កូរ៉េខាងត្បូង នឹងធ្វើឲ្យកូរ៉េខាងជើង ឈឺចាប់បំផុត ចំពោះការធ្វើតេស្តនុយ ក្លេអ៊ែរលើកនេះ

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េ ខាងត្បូងលោកស្រី ផាក គឺនហេ នៅព្រឹកថ្ងៃពុធនេះ បានបង្ហាញពី ការប្ដេជ្ញាចិត្តថា នឹងចាត់វិធានការធ្វើឲ្យកូរ៉េខាងជើង ទទួលរងភាព “ឈឺចាប់បំផុត” ទៅនឹងប្រតិកម្ម ជាសកលចំពោះការធ្វើ តេស្ត សាកល្បងអាវុធនុយក្លេអ៊ែរ របស់ខ្លួនជាលើកទី៤។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០១៦ នេះបន្ដទៀតថា លោកស្រី ប្រធានាធិបតី ផាក បានជំរុញឲ្យប្រទេសចិន ដើរតួរយ៉ាងសំខាន់សម្រាប់ ការទទួលយក នូវលទ្ធផលនៃ ដំណោះស្រាយយ៉ាងខ្លាំងក្លាបំផុតនេះ និង គាំទ្រវិធានការ របស់ក្រុមប្រឹក្សា សន្តិសុខ នៃអង្គការសហប្រជាជាតិ ដើម្បីដាក់ទណ្ឌកម្មលើកូរ៉េខាងជើង។

ក្នុងអំឡុងពេលថ្លែងសារនយោបាយលើកញ្ចក់ទូរទស្សន៍ លោកស្រី ផាក បាននិយាយថា កូរ៉េខាងត្បូង នឹងខិតខំប្រឹងប្រែងលើវិស័យការទូត ដើម្បីរកដំណោះស្រាយដ៏ល្អបំផុត ក្នុងនោះរួមទាំងការដាក់ ទណ្ឌកម្មថ្មី ដែលត្រូវបានអនុម័តនៅក្រុមប្រឹក្សាសន្ដិសុខ ដើម្បីផ្លាស់ប្ដូរឥរិយាបថកូរ៉េខាងជើង។

គួរបញ្ជាក់ផងដែរថា លោកស្រី ក៏បានជំរុញមានប្រតិកម្មឆ្លើយតបពីសំណាក់សហគមន៍អន្ដរជាតិដែរ ចំពោះការ សាកល្បងធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង កាលពីសប្ដាហ៍មុននេះ ដែលវាជាការ ព្រួយបារម្ភយ៉ាង ខ្លាំងសម្រាប់សកលលោក៕

កូរ៉េខាងត្បូង នឹងធ្វើឲ្យកូរ៉េខាងជើង ឈឺចាប់បំផុត ចំពោះការធ្វើតេស្តនុយ ក្លេអ៊ែរលើកនេះ