​លោក យឹម សុវណ្ណ លើក​អនុសាសន៍​៤​ចំណុច​ពាក់ព័ន្ធ​ការអនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ នៅថ្ងៃនេះ​បានបញ្ជាក់​នូវ​អនុសាសន៍​៤​ចំណុច​ពាក់ព័ន្ធ​ការអនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​តែងតែមាន​បញ្ហា​តាំងពី​អតីតកាល បច្ចុប្បន្ន និង​ពេលអនាគត​។ ការលើកឡើង​នូវ​អនុសាសន៍​របស់លោក យឹម សុវណ្ណ គឺ​បាន​ធ្វើឡើង​ក្នុង​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្នុងឱកាស​រដ្ឋសភា​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៤ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ដែល​ផ្តួចផ្តើម​បង្កើតឡើង​ដោយ​ប្រទេស​ចិន និង​សេចក្តីព្រាងច្បាប់​ស្តីពី​គណនេយ្យ និង​សវនកម្ម​។​

​ក្នុង​កិច្ចប្រជុំសភា​នៅថ្ងៃនេះ លោក យឹម សុវណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានលើកឡើង​នូវ​អនុសាសន៍​៤​ចំណុច​ពាក់ព័ន្ធ​ការអនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​៖ ទី​១- សិក្សា​ឲ្យ​បាន​ល្អិតល្អន់​គម្រោង​សាងសង់​ផ្លូវថ្នល់ តាម​លក្ខណៈ​បច្ចេកទេស ដោយ​ចៀសវាង ធ្វើ​ផ្លូវ​មិនទាន់បាន​ប្រើ​ផង គាស់​ផ្លូវ​ដាក់លូ និង​ប្រព័ន្ធ​ខ្សែ​ផ្សេងៗ​។ ទី​២- សំអាត​អនាម័យ និង​បរិស្ថាន ចៀសវាង​ទុក​ផ្ទាំង​ថ្ម សំរាម ក​ម្ចេ​ចក​ម្ទី ចោល ក្នុង​ការដ្ឋាន​ដែលនាំអោយ​ប៉ះពាល់​ដល់​សុខភាព និង​ជីវិត​ប្រជាពលរដ្ឋ ។ ទី​៣- ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ ដោយ​ដាក់​ឧបករណ៍ និង ស្លាក​សញ្ញា​សុវត្ថិភាព​ក្នុង​ការដ្ឋាន ។ ទី​៤- ដាក់​បុគ្គលិក​សម្រួល​ចរាចរណ៍​តាម​ការដ្ឋាន​ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ និង​គ្រោះថ្នាក់​ផ្សេងៗ ។​

គួរ​បញ្ជាក់ថា ការអនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​របស់​រដ្ឋាភិបាល​ជាមួយ​ក្រុមហ៊ុន​ឯកជន និង​ក្រុមហ៊ុន​រដ្ឋ​តែងមាន​រឿងអាស្រូវ និង​រង​ការចោទប្រកាន់​ពី​ករណី​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​ដែល​ធ្វើ​ឲ្យ​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​គ្មាន​គុណភាព​តាម​បទដ្ឋាន​បច្ចេកទេស ឬ​ឆាប់​ខូចគុណភាព​បន្ទាប់ពី​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​សាធារណៈ​។ ចំពោះមុខ​បញ្ហា​នេះ ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​តែងតែ​សំណូមពរ​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​គប្បី​ធានា​ឲ្យ​មានការ​ដេញថ្លៃ​ជា​សាធារណៈ និង​មាន​តម្លាភាព​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​របស់​រដ្ឋ ដើម្បី​ទប់ស្កាត់​អំពើពុករលួយ និង​ធានា​ដល់​គុណភាព​សំណង់​ប្រើ​បានយូ​អង្វែង​៕

12439226_845424522242441_2006370296961074837_n