​ល្បាត​ក៏​ចុះ​សួរនាំ​បុរស​ដែល​ស្លៀកពាក់​ឯកសណ្ឋាន ជា​មន្ត្រី​កងរាជអាវុធហត្ថ​នោះ​ថា​មានរឿង​អ្វី​? បុរស​ពាក់​ឯកសណ្ឋាន​ប៉េអឹម​នោះ​ឆ្លើយថា គាត់​ជាម​ន្ត្រី​ប៉េអឹម​ខណ្ឌទួលគោក សូម​សមត្ថកិច្ច​ជួយ​គាត់​ផង ។

​    ​សមត្ថកិច្ច មានការ​សង្ស័យ​ព្រោះ​មិនដែល​ស្គាល់មុខ​ក៏​នាំមក​សួរនាំ​នៅ​ប៉ុស្តិ៍​ផ្សារ ដើម​គរ និង​ទាក់ទង​ទៅខាង​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក ។ ក្រោយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក ចុះមក​ត្រួតពិនិត្យ បុរស​ម្នាក់នេះ​មិនមែនជា​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​ឡើយ ។

​    ​នៅ ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​រូបនេះ​បាន​ឆ្លើយ​សារភាពថា គេ​មិនមែនជា​មន្ត្រី​កងរាជអាវុធហត្ថ​ទេ គឺ​គ្រាន់តែ​ក្លែងបន្លំ​ឯកសណ្ឋាន​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ដើម្បី​ដើរ គំរាម​គេឯង​យកលុយ​ប៉ុណ្ណោះ ហើយក៏​ត្រូវ​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​ឃាត់ខ្លួន រួម​នឹង​ម៉ូតូ​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ មួយគ្រឿង យកទៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​យក​ឯកសណ្ឋាន​ប៉េអឹម​ស្លៀកពាក់​ដើរ​គំរាម​ប្រជាពលរដ្ឋ​