ម៉ន ចាន់ដារ៉ា ប៉ះ Yort Sing រីឯសុខ សុវណ្ណជួបរឿង សារ័ត្ន សង្វៀន TIFFY ARENA នៅល្ងាចថ្ងៃសៅរ៍

ភ្នំពេញ៖ វគ្គជម្រុះដណ្ដើម ខ្សែក្រវាត់ជើងឯក អធិរាជស៊ីម៉ងត៍អូដ្ឋ ទម្ងន់ ៦០គីឡូក្រាម វគ្គ២នៅលើសង្វៀន TIFFY ARENA របស់TV5 នៅល្ងាចថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០១៦នេះ ក្នុងពូល B មានអ្នកប្រដាល់កម្ពុជា ៣រូប និងអ្នកប្រដាល់ជនជាតិថៃ ១ រូប។ អ្នកប្រដាល់ សុខ សុវណ្ណ សមាគមកីឡា ក្រសួងការពារជាតិសៀមរាប ប៉ះអ្នកប្រដាល់ រឿង សារ័ត្ន ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ចំណែកអ្នកប្រដាល់ជើងខ្លាំងថៃ Yort Sing ប៉ះ ម៉ន ចាន់ដារ៉ា អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក។

សុខ សុវណ្ណ ជាអ្នកប្រដាល់ជើងខ្លាំង និងជាជើងចាស់ក្នុងពិភព ប្រដាល់ក្បាច់បុរាណខ្មែរនេះ ដែលមានស្នៀត ប្រដាល់ល្អ និងមានល្បិចច្រើន នៅលើសង្រៀន ហើយប្រកួតចុងក្រោយវាយ ស្មើជាមួយអ្នកប្រដាល់ថៃ Phach Nam Ek។ រឿង សារ័ត្ន ជាអ្នកប្រដាល់ស្រករក្រោយ ឡើងប្រកួតមិន ដែលចាញ់ឡើយ ហើយមានផ្លែល្អ កណ្ដាប់ដៃ និងស្នៀតជើងទាត់ក៏លឿន ហើយគេវាយទៅ តាមលក្ខណៈបច្ចេកទេស ល្អថែមទៀតផង ។ តែទោះជាយ៉ាងនេះក៏ដោយ ក៏ប្រហែលជាទប់ជាមួយ សុខ សុវណ្ណ មិនបាននោះទេ ដោយសារពុំអាចទប់ជាប់ជាមួយ នឹងការវាយប្រហារដ៏ខ្លាំងក្លារបស់ សុខ សុវណ្ណ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ការជួបគ្នា សារ័ត្ន លើកនេះ សុខ សុវណ្ណ ក៏មិនអាចធ្វេសប្រហែសបានដែរ ។

ចំណែករីឯ អ្នកប្រដាល់ថៃ Yort Sing ជាជើងខ្លាំងម្នាក់ដែរក្នុងទម្ងន់ ៦០គីឡូក្រាមនេះ ធ្លាប់មកប្រកួតនៅ ស្រុកខ្មែរចំនួនជាង ៨ដងហើយ គឺវាយឈ្នះ ៧ដង ចាញ់ ១ ដងនិងស្មើ ១ដង ជាមួយអ្នកប្រដាល់ កម្ពុជាយើង។ Yort Sing ធ្លាប់ឈ្នះ សេក គឹមផៃ ក្លិបខេត្តសៀមរាប ឈ្នះពិន្ទុ ង៉ែត្រ រដ្ឋា ២ដង ឈ្នះ សេក គឹមរួន ក្លិបខេត្តសៀមរាបឈ្នះ ចាន់ ប៊ុនហឿន ក្លិបនិរោធមានជ័យក្នុងទឹកទី២ និងវាយស្មើពិន្ទុជាមួយ ឌុម កែវដា។ ម៉ន ចាន់ដារ៉ា អ្នកប្រដាល់ក្លិប ការិយាល័យទី៥ កងទ័ពជើងគោក។ ម៉ន ចាន់ដារ៉ា ជាអ្នកប្រដាល់ខ្លាំងស្រករក្រោយ មានកាយសម្បទារឹងមាំ មានកម្ពស់ខ្ពស់ ដៃជើងវែង ដែលអំណោយផលល្អដល់ ការប្រើជង្គង់កែង។

ការប្រកួតដណ្ដើម ខ្សែក្រវាត់ជើងឯក អធិរាជស៊ីម៉ងត៍អូដ្ឋទម្ងន់ ៦០គីឡូក្រាមនេះ មានអ្នកប្រដាល់ចំនួន ៨រូប ចូលរួម ប្រកួត ក្នុងនោះអ្នកប្រដាល់កម្ពុជាមាន ៦រូប និង ជនជាតិថៃ ២ រូប ។ ក្នុង៨នាក់នេះ ចែកជាពីរពូលក្នុង១ពូល មាន៤នាក់ ។

ចំពោះអ្នកប្រដាល់ ដែលថិតនៅក្នុងពូលAនោះ មាន ឌុម កែចដា ក្លិបម្កុដរាជសីហ៍,Pich Phanom (ជនជាតិថៃ) , សេក គឹមរួន ក្លិបអង្គរមានជ័យ ខេត្តសៀមរាប និងឆាយ មាស ក្លិបសំរោងកោង ខេត្តបាត់ដំបង៕

ម៉ន ចាន់ដារ៉ា ប៉ះ Yort Sing រីឯសុខ សុវណ្ណជួបរឿង សារ័ត្ន សង្វៀន TIFFY ARENA នៅល្ងាចថ្ងៃសៅរ៍