ឯកអគ្គ រាជទូត កម្ពុជា ប្រចាំ អូស្រ្តាលី និង ណូវែលសេឡង់ ជួយសម្រួល ការពន្យា លិខិតឆ្លង ដែនដល់ ប្រជាពលរដ្ឋ

ភ្នំពេញ៖ លោក កុយ គួង ឯកអគ្គរាជទូត វិសាមញ្ញនិង ពេញសមត្ថភាព កម្ពុជា ប្រចាំអូស្រ្តាលី និងណូវែលសេឡង់ នៅព្រឹកថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៦នេះ បានអះអាងថា ដើម្បីជួយសម្រួលដល់ការ ពន្យាលិខិតឆ្លងដែន ជូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅ ក្នុងប្រទេសអូស្រ្តាលី និងណូវែលសេឡង់ ស្ថានទូតសម្រេចតម្រូវ ឲ្យប្រជាពលរដ្ឋទាំងនោះ គ្រាន់តែផ្ញើលិខិតឆ្លងដែន និងស្រោមសំបុត្រ សំរាប់ផ្ញើត្រឡប់ទៅវិញ ក្នុងស្រោមសំបុត្រផ្ញើមក ស្ថានទូតជាការស្រេច។

លោក បានសរសេរនៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក នាព្រឹកថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០១៦ថា កន្លងមកនេះ មានប្រជាជនខ្មែរមួយចំនួន ពិបាកបំពេញពាក្យសុំសេវានានា ពីស្ថានទូត ជាពិសេស ការពន្យាលិខិតឆ្លងដែន ដែលធ្វើឱ្យគាត់នៅតែចំណាយ ថវិកាជាច្រើនអោយក្រុមហ៊ុន ឯកជន ជួយបំពេញពាក្យ សុំទាំងនេះ បើទោះជាស្ថានទូតមិនយកកំរៃ អ្វីទាំងអស់ក៏ដោយ ។

លោកបានបន្ថែមថា “ដោយហេតុនេះ ស្ថានទូតសម្រួល បែបបទចំពោះ ការពន្យាលិខិតឆ្លងដែន ដូចខាងក្រោម គ្រាន់តែផ្ញើលិខិតឆ្លងដែន និងស្រោមសំបុត្រសំរាប់ ផ្ញើត្រឡប់ទៅវិញ ក្នុងស្រោមសំបុត្រផ្ញើមក ស្ថានទូតជាការស្រេច”។

កន្លងមកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងនៅក្នុង សន្និបាតគណៈកម្មាធិការ កណ្តាលលើកទី៣៩ គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ៩-១០ មករា ថា នឹងដកមន្រ្តីទូតកម្ពុជា ប្រចាំនៅក្រៅប្រទេស ដែលអសកម្មក្នុងការបំពេញភារកិច្ច ដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ ។

ប៉ុន្តែដោយឡែកសម្រាប់លោក កុយ គួង វិញបានបំពេញការងារ បានយ៉ាងខ្ជាប់ខ្ជួន ដោយមានស្មារតីទទួល ខុសត្រូវខ្ពស់ ក្នុងនាមប្រមុខការទូតកម្ពុជា ក្នុងប្រទេសទាំងពីរ មិនឲ្យប្រជាលរដ្ឋ និងថ្នាក់ដឹកនាំខកបំណងឡើយ៕

ឯកអគ្គ រាជទូត កម្ពុជា ប្រចាំ អូស្រ្តាលី និង ណូវែលសេឡង់ ជួយសម្រួល ការពន្យា លិខិតឆ្លង ដែនដល់ ប្រជាពលរដ្ឋ