តំណាងរាស្ត្រ CNRP ស្នើសម្តេចតេជោ លុបចោលការវិនិយោគ ផ្លូវជាតិលេខ៤ ឲ្យក្រុមហ៊ុន AZ

ភ្នំពេញ៖ តំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ (CNRP) លោក សុន ឆ័យ ស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា លុបចោលការវិនិយោគ ផ្លូវជាតិលេខ៤ ទៅឲ្យក្រុមហ៊ុន អេហ្សិត អេវេសមិន (AZ) បើទោះជាមានការបន្ធូរបន្ថយនិងអនុគ្រោះសម្រាប់ ប្រជាពលរដ្ឋ នៅតាមបណ្តោយផ្លូវជាតិលេខ៤ នាពេលថ្មីៗនេះ យ៉ាងណាក្តី ។

ក្នុងឱកាសចូលរួមកិច្ចប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន ៣ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នាវិមានរដ្ឋសភា លោក សុន ឆ័យ បានមានប្រសាសន៍ថា ថ្មីៗនេះសម្តេចនាយករដ្ឋមន្ត្រី បានជួយសម្រួល មួយផ្នែកធំពាក់ព័ន្ធនឹងការមិនយកលុយពីរថយន្តរបស់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៤ ជាពិសេស ខេត្តកំពង់ស្ពឺជាដើមនោះ ប៉ុន្តែ ការផ្តល់សិទ្ធិទៅក្រុមហ៊ុន AZ នឹង គឺអត់មានតម្លាភាព អត់មានដេញថ្លៃទេ។

 លោកថា “បើគិតពីចំណូលពីក្រុមហ៊ុននេះ រាល់ឆ្នាំប្រៀបធៀបនឹងអ្វីដែលគាត់សាងសង់ គឺតិចតួចណាស់។ ខ្ញុំយល់ថាការអនុវត្តបែបនេះមិនត្រូវមាន ហើយបើយកល្អ ខ្ញុំសុំស្នើសម្តេចនាយករដ្ឋមន្ត្រីដែរ គឺលុបចោល ព្រោះកិច្ចសន្យាជាមួយក្រុមហ៊ុននេះ អត់មានត្រឹមត្រូវ ការមិនត្រូវ គឺអត់មានដេញថ្លៃ អត់មានតម្លាភាពអត់ មានអីផង”។

 លោក សុន ឆ័យ បានបន្ថែមថា នៅក្នុងប្រទេសជាច្រើន គេមិនយកផ្លូវដែលមានតែមួយគត់ ប្រជាពលរដ្ឋ ត្រូវការប្រើប្រាស់នឹងចុះជា BOT (Build, Operation and Transfer) យកលុយទេ បើក្រុមហ៊ុនចង់រកស៊ី បង្កើតផ្លូវ Express Way ថ្មីមួយទៀតយកលុយទៅ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ បានប្រកាសឲ្យក្រុមហ៊ុន AZ សម្រេច បញ្ឈប់យកកម្រៃ ចំពោះរថយន្តគ្រួសារ និងរថយន្តមន្ត្រីរាជការ ដែលមានទីលំនៅ នៅសងខាងផ្លូវ ជាតិលេខ៤ ហើយដែលកន្លងមកធ្លាប់យកតម្លៃ ១.៨០០រៀល៕

តំណាងរាស្ត្រ CNRP ស្នើសម្តេចតេជោ លុបចោលការវិនិយោគ ផ្លូវជាតិលេខ៤ ឲ្យក្រុមហ៊ុន AZ