លោក​អូបាម៉ា​នឹង​បង្ហាញ​ទស្សនវិស័យ​សុទិដ្ឋិនិយមនៅ​ក្នុង​សុន្ទរកថា​ស្តី​ពី​ស្ថានភាព​សហព័ន្ធ

លោក​អូបាម៉ា​នឹង​បង្ហាញ​ទស្សនវិស័យ​សុទិដ្ឋិនិយមនៅ​ក្នុង​សុន្ទរកថា​ស្តី​ពី​ស្ថានភាព​សហព័ន្ធ

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា នៅ​ក្នុង​ការថ្លែងសុន្ទរកថា​ស្តី​ពី​ស្ថានភាព​សហព័ន្ធ។​

នៅ​ក្នុង​សុន្ទរកថា​ស្តី​ពី​ស្ថានភាព​សហព័ន្ធ​ចុង​ក្រោយ​បង្អស់​របស់​លោក​ប្រធានាធិបតី​ស.រ.អា. បារ៉ាក់ អូបាម៉ា​ មាន​ប្រសាសន៍​ថា​លោក​ចង់​បង្ហាញ​ទស្សនវិស័យ​សុទិដ្ឋិនិយម​របស់​លោក​សម្រាប់​ស.រ.អា. មិន​មែន​សម្រាប់​តែ​រយៈពេល​ពេល​ប៉ុន្មាន​ខែ​ទៀត​ដែល​លោក​ស្ថិត​នៅ​ក្នុង​តំណែង​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​សម្រាប់​រយៈពេល​ច្រើន​ឆ្នាំ​ត​ទៅ​ទៀត។​

លោក Aru Pande អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ VOA ​ប្រចាំ​សេតវិមាន​មាន​សេចក្តី​ល្អិតល្អន់​បន្ថែម​អំពី​អ្វី​ដែល​សាធារណជន​អាមេរិកាំង​អាច​រំពឹង​ពី​សុន្ទរកថា​នៅ​ថ្ងៃ​អង្គារ​របស់​អគ្គមេបញ្ជាការ​កំពូល​របស់​ពួក​គេ។

លោកប្រធានាធិបតី​មាន​ប្រសាសន៍ថា​ «ចាប់​តាំង​ពី​ពេល​ដែល​ខ្ញុំ​បាន​ចូល​កាន់​តំណែង​កាល​ពី​៧​ឆ្នាំ​មុន​នេះ​នៅ​ពេល​ប្រទេស​អាមេរិក​មាន​វិប​ត្តិ ខ្ញុំ​មិន​បាន​គិត​ថា​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ជាង​មុន​អំពី​ពេល​មួយ​ឆ្នាំ​ទៅ​មុខ​ទៀត​ជាង​នៅ​ពេល​នេះ​ទេ។»

នេះ​ជា​សុទិដ្ឋិនិយមមិនមែន​សម្រាប់តែ​ឆ្នាំ២០១៦​ទេ​ ក៏​ប៉ុន្តែ​សម្រាប់​ពេល​ច្រើន​ឆ្នាំ​ត​ទៅ​មុខ​ទៀត​ដែល​ក្រុម​មន្ត្រី​សេតវិមាន​និយាយ​ថា​នឹង​ត្រូវ​បង្ហាញនៅ​ពេល​លោកប្រធានាធិបតី​អូបាម៉ា​ថ្លែ​ងសុន្ទរកថា​ទៅ​កាន់​ប្រទេស​ជាតិនៅ​ក្នុង​សារ​ចុង​ក្រោយ​បង្អស់​របស់​លោក​អំពី​ស្ថានភាព​សហព័ន្ធ​នៅ​ថ្ងៃ​អង្គារ។​

​មិន​ដូច​កាល​ពី​ឆ្នាំ​ទៅ​មិញ​ទេ​ នៅ​ពេល​ដែល​លោក​អូបាម៉ា​បាន​ដាក់​សំណើ​ជាក់លាក់​ រួម​បញ្ចូល​ការ​ផ្តល់​ការ​សិក្សា​ដោយ​សេរី​នៅ​ក្នុង​មហាវិទ្យាល័យ​សហគមន៍​ និង​បង្កើន​កិច្ច​ការពារ​នៃ​បណ្តាញ​អ៊ីនធឺណិត​។

លោក​ Josh Earnest អ្នក​នាំ​ពាក្យ​សេត​វិមាន​និយាយ​ថា​ នៅ​ឆ្នាំ​នេះ​លោក​ប្រធានាធិបតី​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ទស្សនវិស័យ​ក្នុង​រយៈពេល​យូរ​របស់​លោក​សម្រាប់​ប្រទេស​ជាតិ​ ហើយ​ក៏​ប្រឆាំង​នឹង​ទុទិដ្ឋនិយម​ដែល​គេ​បាន​ឮ​នៅ​ពេល​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​និង​ដែល​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​ការ​ស្ទង់មតិ​សាធារណជន។

លោក Earnest និយាយ​ថា​ «មាន​វោហាសាស្ត្រ​ច្រើន​ដែល​យើង​បាន​ឮ​ពី​ភាគី​ម្ខាង​ទៀត​ដែល​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​លើ​ការ​ភ័យ​ខ្លាច​អំពី​អនាគត​និង​មាន​ការព្រួយបារម្ភ​និង​ការមាន​អសន្តិសុខ​អំពី​ពិភពលោក​ដែល​មាន​ការ​ផ្លាស់ប្តូរ។ការពិត​ជាក់​ស្តែង​គឺ​ថា​ស.រ.អា.មាន​គោលជំហរ​ល្អ​ប្រសើរ​ជាង​ប្រទេស​ជាតិ​ឯ​ទៀតៗ​នៅ​ក្នុង​ពិភពលោក​ក្នុង​ការ​ទាញ​យក​អត្ថប្រយោជន៍​ច្រើន​បំផុត​ពី​ឱកាស​ដែល​មា​ន​នៅ​ពី​មុខយើង។»

ការណ៍​នេះ​មិន​មែន​មាន​ន័យ​ថា​លោកប្រធានាធិបតី​មិន​ចង្អុល​បង្ហាញ​ក្នុង​សុន្ទរកថា​របស់​លោក​អំពី​អ្វី​ដែល​លោក​បាន​ធ្វើ​ឱ្យ​សម្រេច​ចាប់​តាំង​ពី​ពេល​ដែល​លោក​ចូល​កាន់​តំណែង​ក្នុង​ឆ្នាំ​២០០៩នោះ​ទេ ​ដូច​ដែល​លោក​បាន​លាតត្រដាង​នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​សប្តាហ៍​របស់​លោក​កាល​ពី​ពេលថ្មីៗ​បំផុត​នេះ។​

ស្តី​ពី​ស្ថានភាព​ក្នុង​សាកលលោក​ លោកអូបាម៉ា​ទំនង​ជា​នឹង​មាន​ប្រសាសន៍​អំពីជោគជ័យ​ខាង​ការទូត​កាល​ពី​ពេលថ្មីៗ​នេះ​របស់​លោក​នៅ​ក្នុង​ការធ្វើ​ឱ្យ​មាន​ចំណង​ទាក់ទង​គ្នា​ជា​ធម្មតា​ប្រក្រតី​វិញ​ជា​មួយ​ប្រទេស​គុយបា​ (Cuba) ការសម្រេច​កិច្ច​ព្រមព្រៀង​បរមាណូ​មួយ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ និង​ការ​ធ្វើឱ្យ​មាន​ក៏​ប៉ុន្តែ​លោក​សាស្ត្រាចារ្យ​ Matthew Dallek នៃ​សាកលវិទ្យាល័យ​ George Washington និយាយ​ថា​លោក​អូបាម៉ា​ក៏​ទំនង​ជា​នឹង​មាន​ប្រសាសន៍​ដែរ​អំពី​បញ្ហា​ប្រឈម​នឹង​ភេរវកម្ម​ដែល​កំពុង​តែ​មាន​និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម។​

ទោះ​ណា​ជា​មាន​កង្វល់​របស់​សាធារណជន​អំពី​សន្តិសុខជាតិ​ក៏​ដោយ​ ក៏​ពួក​មន្ត្រី​សេតវិមាន​និយាយ​ថា​លោក​ប្រធានាធិបតី​មិន​ដែល​មាន​ការទុកចិត្ត​ច្រើន​ដល់​សមត្ថភាព​របស់​ប្រទេស​ក្នុង​ការ​ទប់ទល់​នឹង​ឧបសគ្គ​នានា​ដូច​ក្នុង​ពេល​នេះ​ទេ​ ដែល​ជា​សារ​មួយ​លោកអូបាម៉ា​នឹង​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជារាស្ត្រ​អាមេរិកាំង​នៅ​ថ្ងៃអង្គារ៕