រាជរដ្ឋាភិបាល បោះទុនជាង ៦០លានដុល្លារ ទៅក្នុងធនាគារ វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបោះទុនវិនិយោគចំនួន៦២៣ ភាគហ៊ុនស្មើនឹង៦២,៣លានដុល្លារអាម៉េរិក ត្រូវជា០,០៦៣៥ភាគរយ នៃដើមទុនសរុប ដោយកម្ពុជាមានសិទ្ធិ ក្នុងការបោះឆ្នោតសរុបទៅតាមតម្រូវការចាំបាច់ របស់ធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ីនេះផងដែរ។

នេះបើយោងតាម របាយការណ៍ការពិនិត្យលើសេចក្តីព្រាងច្បាប់ ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលបានដោយលោក  ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារ និងសវនកម្ម នៃរដ្ឋសភា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ។

របាយការណ៍ដដែលបន្តថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ស្នើសុំអង្គនីតិបញ្ញត្តិ ពិភាក្សានិងអនុម័ត ស្របពេលដែលកម្ពុជា កំពុងត្រូវការបន្ថែមនូវប្រភពហិរញ្ញវត្ថុ សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន។ការសម្រេចបាន នូវស្ថិរភាពសេដ្ឋកិច្ច ជាមួយនឹងកំណើនជាមធ្យម៧,៧ភាគរយក្នុងមួយឆ្នាំ និងការកាត់បន្ថយភាពក្រីក្រ ប្រមាណជាង១ភាគរយជារៀងរាល់ឆ្នាំ ក្នុងអំឡុងពេលជាង២ទសវត្សរ៍មកនេះ។

ក្នុងបរិការណ៍ ដែលកម្ពុជាកំពុងឈានឡើង ប្រកបដោយមោទនភាព ធ្វើឲ្យទំហំនៃហិរញ្ញប្បទានឥតសំណងនិងឥណទានមានកម្រិត សម្បទានខ្ពស់ពីដៃគូអភិវឌ្ឍន៍ មានការធ្លាក់ចុះមិនអាចឆ្លើយតបទៅនឹង តម្រូវការដ៏ធំធេងរបស់កម្ពុជាទាំងស្រុងបានឡើយ៕

ប្រភពខាងលើបញ្ជាក់ថា ”ដូច្នោះការចូលជាស្ថាបនិករបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី គឺជាជម្រើសដ៏ល្អ និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ គៀរងគរប្រភពទុនបន្ថែមទៀតដើម្បីបំពេញបន្ថែមនូវហិរញ្ញសប្បទាន សម្រាប់អនុវត្តផែនការបង្កើតម៉ាក្រូសេដ្ឋកិច្ចឲ្យមានស្ថិរភាព និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សាធារណៈព្រមទាំងការបង្កើតវិស័យផលិតភាពសេដ្ឋកិច្ចជាដើម”។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀង ស្តីពីការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីនេះ ត្រូវបានរាជរដ្ឋាភិបាល ចុះហត្ថលេខាក្នុងឋានៈជាស្ថាបនិកនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយមាការចូលរួមពីប្រតិភូតំណាង៥៧ប្រទេស ក្នុងនោះមានប្រទេសចំនួន ៥០បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ៕