សម្តេច ហេង សំរិន ចេញ​សេចក្តីសម្រេច ស្តីពី បែបបទ​វិធាន​នៃ​ការតាំង​សំនួរ និង​ការបំភ្លឺ​នៅ​រដ្ឋសភា​

ភ្នំពេញ: សេចក្តីសម្រេច របស់​រដ្ឋសភា ចុះហត្ថលេខា​ដោយ​សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា ស្តីពី បែបបទ នីតិវិធី និង​វិធាន នៃ​ការតាំង​សំណួរ ចម្លើយ និង​ការបំភ្លឺ​នៅ​រដ្ឋសភា មាន​គោលបំណង​កំណត់​ពី​បែបបទ នីតិវិធី និង​វិធាន​នៃ​ការតាំង​សំណួរ ចម្លើយ និង​ការបំភ្លឺ​នៅ​រដ្ឋសភា ដែល​មានចែង​ក្នុង​មាត្រា ៨៩ មាត្រា ៩៦ មាត្រា​៩៧ នៃ​រដ្ឋធម្មនុញ្ញ និង​ប្រកាស ៣២ ប្រការ ៣៣ ថ្មី ( ពីរ ) ប្រការ ៣៤ ថ្មី នៃ​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​។ ក៏ប៉ុន្តែ​សេចក្តីសម្រេច​ថ្មី​នេះ មិន​អនុវត្ត​ចំពោះ​ញត្តិបន្ទោស ដែល​មានចែង​ក្នុង​មាត្រា ៩៨ ថ្មី នៃ​រដ្ឋធម្មនុញ្ញ និង​ប្រការ ៣៥ ថ្មី នៃ​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​ទេ​។​

​សេចក្តីសម្រេច​នោះ បាន​កំណត់ថា ការតាំង​សំណួរ ចម្លើយ និង​ការបំភ្លឺ នៅ​រដ្ឋសភា ត្រូវធ្វើ​តាមរយៈ​ប្រធានរដ្ឋសភា​។ តំណាងរាស្ត្រ មាន​សិទ្ធិ​ដាក់​សំណួរ​ដល់​រាជរដ្ឋាភិបាល​។ សំណួរ​នេះ ត្រូវ​សរសេរ​ជា​លាយលក្ខណ៍អក្សរ ប្រគល់ជូន​តាមរយៈ​ប្រធានរដ្ឋសភា​។ ចំណែក​ចម្លើយ ( របស់​រដ្ឋាភិបាល ) អាចធ្វើ​ឡើង​ដោយ​រដ្ឋមន្ត្រី​មួយរូប ឬ​ច្រើន​រូប អាស្រ័យ​ដោយ​បញ្ហា ដែល​បានលើកឡើង ពាក់ព័ន្ធ​នឹង​ការទទួលខុសត្រូវ​រប​ស់​រដ្ឋមន្ត្រី​មួយរូប ឬ​ច្រើន​រូប​។ បើ​បញ្ហា​ពាក់ព័ន្ធ​ដល់​នយោបាយ​ទូទៅ​របស់​រាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រី​ត្រូវ​ឆ្លើយ​ផ្ទាល់ខ្លួន​។​

​សេចក្តីសម្រេច​ដដែល លើកឡើងថា បើ​សំណួរ ចំ​លើ​នាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី ឬ​តំណាង​ក្នុងករណី​នាយករដ្ឋមន្ត្រី មានធុរៈ ត្រូវ​មក​ឆ្លើយ​សំណួរ​នៅ​រដ្ឋសភា​។ បើ​សំណួរ ចំ​លើ​សមាជិក​រាជរដ្ឋាភិបាល​រូប​ណា សមាជិក​រូបនោះ ត្រូវ​មក​ឆ្លើយ​សំណួរ នៅ​រដ្ឋសភា​។ ចម្លើយ​របស់​រដ្ឋមន្ត្រី ឬ​របស់​នាយករដ្ឋមន្ត្រី អាចធ្វើ​ដោយផ្ទាល់​មាត់ ឬ​សរសេរ​ជា​លាយលក្ខណ៍អក្សរ​។ ចម្លើយ​នេះ ត្រូវធ្វើឡើង ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ បន្ទាប់ពី​បានទទួល​សំណួរ​។ ក្នុងករណី​ចម្លើយ មិនអាច​ធ្វើបាន​ក្នុង​រយៈពេល​ខាងលើនេះ នាយករដ្ឋមន្ត្រី ឬ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​មក​រដ្ឋសភា ដោយ​កំណត់ពេល​ជាក់លាក់​។​

​សេចក្តីសម្រេច ក៏បាន​កំណត់ថា ចំពោះ​ចម្លើយ​ផ្ទាល់មាត់ ប្រធានរដ្ឋសភា អាច​សម្រេច​បើក​ឲ្យ​មាន ឬ​មិន​ឲ្យ​មាន​ការជជែក​ដេញដោល​។ បើ​គ្មាន​ការបើក​ឲ្យ​ជជែក​ដេញដោល​ទេ នោះ​ចម្លើយ​របស់​រដ្ឋមន្ត្រី ឬ​នាយករដ្ឋមន្ត្រី នឹង​បញ្ចប់​សំណួរ​តែម្តង​។ បើ​មាន​ការបើក​ឲ្យ​ជជែក​ដេញដោល ម្ចាស់​សំណួរ វាគ្មិន​ឯទៀត និង​រដ្ឋមន្ត្រី​ពាក់ព័ន្ធ ឬ​នាយករដ្ឋមន្ត្រី អាច​ជជែក​ប្តូរ​យោបល់ ក្នុង​រយៈពេល ដែល​មិនអាច​លើសពី​មួយពេល​ប្រជុំ​ឡើយ​។ ប្រធានរដ្ឋសភា អាច​បញ្ឈប់​តំណាងរាស្ត្រ មិន​ឲ្យ​មានមតិ​បន្តទៀត ក្នុងករណី​ណាមួយ ដូចខាងក្រោម​៖ និយាយ​លើស​ពេលវេលា​កំណត់ និយាយ​ចាក​ប្រធានបទ និយាយ​ដោយ​ប្រើពាក្យ​សំដី​បណ្តាល​ឲ្យ​មាន​បរិយាកាស​អាប់​អូរ​នៅក្នុង​រដ្ឋសភា​។​

​សេចក្តីសម្រេច ក៏បាន​កំណត់ថា តំណាងរាស្ត្រ​ម្ចាស់​សំណួរ ត្រូវបាន​អនុញ្ញាត​ឲ្យ​និយាយ​ក្នុង​រយៈពេល ៥ នាទី​យ៉ាងយូរ ព្រមទាំង​ហាម​និយាយ​ប៉ះពាល់​ដល់​កិត្តិយស​ប្រធានរដ្ឋសភា និង​តំណាងរាស្ត្រ ជាដើម​។ រីឯ​ចម្លើយ​ផ្ទាល់មាត់​របស់​រដ្ឋមន្ត្រី ត្រូវ​ឆ្លើយ​ឲ្យ​ចំ​សំណួរ សង្ខេប​ខ្លី និង​ច្បាស់លាស់​។ ក្នុងសម័យ​ប្រជុំ​នីមួយៗ រដ្ឋសភា កំណត់ទុក​រយៈពេល​មួយថ្ងៃ ក្នុង​មួយ​សប្តាហ៍ គឺ​ថ្ងៃ​ព្រហស្បតិ៍ សម្រាប់​ការតាំង និង​ការឆ្លើយ​សំណួរ​។ ចម្លើយ​ផ្ទាល់មាត់​របស់​រដ្ឋមន្ត្រី សម្រាប់​សំណួរ​នីមួយៗ មាន​រយៈពេល ២០ នាទី យ៉ាងយូរ លើកលែងតែ​ករណី​ចាំបាច់ ដែល​ត្រូវមាន​ការអនុញ្ញាត​ពី​ប្រធានរដ្ឋសភា​។ រីឯ​ចម្លើយ​ផ្ទាល់មាត់​របស់​នាយករ​ដ្ឋ​មន្ត្រី មិនមាន​កំណត់​រយៈពេល​ទេ​។ នាយករដ្ឋមន្ត្រី ក៏​អាចធ្វើ​សេចក្តីថ្លែងការណ៍​ពាក់ព័ន្ធ​នឹង​កម្មវិធី​នយោបាយ ឬ​អំពី​បញ្ហា ដែលមាន​សារសំខាន់ នៅ​រដ្ឋសភា នៅ​ថ្ងៃ​ណាមួយ តាម​ពេលវេលា​សមស្រប​៕​

សម្តេច ហេង សំរិន ចេញ​សេចក្តីសម្រេច ស្តីពី បែបបទ​វិធាន​នៃ​ការតាំង​សំនួរ និង​ការបំភ្លឺ​នៅ​រដ្ឋសភា​

សម្តេច ហេង សំរិន ចេញ​សេចក្តីសម្រេច ស្តីពី បែបបទ​វិធាន​នៃ​ការតាំង​សំនួរ និង​ការបំភ្លឺ​នៅ​រដ្ឋសភា​

សម្តេច ហេង សំរិន ចេញ​សេចក្តីសម្រេច ស្តីពី បែបបទ​វិធាន​នៃ​ការតាំង​សំនួរ និង​ការបំភ្លឺ​នៅ​រដ្ឋសភា​

សម្តេច ហេង សំរិន ចេញ​សេចក្តីសម្រេច ស្តីពី បែបបទ​វិធាន​នៃ​ការតាំង​សំនួរ និង​ការបំភ្លឺ​នៅ​រដ្ឋសភា​