លោក យឹម សុវណ្ណ ស្នើឲ្យមាន ការពិនិត្យ ច្បាស់លាស់ ចំពោះក្រុមហ៊ុន មកដេញថ្លៃ គម្រោងរបស់ រាជរដ្ឋាភិបាល

ភ្នំពេញ៖ សមាជិកសភា គណបក្សសង្គ្រោះជាតិ (CNRP) លោក យឹម សុវណ្ណ បានស្នើទៅកាន់ រាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងស៊ើបអង្កេតឲ្យ បានច្បាស់លាស់ ចំពោះក្រុមហ៊ុន ទាំងឡាយណា ដែលមកដាក់ពាក្យ ស្នើសុំដេញថ្លៃ គម្រោងនានា របស់រាជរដ្ឋាភិបាល ព្រោះកន្លងមកមាន ក្រុមហ៊ុនក្លែងក្លាយ មកចូលរួមដេញថ្លៃ ផងដែរ។

ថ្លែងក្នុងសម័យប្រជុំរដ្ឋសភា នីតិកាលទី៥ នៃអណត្តិទី៥ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ អ្នកនាំពាក្យគណបក្ស លោក យឹម សុវណ្ណ បានលើកឡើងថា ការដាក់ឲ្យដេញថ្លៃ ធ្វើយ៉ាងម៉េចឲ្យ មានក្រុមហ៊ុនពិតប្រាកដចូលដេញថ្លៃ កុំឲ្យមានការ បង្កើតក្រុមហ៊ុនក្លែងក្លាយ ២-៣ ដាក់ឲ្យដេញថ្លៃ ស៊ុគ្រលំគ្នា ព្រោះកន្លងមក គឺមានអីចឹង។

លោកថា “មានបង្កើតក្រុមហ៊ុនចូល ទៅដេញថ្លៃច្រើនមែន ៣-៤ក្រុមហ៊ុនមែន តែសុទ្ធតែពួកគាត់ទាំងអស់ ហើយគាត់ ខ្សឹបគ្នារួចស្រេចហើយ ដេញថ្លៃអីប៉ុន្មានគា ត់ខ្សឹបគ្នារួចស្រេចហើយ តែទីបំផុតរាជរដ្ឋាភិបាល នៅតែទទួលគម្រោងនេះថ្លៃ ហើយគម្រោងនេះ គឺកាលណាគាត់ចែកចំណេញ គ្នាច្រើនពេកទៅ ចំណែកឲ្យគាត់ខ្លះទៀត វាធ្វើឲ្យប្រសិទ្ធភាព ក្នុងការគ្រប់គ្រងគម្រោង ហ្នឹងថយចុះ”។

លោក យឹម សុវណ្ណ បានបន្ថែមថា បញ្ហានេះបច្ចុប្បន្ននៅ តែមាននៅឡើយទេ ជាពិសេសក្នុងគម្រោង ហេដ្ឋារចនាសម្ព័ន្ធ គឺស្រួលក្នុងការឃុបខិតគ្នា។ “អាហ្នឹងខ្ញុំសុំផ្តល់គំនិតជាស្ថាបនាទេ ព្រោះខ្ញុំឃើញការខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ហើយយើងមានគំនិតដូចគ្នា”។

សូមបញ្ជាក់ថា ការអនុញ្ញាតឲ្យក្រុមហ៊ុនទាំងឡាយ ចូលរួមដេញថ្លៃក្នុងគម្រោងនានា របស់រាជរដ្ឋាភិបាល ក្នុងឆ្នាំ២០១៥កន្លងទៅ មានការល្អប្រសើរច្រើន ដូចជាគម្រោងដាក់ ឲ្យដេញថ្លៃរបស់ក្រសួងរ៉ែ និងថាមពល ទៅលើការវិនិយោគរ៉ែ ខ្សាច់ ឃើញថាមានការល្អប្រសើរ និងទទួលបានជោគជ័យ៕