អាជ្ញាធរខេត្ត​បាត់ដំបង ត្រូវ​ពិនិត្យមើល​ករណី​ឈ្មួញ​ចាក់ដី​លើ​អូរ​បុរាណ​នៅ​ស្រុក​ប​វេ​ល ជាបន្ទាន់​

​នៅក្នុង​ខេត្តបាត់ដំបង ដែលមាន​លោក ច័ន្ទ សុផល ជា​អភិបាលខេត្ត លោក ស ថេត ជា​ស្នងការ​នគរបាល​ខេត្ត និង​លោក ប៉ោ វណ្ណៈ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មាន​បញ្ហា​កើតឡើង​ជាច្រើន​ដូចជា ល្បែងស៊ីសង គ្រឿងញៀន អំពើចោរកម្ម និង​ការបំផ្លាញ​រ៉ែ​មាស​នៅ​ស្រុក​ភ្នំព្រឹក​ជាដើម​។ ឥឡូវនេះ​មានរឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ គឺ​ឈ្មួញ​មាន​លុយ​បាន​ចាក់ដី​លុប​អូរ​បុរាណ​រួច​សាងសង់​អាហា​រដ្ឋា​ន​មួយកន្លែង​ក្នុងភូមិ​ខ្នាចរមាស ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។ បញ្ហា​នេះ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង មិនត្រូវ​មើលរំលង​នោះទេ ព្រោះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ខ្នាចរមាស និង​គណៈកម្មការ​អាចា​រ្យ​វត្ត បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​។

​ប្រភពពី​ប្រជាពលរដ្ឋ​ភូមិ​ខ្នាចរមាស បាន​ឲ្យ​ដឹងថា អ្នកចាក់ដី​លុប​អូរ​បុរាណ ហើយ​សាងសង់​អាហារ​ដ្ឋា​ន​ពីលើ​នោះ មានឈ្មោះ ស សៅ អតីត​អាចារ្យ​គណៈកម្មការ​វត្ត​ខ្នាចរមាស ហើយ​បុគ្គល​នេះ​ប្រើ​អំណាច​ចាក់ដី​លុប​អូរ​បុរាណ​សាងសង់​ជា​អាហារ​ដ្ឋា​ន ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ឈ្មោះ ស សៅ បាន​ប្រាប់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ខ្នាចរមាស​ថា ខ្លួន​បាន​សុំច្បាប់​ពី​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​មន្ទីរ​ធនធានទឹក​រួច​ហើយ ទើប​ហ៊ាន​ចាក់ដី​លុប​អូរ​បុរាណ​និង​សាងសង់​អាហារ​ដ្ឋា​ន​នៅលើ​កន្លែង​នោះ​។ បញ្ហា​នេះ​មេឃុំ​ខ្នាចរមាស និង​អភិបាលស្រុក​ប​វេ​ល លោក ទឹម ណា​រ៉េត មិនអាច​ឆ្លើយ​យករួចខ្លួន​បានទេ ព្រោះ​ឈ្មោះ ស សៅ បាន​បញ្ជាក់ថា ខ្លួន​សុំច្បាប់​ពី​មេឃុំ និង​អភិបាលស្រុក​រួចហើយ​។​

ទាក់ទង​នឹង​បញ្ហា​នេះ​លោក ឡុង ផល្គុន ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបង បានបញ្ជាក់​ថា​រឿង​ចាក់ដី​លុប​អូរ​ខាងលើ លោក​មិនបាន​អនុញ្ញាត​នោះទេ ហើយ​មានតែ​ការស្ដារ​បន្ថែម​។ ដូច្នេះ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ នៅក្នុង​រឿង​ចាក់ដី​លុប​អូរ​បុរាណ​ក្នុងភូមិ​ខ្នាចរមាស​នោះ ហើយ​ត្រូវ​វែកមុខ​មន្ត្រី​ខិលខូច​ថ្នាក់ឃុំ ថ្នាក់ស្រុក និង​មន្ត្រី​មន្ទីរ​ធនធានទឹក​ខេត្តបាត់ដំបង ដែល​ជាប់​ពាក់ព័ន្ធ​ផងដែរ​។ ប្រជាពលរដ្ឋ​ភូមិ​ខ្នាចរមាស​និង​គណៈកម្មការ​អាចារ្យវត្ត​ខ្នាចរមាស បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត ចាត់វិធានការ​ស្ដារ​អូរ​បុរាណ​ដែល​គេ​ចាក់ដី​លុប​នោះ​ឡើងវិញ ដើម្បី​កុំ​ឲ្យ​ស្ទះ​ផ្លូវទឹក​ហូរ​និង​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ខ្នាចរមាស​ទាំងមូល​៕

112លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង