លោក ថេ​ង ម៉ុង​ហួន នៅតែ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ​តាម​អំពើ​ចិត្ត​

​ប្រជាពលរដ្ឋ​រស់នៅ​ច្រក​ចាំ​យាម ខេត្តកោះកុង បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ មាន​រថយន្ត​ដឹកជញ្ជូន​ទំនិញ​២​ជាន់​របស់​សៀម បាន​ដឹក​ម៉ូតូ​ទំនើបៗ​ជាច្រើន​ប្រភេទ​ចូល​តាម​ច្រក​ចាំ​យាម​យ៉ាង​រលូន​។ ប្រភព​មិនបាន​បញ្ជាក់​អំពី​ប្រភេទ​ម៉ូតូ​ទំនើបៗ​ដែល​ឈ្មួញ​នាំចូល​គេចពន្ធ​នោះទេ ប៉ុន្តែ​ពួកគាត់​ប៉ាន់ប្រមាណ​ថា ចំនួន​៥០​គ្រឿង​ព្រោះ​១​ជាន់​អាចដាក់​បាន​២៥​គ្រឿង​។ បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​មជ្ឈដ្ឋាន​នានា ហើយ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិនត្រូវ​មើលរំលង​នោះទេ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា ដោយសារ​មានការ​ឃុបឃិត​ពី​លោក ថេ​ង ម៉ុង​ហួន ប្រធាន​ស្នាក់ការ​គយ​ច្រក​ចាំ​យាម ទើប​ឈ្មួញ​អាច​នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ​ចូល​ទឹកដី​ខ្មែរ​យ៉ាង​រលូន ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។ តាម​មន្ត្រី​គយ​តូចតាច​នៅ​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ការដែល​លោក ថេ​ង ម៉ុង​ហួន ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺ​ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​នៅ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​។ ចំណែក​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ក៏​ទំនង​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ដែរ ទើប​បណ្ដោយ​ឲ្យ​លោក ថេ​ង ម៉ុង​ហួន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ដោយ​មិន​ញញើត​ទៅនឹង​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឡើយ​។

ប្រជាពលរដ្ឋ​នៅ​ច្រក​ចាំ​យាម​បាន​ឲ្យ​ដឹងថា ម៉ូតូ​គេចពន្ធ​ដែល​នាំចូល​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦​នោះ ត្រូវបាន​គេ​ដឹកជញ្ជូន​ទៅ​ឃ្លាំង​មួយ​នៅ​ម្ដុំ​ភូមិ​ថ្មី​ជាប់​ព្រំដែន​ច្រក​ចាំ​យាម ហើយ​ផ្ទេរ​ពី​រថយន្ត​សៀម​ដាក់ចូល​រថយន្ត​ខ្មែរ​នៅក្នុង​ឃ្លាំង​តែម្តង​។ បញ្ហា​នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ផងដែរ ព្រោះ​ករណី​ឈ្មួញ​នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ​តាម​ច្រក​ចាំ​យាម ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ស្ធឹ​ក​សន្ធាប់​។ ជាមួយគ្នានេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​អំពើពុករលួយ​របស់លោក ថេ​ង ម៉ុង​ហួន មេ​គយ​ច្រក​អន្តរជាតិ​ចាំ​យាម​ផងដែរ ព្រោះ​មន្ត្រី​គយ​រូបនេះ​បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ​ជាច្រើនលើក​ច្រើនសា​មកហើយ​៕

Kun Nhemលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ